ព័ត៌មានអន្ដរជាតិ
សមាជិក EU មួយប្រទេស ប្រាប់អ៊ុយក្រែន ឲ្យព្រមកាត់ដីជូនរុស្ស៊ី ដើម្បីចប់សង្គ្រាម
មុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន លោក Robert Fico នាយករដ្ឋមន្ត្រីស្លូវ៉ាគី ដែលជាសមាជិកសហភាពអឺរ៉ុប (EU) បាននិយាយក្នុងសម្ភាសជាមួយទូរទស្សន៍ RTVS កាលពីចុងសប្តាហ៍ថា ទីក្រុងកៀវ ត្រូវតែទទួលស្គាល់ការកាត់ដីមួយចំនួន ដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន POLITICO។

តាមសេចក្តីរាយការណ៍ នាយករដ្ឋមន្រ្តីស្លូវ៉ាគី គ្រោងធ្វើដំណើរនៅថ្ងៃពុធ ទៅកាន់ទីក្រុងព្រំដែន Uzhgorod ដើម្បីជួបជាមួយសមភាគីអ៊ុយក្រែនលោក Denis Shmygal។
លោក Fico និយាយថា មើលទៅ ជម្លោះររវាងក្រុងមូស្គូនិងកៀវ មិនអាចដោះស្រាយតាមរយៈមធ្យោបាយយោធាបានទេ ហើយគួរតែបញ្ចប់ដោយការសម្រុះសម្រួល ប៉ុន្តែវាអាចឲ្យភាគីទាំងសងខាងឈឺចាប់ដែរ។
លោកចោទសួរថា “តើអ៊ុយក្រែនកំពុងចាំអ្វី? ចាំរុស្ស៊ីចាកចេញពី Donbass និង Lugansk ឬចាំពួកគេចាកចេញពី Crimea មែនទេ? រឿងទាំងនេះពិតជាមិនអាចកើតឡើងបានឡើយ”។

សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ត្រូវបានដាក់បញ្ចូលជាផ្លូវការទៅក្នុងរដ្ឋរុស្ស៊ីនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ រួមគ្នាជាមួយតំបន់ Kherson និង Zaporozhye ក្រោយការធ្វើប្រជាមតិ ដែលរៀបចំឡើងនៅក្នុងតំបន់ទាំងនោះរីឯឧបទ្វីប Crimea បានក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ។
នាយករដ្ឋមន្ត្រីស្លូវ៉ាគីបន្ថែមថា ការបន្តប្រយុទ្ធក្នុងជម្លោះដែលផ្ទុះឡើងតាំងតែពីខែកុម្ភៈឆ្នាំ២០២២មក នឹងធ្វើឲ្យទីក្រុងមូស្គូកាន់តែរឹងមាំ។ អ៊ុយក្រែនមិនមែនជាប្រទេសឯករាជ្យអធិបតេយ្យទេ ព្រោះខ្លួនស្ថិតក្រោមឥទ្ធិពលរបស់អាមេរិកទាំងស្រុង។ លើសពីនេះ លោកក៏បានរិះគន់ EU ផងដែរ ដែលបានសាងកំហុសដ៏ធំ ដោយឲ្យអាមេរិកដឹកមុខ ពាក់ព័ន្ធដំណោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ការអះអាងខាងលើ បានបង្កឲ្យមានប្រតិកម្មយ៉ាងខឹងសម្បាពីសំណាក់ទីក្រុងកៀវ ដោយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអ៊ុយក្រែនលោក Aleksandr Merezhko បានទាមទារឲ្យលុបចោល ដំណើរទស្សនកិច្ចរបស់លោក Fico ទៅកាន់ អ៊ុយក្រែន ព្រោះតែសេចក្តីថ្លែងការណ៍ដ៏អាម៉ាស់ ឆ្លងកាត់បន្ទាត់ក្រហម។
សូមជម្រាបថា លោក Fico បានវិលមកកាន់តំណែងជានាយករដ្ឋមន្ត្រីស្លូវ៉ាគី សាជាថ្មីក្នុងខែតុលាឆ្នាំ២០២៣ បន្ទាប់ពីគណបក្សរបស់គាត់ ឈ្នះការបោះឆ្នោត ជាមួយគោលនយោបាយកាត់ជំនួយផ្នែកយោធាដល់ទីក្រុងកៀវ និងស្តារទំនាក់ទំនងជាមួយទីក្រុងមូស្គូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី ជិះយន្តហោះជិត ១៣ ម៉ោងទៅ អាមេរិក ប្រជុំរឿង ភ្លើងសង្គ្រាមនៅអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?