Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូបង្រៀន បង់ក្លាដែស មួយរូបបាញ់សិស្សខ្លួនឯង ពេលកំពុងប្រឡង

បានផុស

នៅ

សាស្ត្រាចារ្យនៅសាលាពេទ្យមួយកន្លែងក្នុងប្រទេសបង់ក្លាដែសត្រូវបានព្យួរការងាររយៈពេល ២ ថ្ងៃ បន្ទាប់ពីមានការចោទប្រកាន់ថាបានបាញ់សម្លាប់សិស្សានុសិស្សក្នុងថ្នាក់រៀនពេលកំពុងប្រឡង ។​ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃទី៦ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Raihan Sharif សាស្ត្រាចារ្យនៅសាលាពេទ្យមួយកន្លែងត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីការតវ៉ារបស់សិស្សនិស្សិតមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ ហើយលោកក៏ត្រូវបានប៉ូលិសចាប់ឃុំខ្លួនផងដែរ ខណៈសិស្ស​ដែល​រង​របួសត្រូវបាន​វះ​កាត់​ ហើយ​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ជនរងគ្រោះមានឈ្មោះ Arafat Amin Tomal អាយុ ២៣ ឆ្នាំជានិស្សិតនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Sirajganj ភាគពាយព្យនៃប្រទេសបង់ក្លាដែស ។ ជនរងគ្រោះបានឈ្លោះប្រកែកជាមួយលោកសាស្ត្រាចារ្យ Sharif ពេលកំពុងប្រឡងផ្ទាល់មាត់កាលពីដើមសប្ដាហ៍ ខណៈក្នុងអំឡុងពេលប្រឡងនោះ លោកគ្រូបានយកកាំភ្លើងមកភ្ជង់សិស្ស និងបានបាញ់ទូរសព្ទដៃដែលដាក់នៅក្នុងហោប៉ៅខោ បណ្ដាលឲ្យរងរបួសធ្ងន់ និងប៉ះពាល់ដល់អាយុជីវិតតែម្ដង ។

ទន្ទឹមនោះ ប៉ូលិសបានរឹបអូសកាំភ្លើងខ្លីមួយដើម, គ្រាប់ចំនួន ៨១ គ្រាប់, ទស្សនាវដ្តីចំនួន ៤, កាំបិត ២ ដើម និងដាវ ១០ ដើមក្នុងកាបូបរបស់គាត់ ខណៈក្រោយហេតុការណ៍នេះ ប៉ូលិសក៏បានបង្កើតគណៈកម្មាធិការពិសេសមួ ដើម្បីស៊ើបអង្កេតករណីជុំវិញឧបទ្ទវហេតុនេះផងដែរ​ ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានធ្វើឲ្យប្រទេសបង់ក្លាដែសមានការភ្ញាក់ផ្អើល និងបង្កឲ្យមានការថ្កោលទោសទ្រង់ទ្រាយធំ ដោយសារតែគ្រូបង្រៀនរូបនេះត្រូវបានព្យួរពីការងារត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើង ដែលធ្វើឲ្យសិស្សនៅសាលាពេទ្យតវ៉ាទាមទារឲ្យបណ្តេញគាត់ជាបន្ទាន់ និងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរផងដែរ ដោយសារតែវាជាឧប្បត្តិហេតុដ៏កម្រកើតមានណាស់នៅប្រទេសដែលសិទ្ធិប្រើប្រាស់កាំភ្លើងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយរដ្ឋាភិបាល ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម