ព័ត៌មានអន្ដរជាតិ
លោក ពូទីន ឲ្យកាដូជារថយន្តសេរ៊ីទំនើបដល់បុរសនុយក្លេអ៊ែរ កូរ៉េខាងជើង
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីចុងសប្ដាហ៍កន្លងទៅបានទទួលកាដូជារថយន្តសេរ៊ីទំនើបមួយគ្រឿងពីលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ទុកសម្រាប់ជិះផ្ទាល់ខ្លួន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភៈនេះ ។

ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានកូរ៉េ KCNA ក៏បានរាយការណ៍ដែរថា ជំនួសមុខឲ្យបងប្រុសរបស់ខ្លួន ប្អូនស្រីលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់លោក ពូទីន ហើយលោកស្រីថែមទាំងនិយាយថា កាដូជាទីគាប់ចិត្តមួយនេះ គឺជាការបង្ហាញយ៉ាងមុតមាំអំពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេស រវាងមេដឹកនាំកំពូលទាំងពីរ” ។
ទោះយ៉ាងណា នៅក្នុងសេចក្ដីថ្លែងការណ៍នោះមិនបានបញ្ជាក់ថាតើវាជារថយន្តប្រភេទអ្វីនោះទេ ប៉ុន្តែបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីថា បុរសនុយក្លេអ៊ែររបស់កូរ៉េខាងជើងទទួលបានរថយន្តម៉ាក Aurus ផលិតនៅប្រទេសរុស្ស៊ីផ្ទាល់តែម្ដង ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះទៀតសោត សារព័ត៌មានរុស្ស៊ី TASS ក៏បានរាយការណ៍ដែរថា រថយន្តដ៏ថ្មីស្រឡាងដែលមេដឹកនាំកូរ៉េខាងជើងទទួលបានពីលោក ពូទីន គឺជារថយន្តប្រណិតប្រភេទដំបូលបិទជិត ខណៈមេដឹកនាំរុស្ស៊ីក៏ប្រើរថយន្តប្រភេទនេះផងដែរ ។ ជាក់ស្ដែងកាលពីខែកញ្ញា ឆ្នាំ២០២៣ ពោលនៅពេលដែលលោក គីម ធ្វើទស្សនកិច្ចនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី មេដឹកនាំរូបនេះក៏បានចូលអង្គុយនៅក្នុងរថយន្តដ៏ប្រណិតនោះជាមួយលោក ពូទីន ផងដែរ ។
គួរបញ្ជាក់ថា ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងកាន់តែស្អិតរមួត ចាប់តាំងពីលោក គីម និងលោក ពូទីន បានជួបពិភាក្សាគ្នាកាលពីខែកញ្ញា ឆ្នាំ២០២៣ ខណៈក្នុងជំនួបនោះ បុរសខ្លាំងទាំងពីរបានប្ដេជ្ញាជំរុញការផ្លាស់ប្ដូរគ្នាលើគ្រប់វិស័យ ស្របពេលដែលប្រទេសទាំងពីរស្ថិតក្នុងភាពឯកោជាអន្តរជាតិជុំវិញភ្លើងសង្គ្រាមនៅអ៊ុយក្រែន និងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ