Connect with us

ព័ត៌មានអន្ដរជាតិ

២ ឆ្នាំនៃភ្លើងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ៖ លោក ហ្សេលេនស្គី កាន់តែដុនដាប ឯលោក ពូទីន មានទឹកមាត់លេបច្រើនឡើងៗ

បានផុស

នៅ

រហូតមកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងទីក្រុងមូស្កូបើកប្រតិបត្តិការយោធាពិសេសវាយលុកចូលទីក្រុងកៀវ ដែលបង្កផលប៉ះពាល់យ៉ាងសម្បើមដៃទៅដល់អ៊ុយក្រែនផ្ទាល់ និងពិភពលោកផងដែរ ខណៈបច្ចុប្បន្នភ្លើងសង្គ្រាមមួយនេះក៏មិនទាន់មានសញ្ញាថមថយកម្ដៅនៅឡើយដូចគ្នា ។

  • ២ ឆ្នាំហើយដែលសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន នៅតែឆេះរោលរាល ដូច្នេះតើនៅពេលនេះ ស្ថានភាពសង្គ្រាមមានការប្រែប្រួល ឬវិវត្តយ៉ាងណាដែរហើយ?

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បន្តឆេះរាលដាលរយៈពេល ២ ឆ្នាំហើយ បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យលើកទ័ពចូលវាយលុកទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈភ្លើងសង្គ្រាមមួយនេះក៏មិនទាន់រកឃើញពន្លឺណាមួយមកពន្លត់នោះដែរ ស្របពេលដែលថ្មីៗនេះកងកម្លាំងរុស្ស៊ីក៏ទើបតែវាយដណ្ដើមបានទីក្រុង Avdiivka ភាគខាងកើតអ៊ុយក្រែន ដែលជាជោគជ័យត្រចះត្រចង់មួយទៀត ក្រោយការវាយដណ្ដើមបានទីក្រុង Bakhmut កាលពីឆ្នាំ២០២៣ កន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ក្នុងរយៈពេល ២ ឆ្នាំមកនេះ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏បានដកមេទ័ពកំពូលៗ និងរុះរើរដ្ឋមន្ត្រីមួយចំនួនផងដែរ ជាពិសេសក្រោយបរាជ័យនៅក្នុងប្រតិបត្តិការវាយបករបស់អ៊ុយក្រែនទៅលើរុស្ស៊ីកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ដោយបណ្ដាលឲ្យមានការស្លាប់បាត់បង់ជីវិតទាហានអ៊ុយក្រែនជាច្រើននាក់ និងខ្ទេចខ្ទីសព្វាវុធដែលលោកខាងលិចផ្ដល់ឲ្យជាច្រើនផងដែរ ហើយក្រោយការបាក់ទ័ពរបស់អ៊ុយក្រែននេះហើយ ទើបរុញឲ្យរុស្ស៊ីកាន់តែមានទឹកមាត់លេបបន្ថែមទៀត ។

មានទឹកមាត់លេបនៅត្រង់ថា ការវាយដណ្ដើមបានទីក្រុង Avdiivka គឺដោយសារតែទីក្រុងភាគខាងកើតមួយជាមជ្ឈមណ្ឌលប្រតិបត្តិការ និងផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់កងទ័ពអ៊ុយក្រែន ខណៈរុស្ស៊ីជោគជ័យខ្លាំងមែនទែនោះ គឺអំឡុងខែកញ្ញា ឆ្នាំ២០២២ ពោលរយៈពេល ៦ ខែនៃសង្គ្រាម រុស្ស៊ីបានដាក់បញ្ចូលតំបន់ចំនួន ៤ នៅភាគខាងកើត និងភាគខាងត្បូងរបស់អ៊ុយក្រែនចូលជាទឹកដីស្របច្បាប់របស់ខ្លួន ។

  • ហេតុអ្វីបានជាសុខៗស្រាប់តែរុស្ស៊ីបើកការលុកលុយទៅលើអ៊ុយក្រែន តើមានរឿងពីក្រោយខ្នងអ្វីខ្លះ ហើយហេតុអ្វីបានជាសង្គ្រាមបន្តអូសបន្លាយពេលដល់ ២ ឆ្នាំបែបនេះ?

បើនិយាយពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនគឺមានជាយូរយារណាស់មកហើយ ក្រោយពេលការដួលរលំសហភាពសូវៀតមកម្ល៉េះ ប៉ុន្តែអ្វីដែលក្ដៅកាន់តែខ្លាំងនោះគឺអំឡុងឆ្នាំ ២០១៤ ដែលនៅពេលនោះរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែន និងបានដាក់បញ្ចូលតំបន់គ្រីមៀចូលជាឧបសម្ព័ន្ធរបស់ខ្លួន ។ ប៉ុន្តែនៅពេលនេះ កម្ពុជាថ្មី សូមលើកយកតែរឿងរ៉ាវដែលផ្ទុះឡើងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ។

ដូចបានលើកឡើងហើយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ពូទីន បានបញ្ជាឲ្យលើកទ័ពទៅវាយលុកចូលទីក្រុងកៀវ ហើយហេតុអ្វីបានជារុស្ស៊ីបើកការវាយលុកទៅអ៊ុយក្រែន? ពាក់ព័ន្ធនឹងការលុកលុយដែលលោក ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” កើតមានឡើង បន្ទាប់ពីរុស្ស៊ីលេចឮដំណឹងថា លោក ហ្សេលេនស្គី បានជំរុញប្រធានាធិបតីអាមេរិក ចូ បៃដិន អនុញ្ញាតឲ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូដែលធ្វើឲ្យរុស្ស៊ីក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង ។

ក្ដៅស្លឹកត្រចៀកនៅត្រង់ថា ប្រសិនបើអ៊ុយក្រែនចូលជាសមាជិកណាតូមែននោះ ណាតូនឹងកាន់តែពង្រីកខ្លួនចូលកៀករុស្ស៊ី ជាពិសេសគឺអាមេរិកអាចនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសដែលជាសមាជិកណាតូផ្សេងទៀតដែលជាប់ភូមិផងរបងជាមួយរុស្ស៊ី ដូចជានៅប៉ូឡូញជាដើម ដូច្នេះហើយទោះចង់ ឬមិនចង់ រុស្ស៊ីត្រូវតែវាយប្រហារកាក់ទុកជាមុន ។ ចំណែកឫសគល់មួយទៀត អាចមកពីគោលបំណងរំដោះប្រជាជននៅតំបន់ Donbass ចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងកៀវ ។ រុស្ស៊ីអះអាងថា ប្រជាជនរស់នៅតំបន់ Donbass ដែលនិយាយភាសារុស្ស៊ីរស់នៅយ៉ាងរងទុក្ខវេទនា និងរស់នៅក្រោមគ្រាប់ផ្លោងស្ទើរតែរៀងរាល់ថ្ងៃ ទើបទាញឲ្យរុស្ស៊ីចង់រំដោះតំបន់មួយនេះ និងធ្វើឲ្យតំបន់ក្លាយទៅជាកន្លែងគ្មានយោធាអ៊ុយក្រែន ។

ចំណែកពាក់ព័ន្ធនឹងសំណួរថា ហេតុអ្វីបានជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនចាយពេលដល់ ២ ឆ្នាំបែបនេះ? សូមត្រឡប់ក្រោយបន្តិចថា ភ្លាមៗបន្ទាប់ពីកងទ័ពរុស្ស៊ីចូលលុកលុយអ៊ុយក្រែន រដ្ឋាភិបាលទីក្រុងមូស្គូបានដាក់ចេញយុទ្ធសាស្ត្រចាយពេលត្រឹម ២ ឬ ៣ ថ្ងៃប៉ុណ្ណោះក្នុងការវាយដណ្ដើមយកទីក្រុងកៀវ ប៉ុន្តែអ្វីៗខុសពីការរំពឹងទុកទាំងស្រុង ។ ខុសការគិតនោះគឺនៅត្រង់ថា បច្ចុប្បន្នសង្គ្រាមអូសពេល ២ ឆ្នាំទៅហើយ ស្របពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីក៏បានអះអាងដែរថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចនឹងរាលដាលរហូតដល់ឆ្នាំ ២០២៥ ឯណោះ ។

ហើយការចាយពេល ២ ឆ្នាំមកនេះក៏ដោយសារតែអ៊ុយក្រែនមានការជួយជ្រោមជ្រែងផ្ដល់ជំនួយយោធា ក៏ដូចជាការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីពីសំណាក់សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តអឺរ៉ុបជាដើម ហើយចាប់តាំងពីផ្ទុះភ្លើងសង្គ្រាមរយៈពេល ២ ឆ្នាំមកនេះ អឺរ៉ុបបានទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ១៣ លើកមកហើយ ជាហេតុនាំអ៊ុយក្រែនមានកម្លាំងចិត្តតដៃជាមួយរុស្ស៊ី និងអូសពេលដល់ ២ ឆ្នាំ ហើយអាចនឹងបន្តពេលជាច្រើនទៀតក៏ថាបាន ។

  • ក្នុងរយៈពេល ២ ឆ្នាំមកនេះថាតើទាំងលោក ពូទីន និងលោក ហ្សេលេនស្គី មានជំហរបែបណាដែលចំពោះសង្គ្រាមមួយនេះ?

ពាក់ព័ន្ធនឹងជំហរក្នុងសង្គ្រាមនេះ មេដឹកនាំទាំងពីរសុទ្ធតែមានជំហររៀងៗខ្លួន ។ លោក ពូទីន ដែលនៅតែចាត់ទុកការលុកលុយនេះថាជា “ប្រតិបត្តិការយោធាពិសេស” បានលើកឡើងហើយថា ជំហររបស់រុស្ស៊ីគឺនឹងបន្តសង្គ្រាមនៅអ៊ុយក្រែន លុះត្រាទីក្រុងកៀវយល់ពីកង្វល់សន្តិសុខរបស់ទីក្រុងមូស្គូ ជាពិសេសអ៊ុយក្រែនគួរតែដកចិត្តដកកាយពីការចង់ចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែនទៀតទៅ បើមិនដូច្នេះទេ រុស្ស៊ីនឹងបន្តប្រតិបត្តិការសឹករហូតដល់សម្រេចគោលបំណងរបស់ខ្លួន ។ ជាក់ស្ដែងកាលពីខែកញ្ញា ឆ្នាំ២០២២ រុស្ស៊ីបានដាក់បញ្ចូលតំបន់ចំនួន ៤ របស់អ៊ុយក្រែនដូចជា តំបន់ Donetsk, Luhansk, Kherson និង Zaporiya ចូលជាទឹកដីរបស់រុស្ស៊ីជាផ្លូវការ ជាហេតុធ្វើឲ្យអ៊ុយក្រែននៅមិនសុខឡើយ ។ ទោះយ៉ាងណា លោក ពូទីន នៅតែរក្សាជំហរថា រុស្ស៊ីនៅតែបើកទ្វារចំហចាំសម្រាប់កិច្ចចរចររកសន្តិភាពជាមួយអ៊ុយក្រែន ប៉ុន្តែអ៊ុយក្រែនតែងតែចចេសទាត់ចោលមិនចរចារកសន្តិភាពជាមួយរុស្ស៊ីឡើយ ។

ងាកទៅកាន់ជំហររបស់លោក ហ្សេលេនស្គី វិញ ប្រធានាធិបតីអ៊ុយក្រែនរូបនេះនៅតែក្រែងននៀលមិនចរចារកសន្តិភាពជាមួយរុស្ស៊ីនោះឡើយ ហើយនៅតែចិញ្ចឹមចិត្តបន្តធ្វើសឹកសង្គ្រាមដណ្ដើមទឹកដីដែលខ្លួនបាត់បង់ទាំងប៉ុន្មានត្រឡប់មកវិញ ហើយក្នុងរយៈពេល ២ ឆ្នាំមកនេះ លោក ហ្សេលេនស្គី ដើរកៀរគរ ក៏ដូចជាត្រាច់ចរទៅអាមេរិក ទៅអឺរ៉ុបផង ដើម្បីដើររកជំនួយយោធាពីសម្ព័ន្ធមិត្តយកមកឲ្យកងកម្លាំងរបស់ខ្លួនប្រើប្រាស់លើសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី ដោយសារតែឃ្លាំងអាវុធនៅក្នុងប្រទេសស្ទើរតែអស់សល់បាតទៅហើយ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែនហាក់មិនទាន់ទទួលបានអាវុធពេញដៃនៅឡើយនោះទេ ស្របពេលដែលថ្មីៗនេះលោក Zelensky ក៏បានអះអាងដែរថា អ៊ុយក្រែនមិនមានផែនការ B នោះឡើយ បើអាមេរិក និងសម្ព័ន្ធមិនផ្ដល់ជំនួយថ្មីឲ្យ ពោលមានតែផ្សងព្រេងប្រើអាវុធដែលនៅសល់ទាំងប៉ុន្មាននេះ ។

  • ពាក់ព័ន្ធនឹងសង្គ្រាមនេះទៀតសោត មហាអំណាចដូចជាចិន អាមេរិក និងសម្ព័ន្ធមិត្តអ៊ុយក្រែនផ្សេងទៀត ថាតើប្រទេសទាំងនេះចេញមុខយ៉ាងណដែរ? ហើយអ្វីទៅជាពន្លឺនៃការបញ្ចប់សង្គ្រាមមួយនេះ?

ពិតណាស់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន គឺប៉ះពាល់ទៅដល់អ៊ុយក្រែនខ្លាំងជាងគេ និងពិភពលោកផងដែរ ជាពិសេសប្រទេសមហាអំណាចសេដ្ឋកិច្ចដូចជា ចិន និងអាមេរិកជាដើម ។ ចំពោះចិន ចិនតែងតែអះអាងថា ចិនគឺគោរពបូរណភាពទឹកដី និងអធិបតេយ្យភាពគ្រប់ប្រទេសទាំងអស់ ជាពិសេសតែងតែរក្សា និងមិនលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសផ្សេងឡើយ ហើយចំពោះពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនវិញ ចិនក៏បានដាក់ចេញដំណោះស្រាយសន្តិភាព ១២ ចំណុចលើវិបត្តិនៅអ៊ុយក្រែន ហើយការដាក់ចេញគោលការណ៍សន្តិភាពទាំងនោះគឺចំខួប ១ ឆ្នាំនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដំណោះស្រាយទាំងនោះផ្ដោតសំខាន់លើបទឈប់បាញ់ ការចរចារកសន្តិភាព ការដោះស្រាយវិបត្តិមនុស្សធម៌ ការបញ្ឈប់ការដាក់ទណ្ឌកម្មជាឯកតោភាគី ការការពារជនស៊ីវិល និងអ្នកទោសសង្គ្រាមជា .

ចិនតែងតែជំរុញគ្រប់ភាគីទាំងអស់លើកយកបញ្ហាមកដាក់លើតុចរចាដើម្បីស្វែងរកសន្តិភាព និងគេចចេញពីភ្លក់ភ្លើងសង្គ្រាម ហើយជាក់ស្ដែងភាគីទាំងពីរក៏បានបញ្ជូនគណៈប្រភិភូជួបចរចាប៉ុន្មានលើកផងដែរ ទាំងក្នុងប្រទេសបេឡារុស និងប្រទេសតួកគី ប៉ុន្តែកិច្ចចរចាទាំងអស់សុទ្ធតែមិនទទួលបានផ្លែផ្កាណាមួយឡើយ ។

ចំណែកសម្ព័ន្ធមិត្តខ្នងក្រាស់របស់អ៊ុយក្រែន គឺអាមេរិកវិញ គិតត្រឹមពេលនេះបានជះលុយច្រើនជាង ១១០ ពាន់លានដុល្លារហើយក្នុងប្រភេទជំនួយផ្សេងៗគ្នាផ្ដល់ទៅឲ្យអ៊ុយក្រែន ចាប់តាំងផ្ទុះភ្លើងសង្គ្រាម ២ ឆ្នាំមកនេះ ។ មិនត្រឹមតែជះលុយនោះទេ អាមេរិកថែមទាំងជួយបណ្ដុះបណ្ដាលទាហានអ៊ុយក្រែនឲ្យចេះប្រើអាវុធទំនើបៗដែលលោកខាងលិចផ្ដល់ឲ្យផងដែរ ដែលនេះជាសញ្ញាមួយបង្ហាញថា អាមេរិកអាចលូកដៃចូលក្នុងសង្គ្រាមមួយដោយប្រយោលក៏ថាបាន ។

ប៉ុន្តែជំនួយទាំងប៉ុន្មាននេះហាក់ដូចជាមិនទាន់គ្រប់គ្រាន់ឡើយ ពោលលោក Joe Biden បានស្នើសុំជំនួយប្រមាណ ៦០ ពាន់លានដុល្លារបន្ថែមទៀតទៅឲ្យអ៊ុយក្រែន ប៉ុន្តែសំណើរនេះត្រូវរាំងស្ទះពីការអនុម័តដោយសភា ដោយសារតែប្រធានសភាបច្ចុប្បន្នគឺលោក Mike Johnson គឺជាអ្នកប្រឆាំងអ៊ុយក្រែន ហើយប្រសិនបើកញ្ចប់ជំនួយយោធានៅតែនឹងនៅថ្កល់បែបនេះទៀតនោះ ច្បាស់ណាស់ថា ទីក្រុងអ៊ុយក្រែនជាបន្តបន្ទាប់ទៀតនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃរុស្ស៊ី ហើយអ៊ុយក្រែននឹងដុនដាបកាន់តែជ្រៅក្នុងសង្គ្រាមមួយនេះ ។ ដុនដាបនៅត្រង់ថា រហូតមកដល់ពេលនេះជំនួយសម្រាប់ផ្ដល់ឲ្យអ៊ុយក្រែនគឺនៅនឹងថ្កល់ ប៉ុន្តែរដ្ឋបាលរបស់លោក បៃដិន  បែរជាបេះពីមាត់ពី ក ផ្ដល់ជំនួយជាសព្វាវុធ និងគ្រាប់កាំភ្លើងក្នុងទំហំទឹកប្រាក់ប្រមាណ ១០៦.៦ លានដុល្លារទៅឲ្យអ៊ីស្រាអែលដែលកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាទៅវិញ ហើយនេះក៏ជាសញ្ញាមួយបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងបែកចិត្តពីភ្លើងសង្គ្រាមនៅអ៊ុយក្រែនហើយ ។

ចំណែកពាក់ព័ន្ធនឹងសំណួរសួរថាអ្វីទៅជាពន្លឺនៃការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ឬសង្គ្រាមមួយនេះបញ្ចប់ទៅដោយរបៀបណា? ពិតណាស់ថា បើមានការចាប់ផ្ដើម ហើយក៏មានការបញ្ចប់ដូចគ្នា យោងតាមប្រធានអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិកលោក Charles Brown បានប្រាប់ថា ជម្លោះរវាងប្រទេសទាំងពីរនឹងមិនមែនផុតរលត់ទៅដោយការប្រើកម្លាំងយោធាសុទ្ធសាធនោះទេ ពោលគឺមានតែការចរចា ឬដំណោះស្រាយតាមបែបការទូតប៉ុណ្ណោះ ជាពិសេសអាមេរិកក៏រង់ចាំតែជួយរៀបចំកិច្ចការទាំងអស់ឲ្យអ៊ុយក្រែនផងដែរ ហើយការលើកឡើងនេះក៏ស្របគ្នាទៅនឹងជំហររបស់រុស្ស៊ីផងដែរ ដោយទីក្រុងមូស្គូលើកឡើងថា ការបញ្ចប់ភ្លើងសង្គ្រាមមួយនេះគឺមិនមែនជាការចរចាជាមួយអ៊ុយក្រែននោះទេ គឺរុស្ស៊ីត្រូវតែចរចាផ្ទាល់ជាមួយសហរដ្ឋអាមេរិកតែម្ដង ។

គួរបញ្ជាក់ថា ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ២ ឆ្នាំនៃភ្លើងសង្គ្រាមមួយនេះ ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា ទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិតនៅលើសមរភូមិប្រយុទ្ធក្នុងរយៈពេល ២៤ ខែកន្លងមកនេះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ព្រឹត្តិការណ៍ធំៗ កើតឡើងក្នុងឆ្នាំទី២ នៃជម្លោះ រុស្ស៊ី-អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម