ព័ត៌មានអន្ដរជាតិ
AFP ផ្សាយថា រុស្ស៊ី ជួលជនជាតិ ឥណ្ឌា តម្លៃ ១,២០០ ដុល្លារទៅប្រយុទ្ធនៅ អ៊ុយក្រែន
ជនជាតិឥណ្ឌាត្រូវបានជួលដោយទីក្រុងមូស្គូដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន ដោយមានជំនួយពីអ្នកជ្រើសរើសនៅជុំវិញពិភពលោក ខណៈប្រាក់ខែទទួលបានប្រហែល ១,២០០ ដុល្លារក្នុងមួយខែ បើទោះបីជាគ្មានបទពិសោធខាងយោធាពីមុនមកក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AFP កាលពីថ្ងៃទី២៧ ខែកុម្ភៈ ។

យោងតាមជនជាតិឥណ្ឌាមួយចំនួនដែលត្រូវបានជួលដោយរុស្ស៊ីបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ខាងរុស្ស៊ីបានសន្យាថា ពួកគេមិនមានជាអ្នកសឹកសង្គ្រាមនោះទេ ប៉ុន្តែត្រូវតែបណ្ដុះបណ្ដាលឲ្យចេះប្រើកាំភ្លើង Kalashnikov និងអាវុធផ្សេងទៀត មុនពេលបញ្ជូនទៅអ៊ុយក្រែន ។
ចំណែកប្រាក់ខែគឺទទួលបានប្រហែល ១,២០០ ដុល្លារក្នុងមួយខែ បើទោះបីជាគ្មានបទពិសោធខាងយោធាពីមុនមកក៏ដោយ ហើយជាក់ស្ដែងគេឃើញមានទាំងកសិករបេះផ្លែប៉ោម អ្នកបម្រើតាមក្រុមហ៊ុនអាកាសចរណ៍ និងនិសិត្សបញ្ចប់ការសិក្សាជាដើម សុទ្ធសឹងតែស្ថិតក្នុងចំណោមជនជាតិឥណ្ឌាដែលត្រូវបានជួលដោយរុស្ស៊ី ។

ទន្ទឹមនោះ អ្នកបកប្រែជនជាតិឥណ្ឌាម្នាក់ដែលធ្វើការនៅក្នុងមជ្ឈមណ្ឌលជ្រើសរើសទាហាននៅទីក្រុងមូស្គូបានប្រាប់អ្នកកាសែត AFP នៅទីក្រុងញូវដេលីថា កន្លែងរបស់គាត់គឺជាបណ្តាញចុះឈ្មោះមួយនៅទូទាំងប្រទេសរុស្ស៊ី ហើយលោកបានមើលការខុសត្រូវផ្ទាល់លើការចុះឈ្មោះរបស់ពលរដ្ឋឥណ្ឌាចន្លោះពី ៧០ ទៅ ១០០ នាក់ ខណៈជនជាតិនេប៉ាល់មានចំនួនច្រើនជាងនេះ ។
ទាំងរុស្ស៊ី និងអ៊ុយក្រែនមិនដែលនិយាយថា មានជនបរទេសប៉ុន្មាននាក់កំពុងបម្រើក្នុងជួរយោធារបស់ពួកគេនោះទេ ខណៈអ្នកវិភាគនៅស្ថាប័ន International Crisis Group បាននិយាយថា ក្រុងមូស្គូបានជួលអ្នកប្រយុទ្ធបរទេសរាប់ពាន់នាក់ ក្នុងនោះរាប់រយនាក់មកពីប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់ ហើយបាននិងកំពុងព្យាយាមជ្រើសរើសទាហានស៊ីឈ្នួលនៅអាហ្វ្រិកផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោងតាមក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា ពលរដ្ឋឥណ្ឌាមួយចំនួនបានចុះឈ្មោះសម្រាប់ការងារជាជំនួយការឲ្យកងទ័ពរុស្ស៊ី ដោយមិនបានបញ្ជាក់ថា ពួកគេមានតួនាទីជាអ្នកធ្វើសង្គ្រាមឬយ៉ាងណានោះទេ ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ក្នុងភ្លើងសង្គ្រាម ២ ឆ្នាំមកនេះ ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង