ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូទី គំរាមបញ្ឆេះភ្លើងសង្គ្រាមជាមួយ អ៊ីស្រាអែល បើហ៊ានវាយទីក្រុងជាប់ព្រំដែន អេហ្ស៊ីប
ក្រុមហ៊ូទីដែលជាចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់ប្រទេសយេម៉ែនបានប្ដេជ្ជានឹងពង្រីកប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើកងកម្លាំងប្រទេសមួយនេះបញ្ឆេះភ្លើងសង្គ្រាមបន្ថែមទៀតនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ ។

លោក Mohammed Ali Al-Houthi សមាជិកក្រុមប្រឹក្សានយោបាយជាន់ខ្ពស់របស់ក្រុមហ៊ូទីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមនិយាយផ្ដាំផ្ញើទៅកាន់ប្រទេសអ៊ីស្រាអែលថា ប្រសិនបើភ្លើងសង្គ្រាមណាមួយផ្សេងទៀតឆេះឡើងនៅទីក្រុង Rafah ឬតំបន់ហ្គាហ្សា អ្នកគួរតែដឹងហើយថា ប្រតិបត្តិការរបស់យើងនឹងរីកធំទៅតាមនោះ ហើយផ្លូវរបស់យើងក៏រេរតាមនោះដូចគ្នា” ។
ទន្ទឹមនោះ ការព្រមានរបស់សម្ព័ន្ធមិត្តក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសមួយនេះក៏កើតមានឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានបញ្ជាឲ្យកម្លាំងទ័ពរបស់លោករៀបចំផែនការចំនួន ២ ក្នុងការជម្លៀសជនស៊ីវិលចេញពីទីក្រុង Rafah ដើម្បីបើកប្រតិបត្តិការកម្ចាត់សមាជិកក្រុមហាម៉ាសដែលនៅសេសសល់នៅក្នុងតំបន់ហ្គាហ្សា ។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងសាហាវយង់ឃ្នងទៅលើទីក្រុង Rafah ដែលជាកន្លែងសុវត្ថិភាពចុងក្រោយសម្រាប់ពលរដ្ឋហ្គាហ្សាកំពុងជ្រកកោន បើទោះបីជាមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់លោកប្រធានាធិបតីអាមេរិក Joe Biden ចំពោះប្រតិបត្តិការវាយលុកមួយនេះក៏ដោយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សហគមន៍អន្តរជាតិក៏កំពុងមានក្តីបារម្ភអំពីជោគវាសនារបស់ជនភៀសខ្លួនហ្គាហ្សារាប់សែននាក់ដែលកំពុងសំងំរស់នៅក្នុងទីក្រុង Rafah ព្រោះថាទីក្រុងនេះជាកន្លែងមានសុវត្ថិភាពចុងក្រោយបង្អស់ហើយសម្រាប់ពលរដ្ឋហ្គាហ្សាដែលកំពុងរស់នៅយ៉ាងរងទុក្ខវេទនារួចទៅហើយ ចាប់តាំងពីអ៊ីស្រាអែលបានគម្រាមវាយសន្ធាប់តាមដីគោកលើទីក្រុងជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីបមួយនេះ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៨,០០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៦៧,៧០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីរ៉ង់ ព្រមាន អ៊ីស្រាអែល ធ្ងន់ៗថា បើភ្លើងសង្គ្រាមនៅហ្គាហ្សារលត់ លោក Netanyahu ក៏ដល់ទីអវសាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ