ព័ត៌មានអន្ដរជាតិ
តាមពិត លោក ពូទីន ក៏ធ្លាប់ចង់នាំរុស្ស៊ី ចូល ណាតូ ដែរ
លោក វ្ល៉ាឌីមៀរ ពូទីន ក៏ធ្លាប់ចង់នាំរុស្ស៊ី ចូលរួមជាមួយអង្គការណាតូដែរ ប៉ុន្តែមិនចង់ឲ្យប្រទេសរបស់គាត់ ឆ្លងកាត់ដំណើរការដាក់ពាក្យស្នើសុំដូចគេដូចឯង និងឈរប្រកៀកស្មាជាមួយប្រទេសមួយចំនួនដែលគាត់គិតថាមិនសំខាន់។ នេះបើតាមការទម្លាយឲ្យដឹងពីអតីតអគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ។

លោក George Robertson ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិអង់គ្លេស ធ្លាប់ដឹកនាំអង្គការណាតូនៅចន្លោះឆ្នាំ១៩៩៩ដល់ឆ្នាំ២០០៣បាននិយាយប្រាប់ The Guardian ថា លោកពូទីនបញ្ជាក់យ៉ាងច្បាស់នៅក្នុងជំនួបលើកដំបូងរវាងអ្នកទាំងពីរថា គាត់ចង់ឲ្យរុស្ស៊ីក្លាយជាផ្នែកមួយនៃអឺរ៉ុបខាងលិច។ គាត់ចង់ក្លាយជាផ្នែកមួយនៃតំបន់ខាងលិចដែលមានសុវត្ថិភាព និងវិបុលភាពជាមួយរុស្ស៊ី។
លោក Robertson បានរំឮកពីជំនួបលើកដំបូងជាមួយលោកពូទីន ដែលបានក្លាយជាប្រធានាធិបតីរុស្ស៊ីក្នុងឆ្នាំ២០០០។ ពេលនោះលោកពូទីន សួរថា “តើអ្នកនឹងអញ្ជើញយើងឲ្យចូលរួមជាមួយអង្គការណាតូនៅពេលណា?”។ ជាការឆ្លើយតបលោក Robertson និយាយថា “យើងមិនអញ្ជើញអ្នកណាដែលចង់ចូលអង្គការណាតូទេ ពួកគេត្រូវដាក់ពាក្យសុំចូលដោយខ្លួនឯង”។ ស្រាប់តែពេលនោះលោក ពូទីន ប្រាប់ថា “យើងនឹងមិនឈរនៅជាមួយប្រទេសច្រើនទៀត ដែលមិនសំខាន់ទេ”។

ការរម្លឹកអំពីបំណងរបស់លោកពូទីន ចូលអង្គការនេះ កើតឡើងស្របពេលដែលអ្នកជិតខាងរុស្ស៊ី គឺប្រទេសស៊ុយអែត បានក្លាយជាសមាជិកទី៣២ របស់ណាតូ។
ទីក្រុងស្តុកខុល បានក្លាយជាសមាជិកណាតូផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែមីនា បន្ទាប់ពីសង្គ្រាមលុកលុយពេញទីរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បង្ខំឲ្យប្រទេសនេះគិតហើយគិតទៀតនូវគោលនយោបាយការពារជាតិ និងបោះបង់ចោលជំហរអព្យាក្រឹតភាពយូរអង្វែងរបស់ខ្លួន។

ប្រទេសស៊ុយអែតបានបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាពយោធារបស់ខ្លួនកាលពី ២ ឆ្នាំមុន ពោលបន្ទាប់ពីរុស្ស៊ីប្រកាសលើកទ័ពចូលច្បាំងនៅអ៊ុយក្រែន។ ទោះយ៉ាងណាក៏ដោយ សេចក្ដីសម្រេចចិត្តទាំងប៉ុន្មានក្នុងការចូលរួមជាមួយសម្ព័ន្ធយោធាមួយនេះក៏ត្រូវឆ្លងកាត់តាមរយៈការទូតមួយចំនួននៃប្រទេសជាសមាជិកផ្សេងទៀតផងដែរ។
សមាជិកភាពរបស់ស៊ុយអែត កើតឡើងបន្ទាប់ពីហ្វាំងឡង់ ដែលមានព្រំដែន ១,៣០០ គីឡូម៉ែត្រជាមួយរុស្ស៊ី ក៏បានចូលរួមជាមួយសម្ព័ន្ធភាពយោធាមួយនេះជាផ្លូវការផងដែរនៅក្នុងខែមេសា ឆ្នាំ ២០២៣ ដោយធ្វើឲ្យព្រំដែនរបស់អង្គការណាតូជាមួយរុស្ស៊ីកើនឡើងទ្វេដង ហើយក៏កំពុងទាញឲ្យលោក ពូទីន ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំងផងដែរ បន្ទាប់ពីលោកព្យាយាមរារាំងមិនឲ្យសម្ព័ន្ធមួយនេះពង្រីកខ្លួនមកកៀករុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?