ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សុំក្រុមហាម៉ាសផ្អាកបាញ់បោះដាក់គ្នា ២ ខែយកពេលដោះដូរឈ្លើយសឹក
អ៊ីស្រាអែលបានដាក់ការស្នើសុំទៅដល់ក្រុមហាម៉ាសតាមរយៈអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប អំពីការផ្អាកបាញ់បោះដាក់គ្នារយៈពេល ២ ខែនៅតំបន់ហ្គាហ្សាស្ទ្រីបជាថ្នូរនឹងការដោះលែងឈ្លើយសឹក និងអ្នកទោសដែលសេសសល់ក្នុងដៃទាំងអស់ ។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រព័ត៌មានអាមេរិក Axios នៅថ្ងៃទី២៣ ខែមករានេះ ។

ប្រភពព័ត៌មានដដែលបានចុះផ្សាយដោយដកស្រង់សម្ដីពីមន្ត្រីអ៊ីស្រាអែលដែលសុំមិនបញ្ចេញឈ្មោះថា កិច្ចព្រមព្រៀងដំណាក់កាលដំបូងនេះបង្កប់ន័យលើការដោះលែងបុរសស្ត្រីដែលមានអាយុលើសពី ៦០ ឆ្នាំ និងឈ្លើយសឹកស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដំណាក់កាលបន្តបន្ទាប់គឺលក្ខខណ្ឌដោះលែងទាហាន និងការប្រគល់សាកសពឈ្លើយសឹក ជាថ្នូរនឹងការដោះដូរអ្នកទោសប៉ាឡេស្ទីនដែលជាប់ឃុំនៅទឹកដីអ៊ីស្រាអែល ។
ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មាន Al Jazeera ក៏បានរាយការណ៍ផងដែរថា នេះគឺជាការបន្ទន់ឥរិយាបថមួយចំពោះមន្ត្រីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្រោយពេលមានការចិញ្ចឹមចិត្តជាហូរហែរមកថា អ៊ីស្រាអែលនឹងមិនបន្ថូរដៃ ក៏ដូចជាពន្លត់ភ្លើងសង្គ្រាមជាមួយក្រុមហាម៉ាសនោះទេ ហើយក៏មិនព្រមដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ប្រមាណជា ៦,០០០ នាក់ចេញពីពន្ធនាគាររបស់អ៊ីស្រាអែលនោះដែរ ។

ដោយឡែកយោងតាមការចុះផ្សាយដោយកាសែតអាមេរិក The Wall Street Journal (WSJ) កាលពីខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ធ្លាប់លេចជារូបរាងផងដែរកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីសំណាក់ប្រទេសកាតា និងអេហ្ស៊ីប ប៉ុន្តែវាដំណើរការត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ពោលអស់សុពលភាពកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ខណៈចាប់តាំងពីនោះមក ភ្លើងសង្គ្រាមកាត់តែដុតឆេះរោលរាលសន្ធោរសន្ធៅឡើងៗ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៥,២០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយ ៦៣,០០០ នាក់ផ្សេងទៀតរងរបួស ដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កាសែតអាមេរិក WSJ ៖ ក្រុមហាម៉ាស នៅមានអាវុធពេញដៃបន្តសឹកសង្គ្រាម ជាមួយ អ៊ីស្រាអែល រាប់ខែទៀត

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត