Connect with us

ព័ត៌មានអន្ដរជាតិ

ត្រួសៗពីដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី រុស្ស៊ី ខណៈលោក ពូទីន សង្ឃឹមឈ្នះយ៉ាងផុយ

បានផុស

នៅ

ប្រទេសរុស្ស៊ីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទី ៨ នាថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ខណៈការបោះឆ្នោតនេះទៀតសោតនឹងធ្វើឡើង ២ ជុំ ប្រសិនបើគណបក្សនយោបាយ ឬបេក្ខភាពរូបណាមិនអាចទទួលបានសំឡេងឆ្នោតគាំទ្រលើស ៥០ ភាគរយនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែការបោះឆ្នោតជុំទី ២ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ សប្ដាហ៍ក្រោយការបោះឆ្នោតជុំទី​ ១ ពោលនៅថ្ងៃទី៧ ខែមេសា នឹងមិនអាចកើតមានឡើងនោះឡើយក្នុងលក្ខខណ្ឌដែលគណបក្សនយោបាយ ឬបេក្ខជនឈរឈ្មោះបោះឆ្នោតទទួលបានសំឡេងលើសពីកណ្ដាលនៃអាសនៈសភាចំនួន ៤៥០ កៅអី ។

តើអ្នកណាខ្លះអាចទៅបោះឆ្នោតបាន?

យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី (CEC) បានឲ្យដឹងថា គ្រប់ពលរដ្ឋរុស្ស៊ីដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅដែលមិនមានទោសទណ្ឌជាប់ពន្ធនាគារ គឺអាចអញ្ជើញទៅបោះឆ្នោតបាននៅតាមការិយាល័យបោះឆ្នោតប្រមាណ ៩៦,០០០ កន្លែង ចាប់ពីម៉ោង ៨ ព្រឹកតទៅ ខណៈឆ្នាំ ២០២៤ នេះមានអ្នកមានសិទ្ធិបោះឆ្នោតសរុបចំនួន ១១២.៣ លាននាក់ បូកទាំងនៅក្នុងទឹកដីរុស្ស៊ី និងនៅតំបន់អ៊ុយក្រែនដែលក្ដោបក្ដាប់ដោយរុស្ស៊ី ខណៈ ១.៩ លាននាក់ផ្សេងទៀតគឺជាអ្នកបោះឆ្នោតនៅក្រៅប្រទេស ។

ពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងតំបន់អ៊ុយក្រែនដែលរុស្ស៊ីកំពុងក្ដោបក្ដាប់នោះ គឺនឹងប្រព្រឹត្តទៅនៅតំបន់ចំនួន ៤ ដូចជាតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson ដែលសុទ្ធសឹងតែត្រូវបានរុស្ស៊ីដាក់បញ្ចូលជាទឹកដីរបស់ខ្លួន បន្ទាប់ពីសង្គ្រាមលុកលុយពេញទីក្នុងឆ្នាំ ២០២២ កន្លងទៅ ខណៈពេលនេះតំបន់ទាំងនោះបាន​បោះ​ឆ្នោត​ជាបណ្ដើរៗហើយ ពោលចាប់តាំងសប្ដាហ៍មុនមកម្ល៉េះ ។

ចំណែកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីនៅក្រៅប្រទេសនឹងប្រព្រឹត្តទៅក្នុងការិយាល័យបោះឆ្នោតចំនួន ២៨៨ ក្នុង ១៤៤ ប្រទេស ។ ទន្ទឹមនោះ នេះក៏ជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកដំបូងផងដែរ ដែលរុស្ស៊ីដាក់ឲ្យមានការបោះឆ្នោតតាមអនឡាញ ខណៈជម្រើសនេះនឹងមាននៅក្នុងតំបន់ចំនួន ២៧ របស់រុស្ស៊ី និងនៅតំបន់គ្រីមៀផងដែរ ដែលរដ្ឋាភិបាលទីក្រុងមូស្គូបានដាក់បញ្ចូលដោយឯកតោភាគីកាលពី ១០ ឆ្នាំមុន ។

តើមានបេក្ខជនប៉ុន្មានរូបឈរឈ្មោះបោះឆ្នោត?

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីនាឆ្នាំ ២០២៤ នេះមានបេក្ខជនឈរឈ្មោះចំនួន ៤ រូបក្នុងនោះក៏មានលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ផងដែរ ។ លោក ពូទីន ដែលមានវ័យ ៧១ ឆ្នាំបានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សរួបរួមរុស្ស៊ីកាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ហើយលោកកំពុងតែឈ្មុសឈ្មុលរកអាណត្តិទី ៥ ដែលនឹងបន្តឲ្យលោកកាន់អំណាចរយៈពេល ៦ ឆ្នាំទៀត ។

លោក ពូទីន ដែលស្ទើរតែប្រាកដក្នុងចិត្ត ១០០ ភាគរយហើយថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនានេះ ក៏នឹងមានសិទ្ធិឈរឈ្មោះអាណត្តិបោះឆ្នោតឆ្នាំ ២០៣០ ផងដែរ បន្ទាប់ពីការកែប្រែធម្មនុញ្ញនៃការកំណត់អាណត្តិឈរឈ្មោះបោះឆ្នោតកាលពីឆ្នាំ ២០២០ ។ ស្របពេលជាមួយគ្នានេះ លោក ពូទីន ដែលជាប់ឆ្នោតជាប្រធានាធិបតីលើកដំបូងកាលពីឆ្នាំ ២០០០ កំពុងក្លាយខ្លួនជាមេដឹកនាំរស្ស៊ីដែលកាន់អំណាចយូរបំផុតផងដែរ ចាប់តាំងមេដឹកនាំផ្តាច់ការសូវៀតលោក ចូសេហ្វ ស្តាលីន ។

ដោយឡែកបេក្ខជន ៣ រូបទៀតដែលឈរឈ្មោះនៅលើសន្លឹកឆ្នោតរួមមានលោក Vladislav Davankov ជាអនុប្រធានសភារបស់រុស្ស៊ី និងជាសមាជិកនៃគណៈកម្មាធិការបក្សប្រជាជនថ្មី, លោក Leonid Slutsky មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDPR) ជាបក្សនៅខាងវិមានក្រឹមឡាំង និងមួយរូបទៀតគឺលោក Nikolai Kharitonov បេក្ខភាពមកពីបក្សកុម្មុយនីស្ត ក៏ធ្លាប់ប្រកួតប្រជែងជាមួយលោក ពូទីន ផងដែរកាលពីឆ្នាំ ២០០៤ ។

អ្នកនយោបាយទាំង ៣ រូបនេះគឺសុទ្ធសឹងតែជាអ្នកគាំទ្រនូវគោលនយោបាយរបស់វិមានក្រឹមឡាំង រួមទាំងភ្លើងសង្រ្គាមនៅអ៊ុយក្រែនផងដែរ ។ ការបោះឆ្នោតកាលពីអាណត្តិមុនបានបង្ហាញថា បេក្ខជនទាំង ៣ រូបនេះហាក់ដូចជាមិនអាចតដៃជាមួយនឹងលោក ពូទីន បានឡើយ ជាក់ស្ដែងការបោះឆ្នោតកាលពីឆ្នាំ ២០១៨ គណបក្សកុម្មុយនីស្តបានត្រឹមតែកំដររោងប៉ុណ្ណោះ ពោលទទួលបានសំឡេង ១១.៨ ភាគរយ ធៀបនឹងសំឡេងគាំទ្រ ៧៦.៧ ភាគរយរបស់លោក ពូទីន ។

ហេតុអ្វីបានជាការបោះឆ្នោតនៅរុស្ស៊ីដំណើរការរហូតដល់ ៣ ថ្ងៃ?

មែនទែនទៅ ដំបូងឡើយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីគឺរៀបចំតែមួយថ្ងៃដូចប្រទេសដទៃទៀតដែរ ប៉ុន្តែសម្រាប់ការបោះឆ្នោតលើកទី ៨ ឆ្នាំ២០២៤ នេះនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ហើយនោះក៏ដោយសារតែការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០២០ ។

នៅឆ្នាំ ២០២០ ច្បាប់បោះឆ្នោតត្រូវបានផ្លាស់ប្ដូរ ហើយមុខព្រូញដ៏ធំបំផុតនៃការកែប្រែរដ្ឋធម្មនុញ្ញនេះ គឺដើម្បីឲ្យសមស្របទៅតាមវិធានការការពារជំងឺកូវីដ ១៩ ជាពិសេសដើម្បីរក្សាគម្លាតសង្គម និងកាត់បន្ថយការប្រមូលផ្ដុំមនុស្សជួបជុំគ្នាច្រើនដើម្បីការពារការរីករាលដាលនៃករណីឆ្លង ទើបការបោះឆ្នោតពន្យារពេលដល់ ៣ ថ្ងៃ ពោលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនានេះឯង ខណៈនៅតំបន់ខ្លះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ក៏មានឱកាសបោះឆ្នោតពីចម្ងាយតាមរយៈគេហទំព័ររបស់គណៈកម្មការរៀបចំការបោះឆ្នោត ។

ពេលវេលាប្រកាសលទ្ធផល និងថ្ងៃចូលកាន់តំណែង

ដូចបានលើកឡើងខាងដើម ប្រសិនបើករណីគណបក្សនយោបាយ ឬបេក្ខជនឈរឈ្មោះទទួលបានសំឡេងគាំទ្រលើស ៥០ ភាគរយនៃអាសនៈសភាចំនួន ៤៥០ កៅអីក្នុងការបោះឆ្នោតជុំទី ១ នាថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនានេះ នោះការប្រកាសលទ្ធផលផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ពោលមួយថ្ងៃបន្ទាប់ពីការបោះឆ្នោត ។

ប៉ុន្តែបើការបោះឆ្នោតជុំទី ១ គ្មានគណបក្សនយោបាយ ឬបេក្ខជនរូបណាទទួលបានសំឡេងគាំទ្រលើសពាក់កណ្ដាលនៃចំនួនអាសនៈសភាទេនោះ ការបោះឆ្នោតនឹងឈានដល់ជុំទី ២ នៅថ្ងៃទី៧ ខែមេសា ពោលរយៈពេល ៣ សប្ដាហ៍ក្រោយការបោះឆ្នោតជុំទី ១ ហើយការប្រកាសលទ្ធផលផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៨ ខែមេសាតែម្ដង ខណៈអ្នកឈ្នះការបោះឆ្នោតនឹងសម្ពោធឡើងកាន់តំណែងជាប្រធានាធិបតីនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។

គួរបញ្ជាក់ថា ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់រុស្ស៊ីក៏កើតមានឡើង ស្របពេលដែលប្រទេសមហាអំណាចមួយនេះក៏កំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនផងដែរ ដែលរហូតមកដល់ពេលនេះចាយពេល ២ ឆ្នាំមកហើយ បន្ទាប់ពីលោក ពូទីន បញ្ជាលើកទ័ពចូលវាយលុកទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈការបោះឆ្នោតនេះទៀតសោត លោក ពូទីន ហាក់ដូចជាមិនតឹងដៃក្នុងការយកឈ្នះលើគូប្រជែងនោះឡើយដើម្បីបន្តយុទ្ធសាស្ត្រផែនការលើភ្លើងសង្គ្រាមនៅអ៊ុយក្រែន ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក ពូទីន ថា អាមេរិក កំពុងសំងំរៀបគម្រោងលូកលាន់ការបោះឆ្នោត ប្រធានាធិបតី រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម