Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ជិតផលិតបាន វ៉ាក់សាំងប្រឆាំង ជំងឺមហារីក

បានផុស

នៅ

ជាដំណឹងល្អមួយ នៅពេលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសកាលពីថ្ងៃពុធទី១៤ខែកុម្ភៈថា អ្នកវិទ្យាសាស្ត្ររបស់ខ្លួន កំពុងធ្វើការលើវ៉ាក់សាំងប្រឆាំងជំងឺមហារីក និងថ្នាំលេបជំនាន់ថ្មី ដែលពេលនេះជិតផលិតបានហើយ។ នេះបើតាមការចុះផ្សាយរបស់ RT។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយអំពីវិទ្យាសាស្ត្រវេជ្ជសាស្ត្ររុស្ស៊ី នៅឯវេទិកាបច្ចេកវិទ្យាអនាគតក្នុងទីក្រុងមូស្គូ លោកពូទីនបានចង្អុលបង្ហាញថា រុស្ស៊ី បានបោះជំហានដ៏ធំមួយឆ្ពោះទៅរកការប្រឆាំងនិងព្យាបាលជំងឺមហារីកនៅដំណាក់កាលដំបូង ដោយនាំឲ្យអត្រារស់រានមានជីវិតកាន់តែខ្ពស់។

តាមការបញ្ជាក់ពីលោកពូទីន, រុស្ស៊ីជិតបង្កើតបាននូវអ្វីដែលគេហៅថា វ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីក onco-vaccine និងថ្នាំ immunomodulatory ជំនាន់ថ្មីហើយ ហើយ​ក្នុង​ពេល​ឆាប់​ៗ​នេះ វា​នឹង​ត្រូវ​បាន​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាព​ជា​វិធី​ព្យាបាល​មនុស្សទូទៅ។

យោងតាមលោកប្រធានាធិបតី, ជាងពាក់កណ្តាលនៃករណីមហារីកទាំងអស់នៅក្នុងប្រទេសរុស្ស៊ី គឺត្រូវបានរកឃើញនៅដំណាក់កាលដំបូង។ លោកក៏សន្យាបន្តផ្តល់មូលនិធិដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្រ្ត ក្នុងកម្រិតចាំបាច់ផងដែរ។

(រូបថត៖ Tele Trader)

រឿងនេះធ្វើឲ្យគេនឹកឃើញដល់ព័ត៌មានកាលពីខែមុន ដែលថា វ៉ាក់សាំង ព្យាបាលជំងឺមហារីក រកឃើញដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Orbis Health Solution របស់សហរដ្ឋអាមេរិក នឹងបើកចាប់ផ្តើមការពិសោធន៍ដំណាក់កាលទី ៣ និងជាលើកចុងក្រោយ នៅឆ្នាំ ២០២៤ នេះឯង។

លោកវេជ្ជបណ្ឌិត Thomas Wagner ស្ថាបនិកក្រុមហ៊ុន Orbis និងជា អ្នកស្រាវជ្រាវ ជំងឺមហារីក គឺជាអ្នកបង្កើតវ៉ាក់សាំងខាងលើនេះឡើង ដោយអះអាងថា វាជាប្រភេទវ៉ាក់សាំងថ្មីមួយក្នុងការព្យាបាលជំងឺមហារីក ខុសពីវិធីព្យាបាលដោយគីមីសាស្ត្រដែលលោកចាត់ទុកថា ជាវិធីព្យាបាលបែបប្រពៃណី។

(រូបថត៖ ABC News)

លោកប្រាប់សារព័ត៌មាន ABC News ថា សោកនាដកម្មសម្រាប់អ្នកជំងឺមហារីក មិនមែនដោយសារតែរោគវិនិច្ឆ័យជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានចំណែកនៃការព្យាបាលផងដែរ ។ គីមីសាស្ត្រដែលគេប្រើព្យាបាលជំងឺមហារីកនោះ វាមិនត្រឹមតែសម្លាប់កោសិកាមហារីកប៉ុណ្ណោះទេ តែវាក៏សម្លាប់កោសិការផ្សេងៗរបស់មនុស្សផងដែរ ដូច្នេះហើយគេសង្កេតឃើញថា វានាំឱ្យអ្នកជំងឺរងនូវផលប៉ះពាល់ដូចជាជ្រុះសក់ ក្អួតចង្អោរ និងភាពស៊ាំចុះខ្សោយ។

វ៉ាក់សាំង ព្យាបាលជំងឺមហារីកដែលរកឃើញដោយ Orbis គឺមានផលប៉ះពាល់តិចបំផុតដល់អ្នកជំងឺ ព្រោះវាប្រើកោសិកាមហារីកផ្ទាល់ខ្លួនរបស់មនុស្ស ដើម្បីកំណត់ដុំសាច់ក្នុងរាងកាយ និងជំរុញឲ្យប្រព័ន្ធការពាររាងកាយទទួលស្គាល់កោសិកាមហារីកថាជាជំងឺ ដូច្នេះទើបវាអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន។ នេះអាចជាគន្លឹះក្នុងការព្យាបាលជំងឺមហារីកគ្រប់ប្រភេទ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វ៉ាក់សាំងព្យាបាលជំងឺមហារីក កំពុងឈានដល់ដំណាក់កាលពិសោធន៍លើកចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម