ព័ត៌មានអន្ដរជាតិ
ទ័ពរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា បាញ់សម្លាប់ទណ្ឌិតនយោបាយ ២ រូប ហើយយកទៅបូជាស្ងាត់ៗ
កងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះបានបាញ់សម្លាប់អ្នកទោសនយោបាយ ២ រូប រួមទាំងសកម្មជនដ៏ល្បីឈ្មោះគឺលោកស្រី Ma Noble Aye នៅក្នុងមន្ទីរឃុំឃាំងទីក្រុង Waw តំបន់ Bago បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទកាន់អាវុធចូលរួមជាមួយកងកម្លាំងតស៊ូប្រឆាំងរដ្ឋាភិបាល ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Irrawaddy កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ ។

ទាហានរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចាប់ឃុំខ្លួនសកម្មជនដែលមានឈ្មោះបោះសំឡេងរូបនេះ ជាមួយលោក Ko Lay Khwin រស់នៅទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងក្នុងទីក្រុង Waw ដោយចោទប្រកាន់ពីបទកាន់កាប់អាវុធ និងគ្រាប់កាំភ្លើង អំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងយ៉ាំងហ្គោន ។
លោក Ko Htet Myat ដែលជាប្អូនប្រុសរបស់លោកស្រី Ma Noble Aye បានប្រាប់សារព័ត៌មាន Irrawaddy ថា “ចាប់តាំងពីការចាប់ឃុំខ្លួននោះមក មិនមានព័ត៌មានណាមួយបើកបង្ហាញពីទីស្នាក់អាស្រ័យ និងស្ថានភាពរបស់អ្នកទាំងពីរនេះឡើយ ប៉ុន្តែកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ក្រុមគ្រួសាររបស់លោកស្រី Ma Noble Aye ទទួលបានដំណឹងមរណភាពរបស់លោកស្រី តាមរយៈប្រភពពីក្រសួងកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលរួបរួមជាតិ និងតំណាងរាស្រ្តក្នុងតំបន់” ។

ចំណែកលោក Ko Lay Khwin ដែលយោធាចាប់ខ្លួន និងចោទប្រកាន់ក្នុងករណីដូចគ្នាទៅនឹងលោកស្រី Ma Noble Aye ដែរនោះ ត្រូវបានបាញ់សម្លាប់នៅជិតភូមិ Kyaik Lat ពោលតាមផ្លូវត្រឡប់មកពីតុលាការវិញ ក្រោយពេលត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី៨ ខែកុម្ភៈពីបទប៉ុនប៉ងរត់គេចខ្លួន បន្ទាប់ពីសួរចម្លើយនៅបញ្ជាការដ្ឋានកាំភ្លើងធំលេខ ៩០១ ។
ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ កងកម្លាំងការពារប្រជាជនក្រុង Waw បានប្រាប់សារព័ត៌មាន Irrawaddy ថា ទណ្ឌិតទាំងពីរនាក់ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី៨ ខែកុម្ភៈ ហើយកងទ័ពរដ្ឋាភិបាលបានបញ្ជូនសាកសពអ្នកទាំងពីរទៅកន្លែងបញ្ចុះសពរបស់មន្ទីរពេទ្យទីក្រុង Waw និងបូជាដោយស្ងាត់ៗ ។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីយោធាឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានបិទបញ្ចប់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យក្នុងរយៈពេល ១០ ឆ្នាំ ដោយបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ ហើយរបបសឹកក៏បានបើកការបង្ក្រាបលើក្រុមអ្នកប្រឆាំងផងដែរ ។
ទន្ទឹមនោះ រយៈពេល ៣ ឆ្នាំមកនេះ រដ្ឋាភិបាលយោធាក៏កំពុងខ្នះខ្នែងដើម្បីកម្ទេចសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងជើង និងភាគខាងត្បូង ប៉ុន្តែហាក់ដូចជាមិនសមគាប់ដូចបំណងឡើយ ស្របពេលដែលថ្មីៗនេះតំបន់ភាគច្រើនរបស់ប្រទេសក៏ធ្លាក់ចូលកណ្ដាប់ដៃរបស់ក្រុមឧទ្ទាមទ័ពព្រៃទៅទៀត ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មេដឹកនាំពិភពលោកដាក់បន្ទុកលោក ពូទីន ចំពោះករណីស្លាប់មេបក្សប្រឆាំង ខណៈ រុស្ស៊ី ក៏ចេញបកស្រាយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ