ព័ត៌មានអន្ដរជាតិ
ទូត EU និងប្រទេស ២ ទៀតចាប់ផ្ដើមជម្លៀសក្រុមការងារចេញពី ហៃទី ដែលកំពុងផ្ទុះអំពើហិង្សា
ស្ថានទូតអាមេរិក អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ចាប់ផ្តើមជម្លៀសបុគ្គលិកចេញពីប្រទេសហៃទី ខណៈប្រទេសនេះបន្តឈានទៅរកអំពើហិង្សាកាន់តែក្ដៅគគុកដោយក្រុមក្មេងទំនើង ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី១០ ខែមីនា ។

ស្ថានទូតអាមេរិកបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អំពើហិង្សាកាន់តែខ្លាំងឡើងនៅក្នុងសង្កាត់ក្បែរបរិវេណស្ថានទូតអាមេរិក និងនៅជិតអាកាសយានដ្ឋានបាននាំឲ្យក្រសួងការបរទេសសម្រេចជម្លៀសបុគ្គលិកស្ថានទូតចេញពីប្រទេសមួយនេះ ។
ស្របពេលជាមួយគ្នានេះ អាមេរិកក៏បានបង្កើនសន្តិសុខនៅក្នុងបេសកកម្មជម្លៀសរបស់ពួកគេនៅក្នុងរដ្ឋធានី Port-au-Prince ផងដែរ ខណៈស្ថានទូតអាល្លឺម៉ង់ និងសហភាពអឺរ៉ុបក៏ចាប់ផ្តើមជម្លៀសបុគ្គលិករបស់ខ្លួនបណ្ដើរៗដូចគ្នា ។

ក្រុមក្មេងទំនើងបានបង្កើនការវាយប្រហារ នៅពេលដែលលោកនាយករដ្ឋមន្ត្រី Ariel Henry បានចាកចេញទៅកាន់កិច្ចប្រជុំកំពូលក្នុងតំបន់កាលពីសប្តាហ៍មុន ហើយក្រុមនេះបានទាញយកផលប្រយោជន៍ពីការអវត្តមានរបស់នាយករដ្ឋមន្ត្រី ដើម្បីបញ្ចេញការវាយប្រហាររួមគ្នាជាបន្តបន្ទាប់ក្នុងគោលបំណងជំរុញឲ្យមានការដកលោកចេញពីតំណែង ។
ក្នុងចំណោមគោលដៅរបស់ពួកគេ គឺព្រលានយន្តហោះដើម្បីរារាំងលោក Henry ពីការហោះហើរត្រឡប់មកវិញ និងពន្ធនាគារចំនួន ២ ដែលពួកគេបានដោះលែងអ្នកទោសរាប់ពាន់នាក់ សម្លាប់មន្ត្រីនគរបាលចំនួន ៦ នាក់ ខណៈអគារមួយចំនួនទៀតក៏ត្រូវបានបំផ្លាញផងដែរ ។

ទន្ទឹមនោះ លោក Henry បានព្យាយាមហោះហើរត្រឡប់ទៅទីក្រុង Port-au-Prince វិញនៅថ្ងៃអង្គារ ប៉ុន្តែបែជាត្រូវទៅចុះចតនៅក្នុងទឹកដី Puerto Rico ជំនួសវិញ ព្រោះតែព្រលានយន្តហោះអន្តរជាតិរបស់ខ្លួនត្រូវបានបិទដោយសារការវាយប្រហារ ។
គួរបញ្ជាក់ថា អំពើហិង្សានេះបានធ្វើឲ្យវិបត្តិមនុស្សធម៌របស់ប្រទេសហៃទីកាន់តែយ៉ាប់យ៉ឺនទៅៗ ខណៈយោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) ភាពចលាចលនេះបានធ្វើឲ្យជនជាតិហៃទី ៣៦២,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ហើយច្រើនជាងពាក់កណ្តាលនៃពួកគេគឺជាកុមារ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?