ព័ត៌មានអន្ដរជាតិ
លើកនេះ លោក ពូទីន ចេញមុខផ្ទាល់ គំរាមបាញ់នុយក្លេអ៊ែរ លើបស្ចិមប្រទេស
ក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជនរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមទៅបស្ចិមប្រទេសដោយផ្ទាល់អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយលោកថែមចោទប្រកាន់អង្គការណាតូ និងសហរដ្ឋអាមេរិកថា “កំពុងត្រៀមវាយប្រហាររុស្ស៊ី” ទៀតផង។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែកុម្ភៈ។

ប្រធានាធិបតីរុស្ស៊ីវ័យ៧១ឆ្នាំរូបនេះ ថ្លែងថា “ណាតូនិងអាមេរិក កំពុងធ្វើសកម្មភាពនៅក្នុងតំបន់ផ្សេងៗនៃពិភពលោក ហើយពួកគេបន្តកុហកនៅទីនោះ ដើម្បីបោកគេឯង។ ពួកគេកំពុងរៀបចំវាយប្រហារលើទឹកដីរបស់យើង ដោយប្រើកម្លាំងគ្រប់បែបយ៉ាង ប៉ុន្តែយើងចាំបានពីជោគវាសនារបស់អ្នកដែលព្យាយាមឈ្លានពានទឹកដីរបស់យើង។ ពិតណាស់ ជោគវាសនារបស់ពួកគេ នឹងជួបសោកនាដកម្មខ្លាំងជាងយើង”។
ស្របពេលជាមួយគ្នានោះ លោកពូទីន បានអួតអាងអំពីឃ្លាំងអាវុធនុយក្លេអ៊ែរទំនើបដ៏ធំ របស់រុស្ស៊ី ព្រមទាំងព្រមានដល់លោកខាងលិចថា “ពួកគេត្រូវតែយល់ថា យើងក៏មានអាវុធដែរ អាវុធដែលអាចកម្ចាត់ពួកគេនៅលើទឹកដីរបស់ពួកគេបាន។ ពិតណាស់ រឿងនេះមានគ្រោះថ្នាក់បំផុត ព្រោះវាអាចបង្កឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ តើពួកគេមិនយល់ទេឬ?”។

លោកក៏បានប្រាប់ប្រទេសណាតូដែរថា ពួកគេកំពុងគំរាមកំហែងបង្កើតហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរហើយ ប្រសិនបើពួកគេពិតជាបញ្ជូនទាហានទៅអ៊ុយក្រែនមែន។ រុស្ស៊ីត្រូវតែពង្រឹងតំបន់យុទ្ធភូមិភាគខាងលិច បន្ទាប់ពីហ្វាំងឡង់និងស៊ុយអែតចូលជាសម្ព័ន្ធមិត្តអាត្លង់ទិក។
ការព្រមាននេះកើតឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភាកំពូលរុស្ស៊ីលោក Konstantin Kosachev និយាយខ្លាំងៗថា ការដាក់ពង្រាយកងទ័ពណាតូ ទៅកាន់ទឹកដីអ៊ុយក្រែន នឹងនាំឲ្យមានសេណារីយ៉ូដ៏មហន្តរាយយ៉ាងធំធេង ហើយអាចចាត់ទុកថាជា “ការប្រកាសសង្គ្រាម” លើទីក្រុងមូស្គូទៀតផង។

លោកព្រមានថា ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកត់សម្គាល់របស់ប្រធានាធិបតីបារាំង Emmanuel Macron អំពីលទ្ធភាពនៃការបញ្ជូនកងទ័ព។ វិធីសាស្រ្តដែលបង្ហាញដោយមេដឹកនាំបារាំងរូបនេះ គឺពិតជាមានហានិភ័យណាស់ ច្បាស់ជាបង្កឲ្យស្ថានភាពធ្លាក់ចូលទៅក្នុងសេណារីយ៉ូដ៏មហន្តរាយមិនខានឡើយ។ វិមានក្រឹមឡាំង មិនអត់ឱនចំពោះវិធានការបែបនេះដាច់ខាត។ រឿងបែបនេះសបញ្ជាក់ឲ្យឃើញថា វាមិនមែនគ្រាន់តែជាការចូលរួមរបស់ណាតូក្នុងសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវាអាចចាត់ទុកថា នេះជាសម្ព័ន្ធភាពដែលបានចូល ក្នុងអរិភាពដោយផ្ទាល់ ឬអាចជាការប្រកាសសង្រ្គាមជាមួយរុស្ស៊ីទៀតផង។
សូមបញ្ជាក់ថា យោងតាមទិន្នន័យឆ្នាំ២០២៣ រុស្ស៊ីគឺជាប្រទេសមានក្បាលគ្រាប់នុយក្លេអ៊ែរដាក់ពង្រាយច្រើនជាងគេលើពិភពលោក ពោលគឺមាន ៥៨៨៩គ្រាប់ ខណៈលេខ២គឺ សហរដ្ឋអាមេរិក មាន៥២៤៤គ្រាប់។ ចំណែកប្រទេសមានក្បាលគ្រាប់នុយក្លេអ៊ែរដាក់ពង្រាយច្រើនលំដាប់ទី៣គឺ ចិន មាន៤១០គ្រាប់, លេខ៤ គឺបារាំង មាន២៩០គ្រាប់ និងលេខ៥គឺចក្រភពអង់គ្លេស មាន២២៥គ្រាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានកើតមហន្តរាយធំធេង បើទ័ពណាតូ ទៅដល់ដី អ៊ុយក្រែន មែន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?