ព័ត៌មានអន្ដរជាតិ
ជនដៃដល់យកដុំថ្មលបវាយពីក្រោយក្បាលសមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ១៥ ដងក្នុងពេល ១០ វិនាទី
សមាជិកសភាមកពីគណបក្សអំណាចប្រជាជន (PPP) ដែលជាបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគឺលោកស្រី Bae Hyun-jin កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃព្រហស្បតិ៍ត្រូវជនដៃដល់មិនស្គាល់អត្តសញ្ញាណមួយរូបយកដុំថ្មលបវាយបែកក្បាលនៅសង្កាត់ Gangnam ភាគខាងត្បូងទីក្រុងសេអ៊ូល ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Korea Times នៅថ្ងៃទី២៦ ខែមករានេះ ។

យោងតាមជំនួយការរបស់សមាជិកសភារូបនេះបានឲ្យដឹងថា អ្នកថ្មើរជើងភេទប្រុសម្នាក់ បានដើរសំដៅទៅរកលោកស្រី Bae ហើយសួរថា “តើអ្នកជាតំណាងរាស្រ្តឈ្មោះ Bae Hyun-jin ពិតមែនទេ?” ហើយមិនទាន់នឹងឆ្លើយតបផង ជនដៃដល់បានយកដុំថ្មទំហំប៉ុនកណ្ដាប់ដៃមនុស្សវាយទៅលើលោកស្រីតែម្ដង ខណៈមូលហេតុមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ។
ចំណែកតាមរយៈខ្សែវីដេអូពីកាម៉េរាសុវត្ថិភាពដែលការិយាល័យរបស់លោកស្រី Bae ផ្ដល់ឲ្យទីភ្នាក់ងារ Yonhap បានបង្ហាញថា ជនដៃដល់បានយកដុំថ្មវាយតំណាងរាស្រ្តវ័យ ៤០ រូបនេះចំនួន ១៥ ដងក្នុងរយៈពេលប្រហែល ១០ វិនាទី រហូតទាល់តែសាក្សីនៅក្បែរនោះចាប់ទាញដៃ និងឃាត់ជនដៃដល់ ខណៈជនដៃដល់ដែលពាក់ម៉ាស ស្លៀកខោខូវប៊យ និងពាក់អាវក្រៅមិនរត់ទៅណានោះទេ រហូតទាល់តែជំនួយការរបស់លោកស្រី Bae ចាប់ឃាត់ខ្លួនប្រគល់ទៅឲ្យប៉ូលិស និងបានសារភាពថា រូបគេមានអាយុ ១៥ ឆ្នាំ ។

ដោយឡែកលោកស្រី Bae បានយកដៃខ្ទប់ឈាម និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunhyang ប៉ុន្តែស្ថានភាពរបស់លោកស្រីគឺមិនគំរាមកំហែងដល់អាយុជីវិតនោះឡើយ ក្រោមការពិនិត្យដោយលោកវេជ្ជបណ្ឌិត Park Sukh-que គ្រូពេទ្យផ្នែកសរសៃប្រសាទរបស់មន្ទីរពេទ្យ ខណៈបច្ចុប្បន្នលោកស្រីកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់អ្នកជំងឺ ។
លោក Park បានប្រាប់អ្នកយកព័ត៌មានថា “បច្ចុប្បន្នសមាជិកសភាបក្សកាន់អំណាចរូបនេះស្ថិតក្នុងស្ថានភាពល្អប្រសើរ ក្រោយដេរមុខរបួសនៅផ្នែកខាងក្រោយក្បាលប្រវែងប្រហែល ១ សង់ទីម៉ែត្រ ប៉ុន្តែមុខរបួសនៅមានសភាពហើមបន្តិច ហើយមិនប៉ះពាល់ដល់ផ្នែកឆ្អឹងក្បាលនោះទេ ។ ទោះយ៉ាងណាក្រុមគ្រូពេទ្យក៏នឹងបន្តតាមដានស្ថានភាពខួរក្បាលរបស់លោកស្រីផងដែរ ដោយសារតែលោកស្រីត្អូញឈឺក្បាល និងមានរបួសសើរស្បែកលើផ្ទៃមុខ និងជុំវិញភ្នែក” ។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី Han Duck-soo បានណែនាំអាជ្ញាធរអនុវត្តច្បាប់បើកស៊ើបអង្កេតលើករណីនេះឲ្យបានហ្មត់ចត់ ហើយបានចាត់ទុកការវាយប្រហារភេរវកម្មប្រឆាំងនឹងអ្នកនយោបាយថាជា “អំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលអង្រួនមូលដ្ឋានប្រជាធិបតេយ្យ” ។ លោកនាយករដ្ឋមន្ត្រីថែមទាំងបានអំពាវនាវឲ្យអាជ្ញាធរយកចិត្តទុកដាក់លើការធានាសុវត្ថិភាពដល់ឥស្សរជនសំខាន់ៗ រួមទាំងសមាជិករដ្ឋសភា និងទប់ស្កាត់ឧក្រិដ្ឋកម្មស្រដៀងគ្នានេះកុំឲ្យកើតមានឡើង នៅមុនការបោះឆ្នោតសកលនាមេសាខាងមុខនេះ ។
គួរបញ្ជាក់ថា ការវាយដុំលើលោកស្រី Bae Hyun-jin ដែលជាអតីតពិធីការិនីនិយាយព័ត៌មានតាមទូរទស្សន៍បានកើតមានឡើងប្រហែល ៣ សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យ (DP) ដែលជាបក្សប្រឆាំងត្រូវជនដៃដល់នាមត្រកូល Kim ហក់ចាក់កញ្ចឹង ក អំឡុងពេលចុះទៅទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍កាលពីថ្ងៃទី២ ខែមករាកន្លងទៅ ៕
សូមទស្សនាវីដេអូ!
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ សមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ត្រូវជនដៃ ដល់អាយុ ១៥ ឆ្នាំយកដុំថ្មវាយបែកក្បាល

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច