ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ប្រហារជីវិតឧត្តមសេនីយ៍ផ្កាយមួយ ៣ រូប ក្រោយលើកទង់ ស ចុះចាញ់ក្រុមឧទ្ទាមទ័ពព្រៃ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានផ្ដន្ទាទោសឧត្តមសេនីយ៍ត្រីចំនួន ៦ រូប ក្នុងនោះ ៣ រូបកាត់ទោសប្រហារជីវិត និង ៣ រូបផ្សេងទៀតជាប់គុកអស់មួយជីវិត ដោយសារតែទម្លាក់អាវុធ និងលើកទង់ ស សុំចុះចាញ់សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅទីក្រុង Laukkai ក្នុងរដ្ឋ Shan ភាគខាងជើង ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy កាលពីថ្ងៃទី២៤ ខែមករាកន្លងទៅ ។

យោងតាមប្រភពពីរដ្ឋាភិបាលយោធាបានឲ្យដឹងថា ឧត្តមសេនីយ៍ផ្កាយមួយទាំង ៦ រូបដូចជា លោក Moe Kyaw Thu មេទីបញ្ជាការក្រុង Laukkai, លោក Tun Tun Myint ប្រធានស្តីទីនៃតំបន់គ្រប់គ្រងស្វ័យត Kokang និងលោក Zaw Myo Win មេបញ្ជាការកងពលលេខ ៥៥ ត្រូវបានកាត់ទោសប្រហារជីវិត ខណៈលោក Aye Min Oo, លោក Thaw Zin Oo និងលោក Aung Zaw Lin ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការលេខ ១៤, ១៦ និងលេខ ១២ ត្រូវកាត់ទោសជាប់គុកអស់មួយជីវិតនៅពន្ធនាគារ Insein ក្នុងទីក្រុង Yangon ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Kaung Thu Win ដែលជាអតីតមេទ័ពចូលរួមក្នុងចលនាមិនគោរពច្បាប់ស៊ីវិលបន្ទាប់ពីរដ្ឋប្រហារបានប្រាប់សារព័ត៌មាន The Irrawaddy ថា “ឧត្តមសេនីយ៍ផ្កាយមួយទាំង ៦ រូបត្រូវបានចោទប្រកាន់ក្រោមច្បាប់ទាហានពីបទ “រត់ចោលជួរយ៉ាងអាម៉ាស់” ខណៈកន្លងមកយោធាក៏ធ្លាប់ដាក់ទោសទណ្ឌប្រហារជិវិតលើទាហានរូបណាដែលល្មើសនឹងវិន័យបែបនេះដូចគ្នា ។

ដោយឡែក មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក៏បានប្រាប់សារព័ត៌មាន Popular News Journal ផងដែរថា ច្បាប់ទាហានគ្មានឡើយពាក្យថាអត់ឱនចំពោះមេទ័ពរូបណាដែលទម្លាក់អាវុធ និងលើកទង់ ស សុំចុះចាញ់សត្រូវ ក៏ដូចជារត់ប្រាស់អាយុចោលបន្ទាយទ័ពរបស់ខ្លួន ហើយការដាក់ទោសទណ្ឌដ៏តឹងតែងនេះ គឺមានមុខព្រួញបង្ខាំងមេបញ្ជាការផ្សេងទៀតមិនឲ្យចុះញ៉ម ឬរត់ចោលបន្ទាយទ័ពរបស់ពួកគេតទៅទៀតនោះឡើយ ។
សម្ព័ន្ធបងប្អូន ៣ នាក់ ឬ “Three Brotherhood Alliance” បានប្រកាសពីការវាយដណ្ដើមបានទីក្រុង Laukkai បន្ទាប់ពីទីបញ្ជាការកណ្ដាលរបស់យោធារដ្ឋាភិបាលលនៅក្នុងតំបន់នោះបានលើកទង់ ស និងទម្លាក់អាវុធសុំចុះចាញ់ ហើយតំបន់ទាំងអស់ក្នុងទីក្រុងមួយនេះ បានក្លាយជាទឹកដីដែលលែងមានកងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាទៀតនោះដែរ ។
ជម្លោះប្រដាប់អាវុធរវាងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមឧទ្ទាមទាំងបីបានផ្ទុះមានឡើងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ បើទោះបីជាទីក្រុងប៉េកាំងសម្របសម្រួលបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរក៏ដោយ ខណៈភ្លើងសង្គ្រាមកាន់តែឆេះរោលរាលឡើង នៅពេលកម្លាំងទ័ពជិត ២,៤០០ នាក់ រួមទាំងមន្ត្រីជាង ២០០ នាក់បានសុំចុះចាញ់ក្រុមឧទ្ទាមទ័ពព្រៃនៅទីក្រុង Kokang ដែលមានព្រំប្រទល់ជាប់ប្រទេសចិន រួមជាមួយទីក្រុង Paletwa និងបន្ទាយទ័ពចំនួន ៦ ផ្សេងទៀតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ កន្លងទៅ ។

សរុបមក ក្រុមទ័ពព្រៃទាំងបីនេះដណ្តើមយកបន្ទាយទ័ពជាង ៥០០ កន្លែង និងទីក្រុងចំនួន ១៧ ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពេលដែលការប្រយុទ្ធគ្នាបានរាលដាលដល់ភាគខាងកើត និងភាគខាងលិចនៃប្រទេស ខណៈយោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រជាជនជាងកន្លះលាននាក់ត្រូវបង្ខំចិត្តឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈសមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់ព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ យន្តហោះយោធា មីយ៉ាន់ម៉ា ទៅដឹកទាហានជិត ៣០០ នាក់ដែលភ័យរត់ចូល ឥណ្ឌា ជួបហេតុការណ៍បើកធ្លាក់ផ្លូវ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?