ព័ត៌មានអន្ដរជាតិ
លោក Blinken ទៅដល់ហ្វីលីពីន ចំពេលភាពតានតឹងនៅសមុទ្រចិនខាងត្បូង ឡើងកម្តៅខ្លាំង
តាមសេចក្តីរាយការណ៍របស់ Reuters, រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសហ្វីលីពីនហើយនៅថ្ងៃអង្គារទី១៩ខែមីនា ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម ហើយនឹងធានាការប្តេជ្ញាចិត្តផ្នែកសន្តិសុខ “រឹងដូចដែកថែប” របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទីក្រុងម៉ានីល ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងជាមួយមហាអំណាចក្នុងតំបន់គឺប្រទេសចិន។

ប៉ុន្មានខែចុងក្រោយនេះ ទីក្រុងម៉ានីលនិងប៉េកាំង មានភាពរកាំរកូសជាមួយគ្នាយ៉ាងខ្លាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ខណៈមន្ត្រីជាន់ខ្ពស់អាមេរិក ចេញមុខអះអាងថា ខ្លួននឹងមិនឱបដៃឈរមើលហ្វីលីពីនឡើយ បើមានរឿងអ្វីកើតឡើងមែន។
ដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានគេមើលឃើញផងដែរថា ដើម្បីបង្ហាញការគាំទ្រយ៉ាងមោះមុតរបស់អាមេរិកចំពោះប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ដែលបានងាកទៅចាប់ដៃទីក្រុងវ៉ាស៊ីនតោនវិញ ខុសពីអ្នកកាន់តំណែងមុនគឺលោក Rodrigo Duterte ដែលមានទំនោរទៅខាងទីក្រុងប៉េកាំង។

ហ្វីលីពីន នៅតែជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក ជាពិសេសដោយសារតែទីតាំងរបស់ខ្លួន ស្ថិតនៅក្នុងតំបន់ស្នូល ដែលចិនមើលឃើញថា ជាទីតាំងយុទ្ធសាស្រ្តដើម្បីប្រជែងអំណាចនិងឥទ្ធិពលរបស់អាមេរិក។
ដែនទឹកនៃឈូងសមុទ្រម៉ានីល បានលាតសន្ធឹងចូលទៅក្នុងសមុទ្រចិនខាងត្បូង ហើយទីនោះឯង ដែលហ្វីលីពីននិងប្រជាជាតិអាស៊ីមួយចំនួនទៀត មានការទាស់ទែងគ្នាជាមួយទីក្រុងប៉េកាំងពាក់ព័ន្ធដែនទឹក និងផ្លូវពាណិជ្ជកម្មដ៏សំខាន់។
ត្បិតជម្លោះនៅសមុទ្រចិនខាងត្បូងមិនមែនជារឿងថ្មីក៏ពិតមែន ប៉ុន្តែការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់រវាងឆ្មាំសមុទ្រហ្វីលីពីននិងចិន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានបង្កើនហានិភ័យផ្ទុះជម្លោះទ្រង់ទ្រាយធំ។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកចាត់ទុកសកម្មភាពដែនសមុទ្ររបស់ចិន ថាជាយុទ្ធនាការយាយីប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន។ ទីក្រុងវ៉ាស៊ីនតោនមានសន្ធិសញ្ញាការពារជាតិយូរអង្វែងជាមួយហ្វីលីពីន ហើយធ្លាប់និយាយថា ការវាយប្រហារប្រដាប់អាវុធណាមួយលើនាវាហ្វីលីពីន នឹងជំរុញឲ្យមានការប្តេជ្ញាចិត្តការពារគ្នាទៅវិញទៅមក។
ក្នុងឆ្នាំ២០១៤ ទីក្រុងវ៉ាស៊ីនតោនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ជាមួយទីក្រុងម៉ានីលផងដែរ ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ផ្តល់មូលនិធិសម្រាប់ការអភិវឌ្ឍមូលដ្ឋានយោធាហ្វីលីពីននិងដាក់ពង្រាយទាហានអាមេរិកតាមដំណាក់កាល។ លុះមកដល់ឆ្នាំ ២០២៣ សហរដ្ឋអាមេរិកទទួលបានការអនុញ្ញាតឲ្យដាក់មូលដ្ឋានចំនួន៤បន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលរឹងចំណងទំនាក់ទំនងកាន់តែស្អិតរមួតរវាងប្រទេសទាំងពីរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាវាឆ្មាំសមុទ្រចិននិងហ្វីលីពីន បុកគ្នា ក្នុងសមុទ្រចិនខាងត្បូង

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?