ព័ត៌មានអន្ដរជាតិ
មេទ័ពអង់គ្លេស ប្រាប់ឲ្យរដ្ឋាភិបាលបំពាក់បំប៉នពលរដ្ឋ ត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី
ប្រធានអគ្គសេនាធិការចក្រភពអង់គ្លេស លោក Patrick Sanders បាននិយាយកាលពីដើមសប្តាហ៍ថា រដ្ឋាភិបាលគួរបណ្តុះបណ្តាលនិងបំពាក់បំប៉នជនស៊ីវិល ដើម្បីត្រៀមខ្លួនចូលបម្រើក្នុងជួរកងទ័ព ករណីមានការកែនយកទៅប្រយុទ្ធជាមួយរុស្ស៊ី។ នេះបើតាមការផ្សាយរបស់ Daily Mail។

ទោះបីជាយ៉ាងណាក៏ដោយ ព្រមានបែបនេះមិនបានប៉ុន្មានផង ស្រាប់តែត្រូវលោកនាយករដ្ឋមន្ត្រី Rishi Sunak ចេញមុខមកស្តីបន្ទោសភ្លាមៗ ហើយអះអាងថា អង់គ្លេស គ្មានផែនការរើសទាហានស្អីទៀតទេ។
ក្នុងសុន្ទរកថា នៅឯសន្និសីទរថពាសដែកអន្តរជាតិនាទីក្រុងឡុងដ៍ លោក Sanders និយាយថា ចក្រភពអង់គ្លេស ត្រូវតែពង្រឹងកម្លាំងទ័ពជាបន្ទាន់ឲ្យបានប្រហែល ១២ម៉ឺននាក់ក្នុងរង្វង់ពេលបីឆ្នាំខាងមុខខណៈបច្ចុប្បន្នពង្រឹងបានមិនដល់៧៦០០០នាក់ផង។

ដោយសារតែតួលេខទាបបែបនេះហើយ ទើបលោក Sanders ប្រកាសថា អង់គ្លេសត្រូវតែចាប់ផ្តើមធ្វើកិច្ចការជាតិ ដោយបណ្តុះបណ្តាលនិងបំពាក់បំប៉ន “កងទ័ពប្រជាជន” ដែលអាចប្រយុទ្ធបានក្នុងករណីមានសង្រ្គាមជាមួយរុស្ស៊ី។
មេទ័ពដដែល បានលើកយកប្រទេសស៊ុយអែត ធ្វើជាគំរូដែលចក្រភពអង់គ្លេសគួរធ្វើតាម ដោយលោកកោតសរសើរប្រជាជាតិ Nordic មួយនេះ ព្រោះថាពួកគេមានប្រជាជនត្រឹមតែជាងដប់លាននាក់ប៉ុណ្ណោះ ប៉ុន្តែពួកគេបានដាក់ចេញនូវវិធានការរៀបជើងព្រួល ឲ្យសង្គមជាតិឆ្លើយតបពេលមានសង្គ្រាម។
ការព្រមានខាងលើធ្វើឲ្យគេនឹកឃើញដល់សម្តីរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Grant Shapps ដែលប្រកាសដោយចំហថា ពិភពលោកគួរត្រៀមលក្ខណៈព្រោះអំឡុង៥ឆ្នាំនេះ សង្គ្រាមជាសកលនឹងផ្ទុះឡើងរវាងប្រទេសលោកខាងលិច ជាមួយរុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង។

តាមការចុះផ្សាយរបស់ BBC, លោក Shapps បានអំពាវនាវដល់បណ្តាសម្ព័ន្ធមិត្តរបស់អង់គ្លេស ឲ្យបង្កើនកញ្ចប់ចំណាយយោធារបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ដែលកំពុងកើតឡើង ហើយក៏ប្តេជ្ញាបង្កើនការចំណាយផ្នែកយោធារបស់ចក្រភពអង់គ្លេសបន្ថែមទៀត ក៏ដូចជាប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីធានាសុវត្ថិភាពជូនសម្ព័ន្ធមិត្តនិងមិត្តភ័ក្តិផ្សេងទៀតផងដែរ។
គិតត្រឹមឆ្នាំ២០២៣ បើបូកសរុបបុគ្គលិកក្នុងជួរកងទ័ពជើងគោក ជើងទឹក និងអាកាសអង់គ្លេស មានចំនួន១៨៤ ៨៦៥នាក់ ដែលនេះជាចំនួនទាបបំផុតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមណាប៉ូឡេអុងមក។
ផ្ទុយទៅវិញ រុស្ស៊ីមានទាហានសកម្មជាង ១.១លាននាក់ ដោយក្នុងនោះមានប្រហែល ៦១៧០០០នាក់ ដែលបច្ចុប្បន្នកំពុងប្រយុទ្ធនៅអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោកខាងលិច ព្រមានផ្ទុះសង្គ្រាមជាមួយ ៤ប្រទេស អំឡុង៥ឆ្នាំនេះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ