ព័ត៌មានអន្ដរជាតិ
ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្តណាមុនគេ?
បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនាកន្លងទៅ លោក វ្ល៉ាឌីមៀរ ពូទីន ក៏ត្រៀមនឹងធ្វើដំណើរទស្សនកិច្ចទៅក្រៅបរទេសជាលើកដំបូងផងដែរ ក្រោយពិធីឡើងកាន់តំណែងជាផ្លូវការនាថ្ងៃទី៧ ខែឧសភា ដើម្បីបន្តរឹតចំណងមិត្តភាពកាន់តែស្អិតរមួតជាមួយមិត្តភក្តិបរទេសក្នុងអាណត្តិរយៈពេល ៦ ឆ្នាំរបស់លោក ។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចលើកដំបូងនេះ យោងតាមប្រភពចំនួន ៥ បានលួចបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៩ ខែមីនាថា លោក ពូទីន នឹងហោះទៅកាន់ប្រទេសមហាមិត្តចិននាពាក់កណ្ដាលខែឧសភា ក្រោយពិធីសម្ពោធឡើងកាន់តំណែងជាផ្លូវការ ដើម្បីជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ពោលមុនពេលដែលប្រធានាធិបតីចិនរូបនេះគ្រោងនឹងហោះហើរទៅកាន់អឺរ៉ុប ។
ទោះយ៉ាងណា ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា “ប្រធានាធិបតី ពូទីន នឹងមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសជាច្រើនដើម្បីបន្តទំនាក់ទំនងកម្រិតខ្ពស់មួយចំនួន ហើយយើងនឹងជូនដំណឹងទៅអ្នកសារព័ត៌មាន នៅពេលដែលពេលវេលាកាន់តែខិតជិតមកដល់” ។

ប្រទេសចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលដែលប្រធានាធិបតីរុស្ស៊ីរូបនេះប្រកាសលើកទ័ពរាប់ម៉ឺននាក់ចូលវាយលុកទៅក្នុងប្រទេសអ៊ុយក្រែន ដែលបង្កឲ្យផ្ទុះឆេះភ្លើងសង្គ្រាមដ៏សាហាវបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ។
ចាប់តាំងពីពេលនោះមក ប្រទេសចិនបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងយោធាជាមួយរុស្ស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក៏បានបង្ហាញចិត្តគាំទ្រដល់រដ្ឋាភិបាលទីក្រុងកៀវផងដែរ ដោយបញ្ចេញការដាក់ទណ្ឌកម្មប្រឆាំងនឹងមហាអំណាចទាំងពីរ ជាពិសេសទីក្រុងមូស្គូចំពោះសង្គ្រាមពេញទីលើអ៊ុយក្រែន ។

បើទោះជាយ៉ាងនេះក្ដី លោក ពូទីន មិនបានថ្នាំងថ្នាក់ចិត្តអ្វីនោះឡើយ ហើយលោកថែមទាំងបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា រុស្ស៊ី និងចិនបានចែករំលែកទស្សនវិស័យសកលស្រដៀងគ្នា ហើយរីករាយនឹងទំនាក់ទំនងដែលរឹងដូចដែកមួយនេះ ជាពិសេសទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អដូចមាសជាមួយលោក ស៊ី ខណៈទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ក៏នឹងបង្កើនការអភិវឌ្ឍទំនាក់ទំនងឲ្យកាន់តែខ្លាំងដូចផ្លេកបន្ទោរបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ។
គួរបញ្ជាក់ថា លោក ស៊ី ជីនពីង ក៏ធ្លាប់បានហោះទៅកាន់ប្រទេសរុស្ស៊ីផងដែរ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ កាលពីខែមីនាឆ្នាំមុន ពោលភ្លាមៗបន្ទាប់ពីចាប់ផ្តើមអាណត្តិទី ៣ ជាប្រធានាធិបតីចិន ហើយបើនិយាយពីការជួបគ្នា មេដឹកនាំទាំងពីរបានជួបចរចាជាង ៤០ ដងមកហើយ ខណៈដែលជំនួបចាប់ដៃលើកចុងក្រោយគឺធ្វើឡើងនៅក្នុងខែតុលា នៅពេលដែលលោក ពូទីន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិននៅទីក្រុងប៉េកាំង ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាមេរិក ផ្លែផ្កាយ៉ាងណាចំពោះការបោះឆ្នោតនៅ រុស្ស៊ី ពិសេសលោក ពូទីន ជាប់អាណត្តិថ្មី

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?