Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និងចិន ថ្កោលទោសយ៉ាងណាខ្លះរឿង អាមេរិក ផ្ដក់មីស៊ីលលើប្រទេស​សម្ព័ន្ធមិត្ត អ៊ីរ៉ង់

បានផុស

នៅ

ប្រទេសរុស្ស៊ី និងចិនបានព្រួតដៃគ្នាថ្កោលទោសទៅដល់សហរដ្ឋអាមេរិកចំពោះការបញ្ចេញយន្តហោះទៅផ្ដក់មីស៊ីលលើគោលដៅនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលនេះជាសញ្ញាបង្កើនហានិភ័យនៅក្នុងតំបន់កាន់តែខ្លាំងឡើង ។ នេះបើយោងតាមការចុះផ្សាយដោយសារសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាអំណាចទាំងពីរបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីល្ងាចថ្ងៃចន្ទថា កំពុងទាញតំបន់មជ្ឈិមបូព៌ាឲ្យធ្លាក់ចូលរណ្ដៅ ស្របពេលទីក្រុងមូស្គូក៏បានអះអាងផងដែរថា ការសម្រេចចិត្តរបស់អាមេរិកក្នុងផ្ដក់មីស៊ីលទៅលើសម្ព័ន្ធមិត្តអ៊ីរ៉ង់នាពេលនេះ គឺដើម្បីទាញសំឡេងគាំទ្រនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានចោទប្រកាន់ថា ការទម្លាក់មីស៊ីលនេះ គឺជាការចិញ្ចឹមរបស់សហរដ្ឋអាមេរិកដើម្បី “តំឡើងសាច់ដុំ” របស់ខ្លួន ហើយការវាយប្រហារដែលបានសម្លាប់មនុស្សរាប់សិបនាក់ រួមទាំងជនស៊ីវិលផងដែរនោះ គឺបង្ហាញពីការមិនខ្វាយខ្វល់របស់រដ្ឋបាលលោក Joe Biden ចំពោះច្បាប់អន្តរជាតិ ។ លោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថា កំពុងអូសទាញមហាអំណាចមជ្ឈិមបូព៌ា រួមទាំងប្រទេសអ៊ីរ៉ង់ ឲ្យធ្លាក់ចូលទៅក្នុងជម្លោះនៅក្នុងតំបន់ ។

លោក Vassily Nebenzia

ចំណែកប្រទេសចិនក៏ចេញការថ្កោលទោសចំពោះការវាយប្រហារនេះផងដែរ ។ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំងប្រចាំនៅ UN លោក Zhang Jun លើកឡើងថា សហរដ្ឋអាមេរិកធ្លាប់បានអះអាង មិនស្វែងរកការបង្កើតជម្លោះនៅតំបន់មជ្ឈិមបូព៌ា ឬកន្លែងណាផ្សេងទៀតនោះទេ ប៉ុន្តែតាមពិត វាផ្ទុយស្រឡះទាំងស្រុង ។ ទង្វើយោធារបស់អាមេរិកពិតជាធ្វើឲ្យមានភាពចលាចលថ្មីនៅក្នុងតំបន់នេះ ជាពិសេសធ្វើឲ្យភាពតានតឹងកាន់តែឡើងកម្ដៅផងដែរ ។

ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក៏បាននិយាយផងដែរថា ចិនសូមប្រឆាំងដាច់ខាតរាល់ភាពអុជអាលដែលរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យភាពរបស់ប្រទេសដទៃ ព្រោះថា ប្រទេសស៊ីរី និងអ៊ីរ៉ាក់ គឺជាប្រទេសអធិបតេយ្យភាព ដូច្នេះគ្មានការវាយប្រហារណាមួយទៅលើប្រទេសទាំងនោះឡើយ ។

លោក Wang Wenbin

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រសប្ដាហ៍ដើម្បីសងសឹកនឹងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកលួចវាយឆ្មក់សម្លាប់ទាហានអាមេរិក ៣ នាក់ និងជាង ៤០ នាក់រងរបួសនៅក្នុងប្រទេសហ្ស៊កដានី ខណៈការផ្ដក់មីស៊ីលនៅអ៊ីរ៉ាក់វិញនាំឲ្យមនុស្ស​យ៉ាង​ហោច​ណាស់​ ១៦ ​នាក់​បាន​ស្លាប់​ និង ​២៥​ នាក់​រង​របួស ហើយទាំងរដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ាក់បានថ្កោលទោសចំពោះការរំលោភបំពានរបស់សហរដ្ឋអាមេរិកទៅលើសន្តិសុខអធិបតេយ្យភាពរបស់ពួកគេ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មកស្គាល់ប្រទេសជំពាក់បំណុលសាធារណៈច្រើនជាងគេលើលោកក្នុងឆ្នាំ ២០២៤ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម