ព័ត៌មានអន្ដរជាតិ
មេទ័ពអាល្លឺម៉ង់ ប្រាប់ឲ្យរៀបជើងព្រួល ត្រៀមធ្វើសង្គ្រាមជាមួយរុស្ស៊ី ៥ឆ្នាំខាងមុខ
ក្នុងបទសម្ភាសជាមួយកាសែត Welt am Sonntag ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យទី១១ខែកុម្ភៈ មេទ័ពអាល្លឺម៉ង់ លោក Carsten Breuer បានអះអាងថា រដ្ឋាភិបាលទីក្រុងបែរឡាំង គួរតែរៀបជើងព្រួល ត្រៀមកម្លាំងយោធាចំពោះជម្លោះដែលអាចផ្ទុះឡើងជាមួយរុស្ស៊ី ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

ស្របពេលជាមួយគ្នានោះ លោកបានអំពាវនាវសង្គមជាតិអាល្លឺម៉ង់ លះបង់គំនិតចាស់គំរឹលចោលទៅ ព្រោះប្រទេសជាតិចាំបាច់ត្រូវបង្កើតផែនការទប់ស្កាត់ ដើម្បីត្រៀមខ្លួនឲ្យបានប្រសើរ។ អាល្លឺម៉ង់ អាចធ្លាក់ចូលក្នុងសង្គ្រាមគ្រប់ពេល ខណៈពេលនេះ ការប្រឈមមុខដាក់គ្នាខាងយោធាជាមួយទីក្រុងមូស្គូ បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីបញ្ចប់សង្គ្រាមត្រជាក់មក។
លើសពីនេះ លោកព្យាករថា “តាមរយៈសក្តានុពលគំរាមកំហែងផ្នែកយោធាពីប្រទេសរុស្ស៊ី នោះមានន័យថា យើងអាចផ្ទុះជម្លោះពី៥ទៅ៨ឆ្នាំទៀត។ នេះមិនមែនមានន័យថា សង្គ្រាមច្បាស់ជាផ្ទុះឡើងមែននោះទេ ប៉ុន្តែវាអាច”។

មិនត្រឹមប៉ុណ្ណឹង មេទ័ពរូបនេះ ក៏បង្ហើបផងដែរថា អាចមានការកែនទ័ពជាថ្មីក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែបញ្ហានេះកំពុងស្ថិតលើតុពិភាក្សានៅឡើយ។
ការអត្ថាធិប្បាយរបស់លោក Breuer កើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Boris Pistorius ប្រកាសកាលពីខែវិច្ឆិកាឆ្នាំ២០២៣ថា ប្រទេសនេះ ត្រូវតែក្លាយជា រដ្ឋមានសមត្ថភាពធ្វើសង្គ្រាម ហើយមកដល់ខែមករាឆ្នាំ២០២៤ លោកបានទទូចម្តងទៀតថា ទីក្រុងបែរឡាំង និងអង្គការណាតូទាំងមូល គួរតែបំពាក់អាវុធទំនើបៗ ត្រៀមធ្វើសង្គ្រាមឲ្យហើយទៅ។

ក្នុងខែមករាដដែលនោះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps ក៏អះអាងដែរថា “អំឡុងរយៈពេលប្រាំឆ្នាំនេះ យើងអាចជួបជម្លោះច្រើន រួមទាំងរុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានវាយបកទៅវិញថា មន្ត្រីអឺរ៉ុប កំពុងខិតខំបង្កើតសត្រូវនៅខាងក្រៅ ដើម្បីបង្វែរកុំឲ្យគេចាប់អារម្មណ៍លើបញ្ហាក្នុងស្រុកប៉ុណ្ណោះ។
នៅថ្ងៃបន្ទាប់ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា “គ្មាននរណាចង់បានសង្រ្គាមធំទេ ជាពិសេសទីក្រុងមូស្គូតែម្តង”។ រីឯលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានច្រានចោលការព្រមានរបស់អឺរ៉ុបដែរ ថាជារឿងមិនសមហេតុសមផលទាល់តែសោះ ព្រោះទីក្រុងមូស្គូគ្មានចំណេញអ្វីទេ បើធ្វើសង្គ្រាមជាមួយណាតូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាល្លឺម៉ង់ ថា ទ័ពលោក ពូទីន នឹងវាយលុកអង្គការណាតូ ៥ ទៅ ៨ ឆ្នាំទៀត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ