Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កើតទុក្ខមិនសុខចិត្ត ក្រោយបែកធ្លាយ រូបថតទាហានអ៊ីស្រាអែល កាន់ទង់ជាតិរបស់ខ្លួន

បានផុស

នៅ

តាមការចុះផ្សាយរបស់ Thai PBS កាលពីថ្ងៃសុក្រទី២៩ខែមីនា, ប្រទេសថៃ កំពុងកើតទុក្ខមិនសុខចិត្តនិងខឹងសម្បា បន្ទាប់ពីរូបថតទាហានអ៊ីស្រាអែលកាន់ទង់ជាតិរបស់ខ្លួន ត្រូវបែកធ្លាយនិងមានការចែកចាយពាសពេញបណ្តាញសង្គម។

(រូបថត៖ Ytirawi)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធបញ្ហានេះ ស្ថានទូតថៃប្រចាំទីក្រុង តែលអាវីវ បានដាក់សំណើទៅរដ្ឋាភិបាលអ៊ីស្រាអែល សុំការពន្យល់ជាបន្ទាន់ ហើយជាការឆ្លើយតប ភាគីអ៊ីស្រាអែល បញ្ជាក់ថា ខ្លួនកំពុងតែពិនិត្យរូបថត ទាហានអ៊ីស្រាអែលម្នាក់កាន់ទង់ជាតិថៃ នៅពីមុខគំនរអគារបាក់បែកនេះហើយ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល បានជូនដំណឹងទៅស្ថានទូតថៃ ថា ខ្លួនមិនទាន់អាចផ្ទៀងផ្ទាត់បានទេថាតើ រូបថតដែលបង្ហោះនៅលើបណ្តាញសង្គម X គឺជារូបពិត ឬត្រូវបានគេរៀបចំឡើងសម្រាប់គោលបំណងឃោសនា។ យ៉ាងណា សកម្មភាពរបស់ទាហានរូបនេះ គឺមិនសមរម្យទាល់តែសោះ ហើយអ៊ីស្រាអែល កំពុងស៊ើបអង្កេតលើបញ្ហានេះផងដែរ។

ចំពោះរឿងនេះ ឯកអគ្គរាជទូតថៃ ប្រចាំនៅអ៊ីស្រាអែល លោកស្រី Pannabha Chandraramya បានសង្កត់ធ្ងន់ទៅកាន់អ៊ីស្រាអែល អំពីកង្វល់ទីក្រុងបាងកក ហើយជំរុញឲ្យពួកគេប្រុងប្រយ័ត្ន ការពារកុំឲ្យរឿងនេះកើតឡើងម្តងទៀត។ ​ដោយ​សារតែ​ប្រទេស​ថៃ ​មិន​ចូល​រួម​ជាមួយ​ភាគី​ណា​មួយ​ក្នុង​ជម្លោះ ថៃ​ប្រាថ្នា​ចង់​ឲ្យ​ជម្លោះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី ​តាម​រយៈ​ការ​ចរចា។

លោកស្រី Pannabha Chandraramya (រូបថត៖ Bangkok Post)

លើសពីនេះ ប្រទេសថៃ ក៏បានសង្កត់ធ្ងន់ដល់គ្រប់ភាគីពាក់ព័ន្ធ អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិថ្ងៃទី២៥ខែមីនា ដោយអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ក្នុងអំឡុងខែនៃបុណ្យរ៉ាម៉ាឌន និងការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ បន្ទាប់ពីចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បើកការវាយឆ្មក់ឆ្លងដែន ដោយសម្លាប់មនុស្សជាង១ ១០០នាក់និងចាប់២៥០នាក់ទៀត ធ្វើជាចំណាប់ខ្មាំង។

(រូបថត៖ AP)

យ៉ាងណា មនុស្សរាប់សិបនាក់ ត្រូវបានដោះលែងវិញជាបន្តបន្ទាប់ តាមរយៈកិច្ចព្រមព្រៀងដោះដូរគ្នា អំឡុងពេលមានបទឈប់បាញ់មួយសប្តាហ៍ក្នុងខែវិច្ឆិកា ប៉ុន្តែបើយោងតាមការអះអាងពីមន្ត្រីអ៊ីស្រាអែល, ចំណាប់ខ្មាំងប្រហែល១៣០នាក់ទៀត នៅតែជាប់ឃុំក្នុងតំបន់ហ្គាហ្សា នៅឡើយ។

ចំណែកបើយោងតាមសេវាសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស, ប្រជាជនប៉ាឡេស្ទីនជាង៣០ ០០០នាក់ ត្រូវបានសម្លាប់ក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកនិងប្រតិបត្តិការជើងគោកសងសឹករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល ខឹងចិត្ត ក្រោយអាមេរិក មិនវេតូ លើសេចក្តីសម្រេច UN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម