Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ខឹងចិត្ត ក្រោយអាមេរិក មិនវេតូ លើសេចក្តីសម្រេច UN

បានផុស

នៅ

ប្រទេសអ៊ីស្រាអែល ខឹងចិត្តមិនស្ទើរទេ បន្ទាប់ពីសហរដ្ឋអាមេរិក មិនព្រមវេតូលើសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដល់ថ្នាក់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រកាសលុបចោលដំណើររបស់គណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ទីក្រុងវ៉ាស៊ីនតោនទៀតផង។ នេះបើតាមសេចក្តីរាយការណ៍របស់ Time of Israel។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃចន្ទទី២៥ខែមីនា UNSC បានអនុម័តសេចក្តីសម្រេច ដោយទាមទារឲ្យមានបទឈប់បាញ់ភ្លាមៗ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ក្នុងអំឡុងខែដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌន ដែលនឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរសប្តាហ៍ទៀត។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានសម្រេចចិត្តអនុបវាទ ខណៈសមាជិក១៤ប្រទេសផ្សេងទៀត បោះឆ្នោ​តគាំទ្រសេចក្តីសម្រេចមួយ ដែលក៏ទាមទារឲ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅសល់ដោយគ្មានលក្ខខណ្ឌ និងគូសបញ្ជាក់ពីតម្រូវការបន្ទាន់ដើម្បីបើកឲ្យជំនួយកាន់តែច្រើន ចូលទៅកាន់តំបន់ហ្គាហ្សាផងដែរ។

(រូបថត៖ AP)

ក្រោយការបោះឆ្នោត ការិយាល័យលោក Netanyahu ស្រាប់តែចេញសេចក្តីប្រកាសថា ការសម្រេចចិត្តមិនវេតូរបស់ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញយ៉ាងច្បាស់ ពីជំហរមិនប្រាកដប្រជារបស់សហរដ្ឋអាមេរិកចាប់តាំងពីផ្ទុះសង្គ្រាមមក។ ការដកថយនេះ ពិតជាធ្វើឲ្យឈឺចាប់ទាំងចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាម និងការខិតខំដើម្បីដោះលែងចំណាប់ខ្មាំង ព្រោះវានាំឲ្យក្រុមហាម៉ាស កាន់តែមានសង្ឃឹមថា សម្ពាធអន្តរជាតិនឹងជួយឲ្យពួកគេ ទទួលបានបទឈប់បាញ់ទាំងមិនចាំបាច់ដោះលែងចំណាប់ខ្មាំង។

តាមសេចក្តីប្រកាសដដែលនោះ លោក Netanyahu បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់សហរដ្ឋអាមេរិកថា លោកនឹងមិនបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅពិភាក្សាអំពីផែនការរបស់យោធាអ៊ីស្រាអែលសម្រាប់ប្រតិបត្តិការនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាឡើយ។

(រូបថត៖ AP)

ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់អាមេរិក សុទ្ធតែបង្ហាញភាពភ្ញាក់ផ្អើលចំពោះទង្វើអ៊ីស្រាអែល ដោយអ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller និយាយថា ខ្លួនមិនវេតូព្រោះថា ការអំពាវនាវឲ្យមានបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងគឺស្របតាមគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន។

ចំណែក អ្នកនាំពាក្យសេតវិមានលោក John Kirby ក៏បានហៅការលុបចោលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអ៊ីស្រាអែលថា ជារឿងខកចិត្តដែរ ប៉ុន្តែគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែគាំទ្រអ៊ីស្រាអែល ហើយនឹងផ្តល់ប្រព័ន្ធសព្វាវុធ និងគ្រឿងសឹកផ្សេងទៀតសម្រាប់ប្រទេសនេះ ដើម្បីការពារខ្លួន។

អ្នកនាំពាក្យសេតវិមានលោក John Kirby (រូបថត៖ Hill)

សូមជម្រាបជាថ្មី អ៊ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ បន្ទាប់ពីចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បើកការវាយឆ្មក់ឆ្លងដែន ដោយសម្លាប់មនុស្សជាង១ ១០០នាក់និងចាប់២៥០នាក់ទៀត ធ្វើជាចំណាប់ខ្មាំង។

យ៉ាងណា មនុស្សរាប់សិបនាក់ ត្រូវបានដោះលែងវិញជាបន្តបន្ទាប់ តាមរយៈកិច្ចព្រមព្រៀងដោះដូរគ្នា អំឡុងពេលមានបទឈប់បាញ់មួយសប្តាហ៍ក្នុងខែវិច្ឆិកា ប៉ុន្តែបើយោងតាមការអះអាងពីមន្ត្រីអ៊ីស្រាអែល, ចំណាប់ខ្មាំងប្រហែល១៣០នាក់ទៀត នៅតែជាប់ឃុំក្នុងតំបន់ហ្គាហ្សា នៅឡើយ។

ចំណែកបើយោងតាមសេវាសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស, ប្រជាជនប៉ាឡេស្ទីនជាង៣០ ០០០នាក់ ត្រូវបានសម្លាប់ក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកនិងប្រតិបត្តិការជើងគោកសងសឹករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម