ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្លែផ្កាយ៉ាងណាចំពោះការបោះឆ្នោតនៅ រុស្ស៊ី ពិសេសលោក ពូទីន ជាប់អាណត្តិថ្មី
បើទោះបីជាលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនាកន្លងទៅមិនទាន់ចេញជាផ្លូវការក៏ដោយ ប៉ុន្តែវាស្ទើរតែច្បាស់ក្នុងចិត្ត ១០០ ភាគរយទៅហើយថា លោក វ្ល៉ាឌីមៀរ ពូទីន នឹងបន្តកាន់អំណាច ៦ ឆ្នាំទៀត ក្រោយកើបសំឡេងគាំទ្រលើសលប់ជាង ៨៧ ភាគរយនៃសន្លឹកឆ្នោតបានការចំនួន ៩៩.៤៣ ភាគរយ លើគូប្រជែង ៣ រូបផ្សេងទៀតមិនឲ្យតដៃរួច ។

ទោះយ៉ាងណា សហរដ្ឋអាមេរិកដែលជាសត្រូវចាស់វស្សាតែមួយគត់របស់រដ្ឋាភិបាលទីក្រុងមូស្គូមិនបានចាត់ទុក ឬទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីលើកទី ៨ ក្នុងឆ្នាំ ២០២៤ នេះនោះទេ ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថែមទាំងផ្លែផ្កា និងបោះពាក្យបោះសម្ដីចំពោះលទ្ធផលឆ្នោតនេះផងដែរ ។
យោងតាមការចេញផ្សាយដោយកាសែត The New York Times កាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅបានឲ្យដឹងថា សហរដ្ឋអាមេរិកហាក់ដូចជាមិនភ្ញាក់ផ្អើល ក៏ដូចជាសប្បាយអរចំពោះជ័យជម្នះអាណត្តិទី ៥ របស់លោក ពូទីន នោះឡើយ ដោយសារតែការបោះឆ្នោតនៅរុស្ស៊ីគឺ “មិនសេរី និងយុត្តិធម៌” ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត លោកស្រី Adrienne Watson អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបញ្ជាក់បន្ថែមថា “ការបោះឆ្នោតនេះពិតជាមិនសេរី និងយុត្តិធម៌នោះឡើយ ដោយសារតែលោក ពូទីន បានរៀបចំសេណារីយ៉ូជាច្រើនដើម្បីឈ្នះឆ្នោតដូចជា ចាប់ខ្លួនអ្នកប្រឆាំងនយោបាយដាក់ពន្ធនាគារ និងរារាំងបេក្ខភាពមានឥទ្ធិពលផ្សេងៗមិនឲ្យឈរឈ្មោះបោះឆ្នោតតតាំងនឹងរូបលោកជាដើម” ។
ស្របពេលជាមួយគ្នានេះ មេដឹកនាំលោកខាងលិចជាច្រើនក៏បានចេញការថ្កោលទោស និងពាក់មុខយក្សចំពោះការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីស្រដៀងទៅនឹងសហរដ្ឋអាមេរិកផងដែរ ពោលមេដឹកនាំទាំងនោះលើកឡើងពីអវត្តមានដៃគូប្រកួតប្រជែងពិតប្រាកដជាមួយលោក ពូទីន ហើយចាត់ទុកដំណើរការបោះឆ្នោតនោះថា កង្វះតម្លាភាព ជាពិសេសគឺការរៀបចំការបោះឆ្នោតនៅលើទឹកដីអ៊ុយក្រែនដែលក្ដោបក្ដាប់ដោយខុសច្បាប់ពីសំណាក់រុស្ស៊ី ។

ដោយឡែកលោក ពូទីន មិនបានឈឺក្បាលវិលមុខនឹងពាក្យសម្ដីរបស់បច្ចាមិត្តទាំងនោះឡើយ ពោលប្រធានាធិបតីវ័យ ៧១ ឆ្នាំរូបនេះមានតែអរគុណដល់ម្ចាស់ឆ្នោតរុស្ស៊ីទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោត និងបន្តផ្ដល់សេចក្ដីទុកចិត្តដល់រូបលោក ហើយលោកថែមទាំងបន្តមហិច្ឆតានយោបាយបច្ចុប្បន្នរបស់លោក រួមទាំងភ្លើងសង្គ្រាមនៅអ៊ុយក្រែនផងដែរ ។
គួរបញ្ជាក់ថា មិនដូចសហរដ្ឋអាមេរិក និងមេដឹកនាំលោកខាងលិចមួយចំនួននោះទេ ពោលជ័យជម្នះយ៉ាងត្រចះត្រចង់របស់លោក ពូទីន ក្នុងការបោះបោះឆ្នោតកាលពីចុងសប្ដាហ៍កន្លងទៅនេះ ក៏មានមិត្តភក្តិបរទេសផ្ញើសារអបអរដល់បុរសដែលមានរហស្សនាម “ខ្លាឃ្មុំទឹកកក” រូបនេះផងដែរ ខណៈនៅតំបន់អាស៊ី រួមមានមហាមិត្តចិន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងវៀតណាម បានសម្ដែងការសាទរចំពោះការឈ្នះឆ្នោតអាណត្តិទី ៥ និងបន្តកាន់អំណាចរយៈពេល ៦ ឆ្នាំទៀតរបស់លោក ពូទីន ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើមិត្តភ័ក្រ្តនៅ អាស៊ី ណាខ្លះផ្ញើសារអបអរលោក ពូទីន ឈ្នះឆ្នោត?

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?