Connect with us

ព័ត៌មានអន្ដរជាតិ

៥ ខែនៃភ្លើងសង្គ្រាមនៅហ្គាហ្សា ៖ ពលរដ្ឋស្លូតត្រង់បន្តស្លាប់គរជើង វិបត្តិ​មនុស្សធម៌កាន់តែហៅលែងឮ

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ នេះ ភ្លើងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានចាយពេល ៥ ខែ ខណៈពេលនេះក៏មិនទាន់មានពន្លឺណាមួយមកជួយពន្លត់ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សាឲ្យរលត់សូន្យសុងនោះដែរ ពោលមានតែចាប់ទាញដៃឲ្យជនស៊ីវិលប៉ាឡេស្ទីនស្លាប់ច្រើនឡើងៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់បោះដាក់​គ្នា​បាន​ផ្ទុះមានឡើងកាលពី​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ២០២៣ គ្រា​ដែល​ក្រុម​ហាម៉ាស​បានបើកប្រតិបត្តិការវាយឆ្មក់ដោយមិនបានលួចប្រាប់ឲ្យដឹងមុនចូលមកដល់ក្នុងផ្ទះនៃប្រទេសអ៊ីស្រាអែល ខណៈរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលបាត់បង់រូបកាយជាង ៣០,៧០០ នាក់ទៅហើយ ស្របពេលដែលស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបក៏កាន់តែយ៉ាប់យ៉ឺន ឯកិច្ចចរចាបទឈប់បាញ់រវាងភាគីទាំងពីរក៏ស្ទើរតែហៅលែងឮទៅទៀត ។

យោងតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK នៅថ្ងៃទី៧ ខែមីនានេះបានឲ្យដឹងថា ពិភពលោកកំពុងតែតាមដានព្រឹត្តិការណ៍មួយនេះមិនដាក់ភ្នែកឡើយ ជាពិសេសកំពុងសញ្ជឹងគិតថាតើការច្បាំងគ្នានេះអាចនឹងឈានដល់ទីបញ្ចប់ក្នុងដំណាក់កាលណាមួយ មុនពិធីបុណ្យរ៉ាម៉ាដាននាថ្ងៃអាទិត្យ ទី១០ ខែមីនានេះឬក៏យ៉ាងណានោះទេ ស្របពេលដែលការចរចាហាក់មានទឹកមាត់លេបឡើងវិញបន្តិចតាមរយៈអ្នកសម្របសម្រួល ។

ជាក់ស្ដែងគណៈប្រតិភូមកពីក្រុមហាម៉ាសបានហោះទៅដល់រដ្ឋធានីគែររបស់អេហ្ស៊ីបកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដើម្បីជួបពិភាក្សាជាមួយតំណាងប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ស្របពេលដែលអ៊ីស្រាអែល និងអ្នកសម្រុះសម្រួលក៏បានឯកភាពគ្នាលើសំណើសុំផ្អាកច្បាំងរយៈពេល ៦ សប្តាហ៍ជាថ្នូរនឹងការដោះលែងឈ្លើយសឹកដែលត្រូវក្រុមហាម៉ាស់ចាប់ឃុំខ្លួន ។

ប៉ុន្តែមិនទាន់បាននឹងអនុវត្តផង អ៊ីស្រាអែលបែរជាបន្តបើកការវាយប្រហារលើតំបន់ហ្គាហ្សាសម្លាប់ជនស្លូតត្រង់ប្រមាណ ៨៦ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយកាលពីថ្ងៃពុធ ខណៈអាជ្ញាធរសុខាភិបាលនៅតំបន់ដែលត្រូវបានឡោមព័ទ្ធដោយចង្កូមខ្លាមួយនេះបញ្ជាក់ថា ជម្លោះរយៈពេល ៥ ខែមកនេះ មានពលរដ្ឋប៉ាឡេស្ទីដល់ទៅ ៣០,៧១៧ នាក់ទៅហើយបានស្លាប់បាត់បង់ជីវិត ។

ទន្ទឹមនោះ អ្វីដែលរុញឲ្យវិបត្តិមនុស្សធម៌កាន់តែហៅលែងឮទៀតនោះ គឺដោយសារតែបេសកកម្មនាំជំនួយចូលទៅក្នុងតំបន់មហន្តរាយត្រូវបានរាំងខ្ទប់ ជាពិសេសគឺទៅកាន់តំបន់ភាគខាងជើងហ្គាហ្សា ដោយសារតែការបាញ់បោះ និងការបង្អាក់រថយន្តដឹកជំនួយពីសំណាក់កងកម្លាំងអ៊ីស្រាអែល ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយកាលពីថ្ងៃអង្គារថា កង្វះខាតស្បៀងអាហារនៅភាគខាងជើងតំបន់ហ្គាហ្សាកាន់តែអាណោចអាធ័ម ពោលប្រជាជនមួយចំនួនបានយកចំណីសត្វឲ្យកូនរបស់ពួកគេទទួលទាន ខណៈពលរដ្ឋខ្លះទៀតលោតឡើងលើឡានដឹកជំនួយដែលកំពុងបើក ហើយលួចយកជំនួយមនុស្សធម៌ទាំងនោះ ។

ស្របពេលជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ក៏បានប្រកាសនឹងធ្វើដំណើរទៅកាន់ប្រទេសស៊ីបក្នុងសប្តាហ៍នេះផងដែរ ដើម្បីពិភាក្សាអំពីការអនុវត្តច្រករបៀងមនុស្សធម៌ផ្លូវសមុទ្រទៅកាន់តំបន់ហ្គាហ្សា ខណៈអ្នកនាំពាក្យ​របស់​លោកស្រី​បាន​ផ្ដល់ភ្លើងខៀវថា ច្រករបៀង​បែបនេះ​នឹង​ត្រូវបាន​បើក​ដំណើរការក្នុងពេល​ឆាប់ៗខាងមុខ​ ។

ទោះយ៉ាងណា សហរដ្ឋអាមេរិកកាលពីដើមខែមីនានេះក៏បានបើកប្រតិបត្តិការទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាសទៅក្នុងតំបន់ហ្គាហ្សាផងដែរ បន្ទាប់ពីការផ្ដល់ជំនួយមនុស្សធម៌តាមផ្លូវគោកត្រូវបានរាំងខ្ទប់ដោយកងកម្លាំងអ៊ីស្រាអែល មិនត្រឹមតែប៉ុណ្ណោះ កម្លាំងទ័ពរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ថែមទាំងបើកការបាញ់បោះទៅលើជនស៊ីវិលប៉ាឡេស្ទីនដែលកំពុងរង់ចាំបើកជំនួយទាំងនោះទៅទៀត ដោយនាំឲ្យ UN ក្ដៅស្លឹកត្រចៀក និងរិះគន់យ៉ាងចាស់ដៃទៅលើអ៊ីស្រាអែល ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងនោះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣០,៧០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយប្រមាណ ៧២,០០០ នាក់ផ្សេងទៀតរងរបួស ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លើកដំបូង! ក្រុមហ៊ូធី វាយប្រហារកប៉ាល់ពាណិជ្ជកម្ម បណ្តាលឲ្យមាននាវិកស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម