ព័ត៌មានអន្ដរជាតិ
ចិន ព្រមានពលរដ្ឋនៅ សិង្ហបុរី ត្រូវចៀសឆ្ងាយល្បែងស៊ីសងគ្រប់ប្រភេទដាច់ខាត
ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរី កាលពីថ្ងៃចន្ទបានជំរុញពលរដ្ឋរបស់ខ្លួននៅក្នុងរដ្ឋទីក្រុង នៅឲ្យឆ្ងាយពីការភ្នាល់គ្រប់ទម្រង់ដោយនិយាយថា ការលេងល្បែងស៊ីសងនៅបរទេសបំពានច្បាប់របស់ចិន។ ការព្រមាននេះធ្វើឡើង ខណៈក្រុងប៉េកាំងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្រ្កាបការលេងល្បែងស៊ីសងរបស់ពលរដ្ឋចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម។
យោងទៅតាមការចុះផ្សាយពីកាសែត CNA ក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតបានរំលឹកយ៉ាងដាច់អហង្ការថា ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ប្រជាជនចិនភាគច្រើននៅក្នុងប្រទេសសិង្ហបុរី ត្រូវនៅឲ្យឆ្ងាយពីល្បែងស៊ីសង។ ស្របពេលដែល សិង្ហបុរីគឺជាផ្ទះរបស់កាស៊ីណូពីរ ដែលមួយដំណើរការដោយ Las Vegas Sands និងមួយទៀត Genting Singapore។
ស្ថានទូតបាននិយាយថា “ទោះបីជាកាស៊ីណូនៅក្រៅប្រទេសត្រូវបានបើកដោយស្របច្បាប់ក៏ដោយ ការលេងល្បែងឆ្លងព្រំដែនដោយពលរដ្ឋចិន ត្រូវបានសង្ស័យថាបានបំពានច្បាប់របស់ប្រទេសយើង”។
ថ្វីបើយ៉ាងនេះក្ដី បច្ចុប្បន្ននេះប្រទេសចិនបាននិងកំពុងពង្រឹងការបង្ក្រាបរបស់ខ្លួនលើល្បែងឆ្លងព្រំដែន ក្រៅឆ្នេរសមុទ្រ និងតាមអ៊ីនធឺណិត ដោយបានបញ្ជូនការព្រមានស្រដៀងគ្នានេះទៅកាន់ប្រទេសមួយចំនួន ខណៈដែលខ្លួនព្យាយាមទប់ស្កាត់សកម្មភាពខុសច្បាប់ និងការគំរាមកំហែងដល់ពលរដ្ឋនៅបរទេស។
ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃចន្ទថា “ល្បែងឆ្លងព្រំដែនក៏អាចនាំមកនូវហានិភ័យដូចជាការក្លែងបន្លំ ការលាងលុយកខ្វក់ ការចាប់ជំរិត ការឃុំខ្លួន ការជួញដូរ និងការរត់ពន្ធ” ។ ក្នុងពេលដែលស្ថានទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូង និងស្រីលង្កា ក៏បានចេញការព្រមានស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗនេះផងដែរ។
ដោយឡែក កាលពីថ្ងៃទី ២២ ខែកុម្ភៈ ទីភ្នាក់ងារអនុវត្តច្បាប់ក្នុងប្រទេសចិន និងហ្វីលីពីនបានសហការគ្នាធ្វើមាតុភូមិនិវត្តន៍ជនជាតិចិនជាង ៤០ នាក់ ដែលលេងល្បែងនៅសមុទ្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន។ ស្ថានទូតបាននិយាយថា រដ្ឋាភិបាលចិនតែងតែប្រឆាំងគ្រប់ទម្រង់នៃល្បែងស៊ីសង និងប្រឆាំងនឹងពលរដ្ឋចិន ដែលចាកចេញពីប្រទេសដើម្បីចូលរួមក្នុងឧស្សាហកម្មល្បែង។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន និងវៀតណាមបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងល្បែងឆ្លងដែន។
យ៉ាងណាមិញ ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរីបាននិយាយជាចុងក្រោយដែរថា ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនបានបើកវេទិការរាយការណ៍មួយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងឆ្លងដែន និងអនឡាញ ដែលពលរដ្ឋចិនអាចឆ្លងកាត់តម្រុយ និងសកម្មភាពដែលសង្ស័យ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសជនជាតិចិនម្នាក់ មានជំងឺមហារីកត្រចៀក ដោយសារតែមានទម្លាប់អាក្រក់មួយ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់