ព័ត៌មានអន្ដរជាតិ
ICC ចេញដីកាចាប់ខ្លួនមេទ័ពកំពូលរុស្ស៊ី ២រូប
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃពុធទី៦ខែមីនា, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនមេទ័ពកំពូលរុស្ស៊ី២រូប ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមនៅប្រទេសអ៊ុយក្រែន។

មេទ័ពទាំងពីរ ដែល ICC ចេញដីកាចាប់ខ្លួនគឺឧត្តមសេនីយ៍ទោ Sergei Kobylash និងឧត្តមនាវីឯក Viktor Sokolov នៃកងទ័ពជើងទឹករុស្ស៊ី។
តុលាការនិយាយថា ដីកាចុងក្រោយនេះ គឺដោយសារតែមានហេតុផលសមរម្យដែលអាចជឿបានថា មេទ័ពទាំងពីរ ជាអ្នកបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម បាញ់មីស៊ីលកម្ទេចហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន។ ឧក្រិដ្ឋកម្មដែលចោទប្រកាន់នេះ គឺបានកើតឡើងនៅចន្លោះខែតុលាឆ្នាំ២០២២ដល់ខែមីនាឆ្នាំ២០២៣ ហើយការវាយប្រហារនោះទៀតសោត បណ្តាលឲ្យជនស៊ីវិលត្រូវរងទុក្ខវេទនានិងបង្កឲ្យមានការខូចខាតដល់សំណង់អគារនានា។

យោងតាម ICC, អ្នកទាំងពីរនាក់ ត្រូវបានចោទប្រកាន់ថាជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាមនៃការដឹកនាំការវាយប្រហារទៅលើជនស៊ីវិល ហើយក៏ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃអំពើអមនុស្សធម៌ផងដែរ ។
នៅពេលមានការចោទប្រកាន់បទឧក្រិដ្ឋកម្ម លោក Kobylash អាយុ៥៨ឆ្នាំ គឺមានតួនាទីជាមេបញ្ជាការអាកាសចរណ៍របស់កងទ័ពអាកាសរុស្ស៊ី ចំណែកលោក Sokolov អាយុ៦១ឆ្នាំ គឺជាឧត្តមនាវីឯកនៅក្នុងកងនាវាចររុស្ស៊ី ដែលដឹកនាំកងនាវាចរសមុទ្រខ្មៅ ។
នេះជាលើកទី២ហើយ ដែល ICC ចេញដីកាចាប់ខ្លួនមន្ត្រីរុស្ស៊ីពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ពោលគឺលើកមុន ICC ក៏ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងបេសកជនសិទ្ធិកុមាររបស់គាត់គឺលោកស្រី Maria Lvova-Belova ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនទទួលស្គាល់ ICC ទេ ហេតុដូចច្នេះ មន្ត្រីរុស្ស៊ីទាំងអស់ទំនងជាមិនអាចត្រូវនិរទេសចេញ ដើម្បីប្រឈមនឹងការចោទប្រកាន់អ្វីឡើយ។
សូមបញ្ជាក់ ICC គឺជាតុលាការកាត់ទោសឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ រួមមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពាន និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម។
ICC ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ កក្កដា ឆ្នាំ២០០២ មានមូលដ្ឋាននៅទីក្រុងឡាអេប្រទេសហូឡង់ និងមានសមាជិកចំនួន ១២៣ ប្រទេស ប៉ុន្តែ ក្នុងចំណោមនោះ គឺមិនមានវត្តមានប្រទេសមហាអំណាចរុស្ស៊ី អាមេរិក និងចិនឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ដាក់ចៅក្រម ICC មួយរូប ចូលក្នុងបញ្ជីតាមចាប់ខ្លួន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត