ព័ត៌មានអន្ដរជាតិ
មេណាតូថា ការដឹកអាវុធឲ្យ អ៊ុយក្រែន គឺជា “ផ្លូវឆ្ពោះទៅកាន់សន្តិភាព”
“ប្រសិនបើយើងចង់បានសន្តិភាពយូរអង្វែង យើងមានតែផ្តល់អាវុធ និងគ្រាប់រំសេវទៅកាន់ទឹកដីអ៊ុយក្រែនប៉ុណ្ណោះ ហើយការដឹកគ្រឿងសឹកទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវនេះទៀតសោតគឺជា ផ្លូវឆ្ពោះទៅកាន់សន្តិភាព” ។ នេះជាការលើកឡើងរបស់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg និងចុះផ្សាយដោយ គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក, លោក Stoltenberg បានលើកឡើងថា ទោះយ៉ាងណាភ្លើងសង្គ្រាមក៏អាចរលត់ដែរ ប្រសិនបើអ៊ុយក្រែនអស់លទ្ធភាពការពារខ្លួន ប៉ុន្តែនោះមិនមានន័យថា ជាសន្តិភាពនោះទេ ព្រោះវាជាក្ដោបក្ដាប់អំណាចដោយរុស្ស៊ី ។
ការលើកឡើងរបស់ប្រមុខអង្គការណាតូរូបនេះ ស្របពេលដែលសម្ព័ន្ធមិត្តដែលជាម្ចាស់ជំនួយដូចជា បងធំអាមេរិកប្រកាសអស់ជំនួយពីហោប៉ៅផ្ដល់ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវតាំងតែពីចុងឆ្នាំ ២០២៣ មកម្ល៉េះ ក្រោយពេលសំណើដាក់ទៅកាន់សភាដើម្បីសុំថវិកាបន្ថែមប្រមាណ ៦០ លានដុល្លារសម្រាប់ផ្ដល់ទៅឲ្យរដ្ឋបាលលោក Volodymyr Zelensky នៅតែនឹងថ្កល់ ហើយវាក៏ចំពេលពិភពលោកកំពុងដុនដាបផ្នែកសេដ្ឋកិច្ចផងដែរ ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានជះលុយច្រើនជាង ១១០ ពាន់លានដុល្លារក្នុងប្រភេទជំនួយផ្សេងៗគ្នាដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន ចាប់តាំងពីផ្ទុះភ្លើងជាមួយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ខណៈការផ្ដល់ជំនួយយ៉ាងច្រើនកប់ពពកនេះកំពុងទាញឲ្យអាមេរិកខ្លួនឯងបែកបាក់ផ្ទៃក្នុង ក៏ដូចជាឈ្លោះទាស់ទែងគ្នាពីសំណាក់សមាជិកសភាផងដែរ ដោយសារតែប្រធានសភាថ្មីរបស់អាមេរិកគឺលោក Mike Johnson ដែលមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកប្រឆាំងអ៊ុយក្រែន ។
ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មានរុស្ស៊ី Sputnik ក៏បានចុះផ្សាយផងដែរថា ក្នុងរយៈពេល ២ ឆ្នាំមកនេះ ជំនួយទាំងប៉ុន្មានដែលលោកខាងលិចដឹកទៅឲ្យអ៊ុយក្រែនបានវិវត្តន៍ពីគ្រាប់កាំភ្លើងធំ និងការហ្វឹកហ្វឺនទាហាន ទៅជាអាវុធធុនធ្ងន់ រួមទាំងរថក្រោះ ប្រព័ន្ធខែលការពារដែនអាកាសទំនើបៗ គ្រាប់បែកចង្កោម និងមីស៊ីលជាដើម បើទោះជាវិមានក្រឹមឡាំងចេញការព្រមានជាហូរហែប្រឆាំងនឹងការដឹកអាវុធទៅកាន់អ៊ុយក្រែនក៏ដោយ ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងមូស្គូបានដាស់តឿនម្តងហើយម្តងទៀតថា ការផ្គត់ផ្គង់ឧបករណ៍យោធារបស់លោកខាងលិច នឹងមិនមានប្រផ្នូលល្អសម្រាប់អ៊ុយក្រែននោះទេ ពោលវារឹតតែអូសបន្លាយភ្លើងសង្គ្រាមប៉ុណ្ណោះ ហើយលើសពីនេះ យានដែលដឹកគ្រឿងសឹកឲ្យលោក Zelensky ទាំងប៉ុន្មាន គឺជាផ្ទាំងស៊ីបវាយប្រហារស្របច្បាប់សម្រាប់កងទ័ពរុស្ស៊ី ។
គួរបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានស្នើសុំថវិកាពីសភាសហរដ្ឋអាមេរិកប្រមាណ ១០៦ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ក្នុងផែនការផ្តល់ជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែលដែលសុទ្ធសឹងតែជាប់ដៃធ្វើសង្គ្រាមដូចគ្នា ក៏ដូចជាទុកសម្រាប់តដៃក្នុងការប្រឈមមុខជាមួយប្រទេសចិន និងរុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ