ព័ត៌មានអន្ដរជាតិ
អាមេរិក ថា អំណោយដែលលោក ពូទីន ជូន គីម ជុងអ៊ុន គឺខុសច្បាប់
តាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian, ក្រសួងការបរទេសអាមេរិកអះអាងថា រុស្ស៊ីបានធ្វើខុសច្បាប់ បំពានទណ្ឌកម្មអន្តរជាតិដែលដាក់លើកូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ជូនអំណោយរថយន្តទំនើបមួយគ្រឿងដល់មេដឹកនាំ គីម ជុងអ៊ុន។

នៅពេលសួរអំពីរឿងនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធទី២១ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានអះអាងថា ការដែលលោក ពូទីន ជូនរថយន្ត Aurus ផលិតដោយរុស្ស៊ីទៅឲ្យលោក គីម គឺជាការប្រព្រឹត្តខុស រំលោភលើទណ្ឌកម្មដែលអង្គការសហប្រជាជាតិ ដាក់លើទីក្រុងព្យុងយ៉ាង។
លោកបន្តថា “សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN គឺតម្រូវឲ្យរដ្ឋជាសមាជិក UN ទាំងអស់ ហាមឃាត់ទាំងការផ្គត់ផ្គង់យានជំនិះ និងរថយន្តស៊េរីទំនើបដល់កូរ៉េខាងជើង ហើយប្រសិនបើនេះជាការពិតមែន នេះគឺបង្ហាញជាថ្មីម្តងទៀតថា រុស្ស៊ីកំពុងរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលខ្លួនគាំទ្រ”។

យ៉ាងណា រុស្ស៊ីមិនទុកយូរឡើយ ដោយអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានច្រានចោលការដាក់បន្ទុកនេះភ្លាមៗ ហើយឆ្លៀតឆ្លើយតបទៅការចោទប្រកាន់ស្រដៀងគ្នាពីមន្ត្រីកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារថា “ប្រសិនបើទីក្រុងសេអ៊ូល មានសំណួរអំពីការអនុលោមតាមទណ្ឌកម្មរបស់ UN ប្រឆាំងនឹងកូរ៉េខាងជើង ពួកគេគួរតែទាក់ទងទៅគណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN ទៅ។ ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធលើទីក្រុងសេអ៊ូល ឲ្យបង្អាក់ទំនាក់ទំនងពាណិជ្ជកម្មស្របច្បាប់ជាមួយប្រទេសដទៃហើយ”។

សូមបញ្ជាក់ថា លោកពូទីនបានជូនរថយន្តទៅឲ្យលោក គីម តាំងពីសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែទើបតែធ្លាយព័ត៌មាននៅប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ។
ប្អូនស្រីលោកគីម គឺអ្នកនាង Kim Yo-jong និងជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងដទៃទៀត បានហៅអំណោយនេះថាជា ការបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏ពិសេសរវាងលោក គីម និងលោក ពូទីន។
លោក ពូទីន បានជួបជាមួយលោក គីម កាលពីខែកញ្ញាឆ្នាំមុន នៅតំបន់ចុងបូព៌ារុស្ស៊ី ដោយនៅទីនោះ មេដឹកនាំកូរ៉េខាងជើងបានទស្សនាទីតាំងយោធា និងស៊ីវិលជាច្រើនកន្លែង ហើយប្រមុខរដ្ឋទាំងពីរ ក៏បានទៅស្ថានីយបាញ់បង្ហោះផ្កាយរណប Vostochny ផងដែរ ដែលទីនោះហើយ លោកពូទីន បង្ហាញរថយន្តរដ្ឋម៉ាក Aurus ចំនួនពីរ ដល់លោក គីម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើរថយន្ត Aurus ដែលលោក ពូទីន ជូនមេដឹកនាំកូរ៉េខាងជើង ពិសេសយ៉ាងណាទៅ?

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ