ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បិទស្ថានទូតនៅ ២៨ប្រទេស ខ្លាចអ៊ីរ៉ង់ សងសឹក ខណៈអាមេរិក បារម្ភផ្ទុះសង្គ្រាមធំ
តាមការចុះផ្សាយរបស់សារព័ត៌មាន Sky News Arabia កាលពីថ្ងៃសុក្រទី៥ខែមេសា, រដ្ឋាភិបាលអ៊ីស្រាអែល បានបិទស្ថានទូតនៅ២៨ប្រទេសជុំវិញពិភពលោក ដោយសារខ្លាចអ៊ីរ៉ង់សងសឹក ចំពោះការវាយប្រហារលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងដាម៉ាស ក្នុងប្រទេសស៊ីរី។

ដោយឡែក ស្ថានីយ៍វិទ្យុ Kan រាយការណ៍ថា ក្រសួងការបរទេសអ៊ីស្រាអែល បានសម្រេចចិត្តបែបនេះ បន្ទាប់ពីពិគ្រោះយោបល់ជាមួយភ្នាក់ងារអនុវត្តច្បាប់នានា។ បើតាមគេដឹង ក្នុងការពិគ្រោះយោបល់នោះ បានលើកឡើងពីក្តីកង្វល់ថា ស្ថានទូតមួយចំនួន គួរតែផ្អាកប្រតិបត្តិការសិន ដើម្បីត្រៀមខ្លួន ខ្លាចអ៊ីរ៉ង់សងសឹក ចំពោះការវាយប្រហារនៅទីក្រុង ដាម៉ាស។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក Lior Haiat បានបដិសេធសំណើរបស់សារព័ត៌មាន TASS រុស្ស៊ី ដែលសុំឲ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ ពាក់ព័ន្ធការជម្លៀសបុគ្គលិកចេញពីស្ថានទូតមួយចំនួន។

រឿងនេះកើតឡើង បន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោកនឹងឲ្យអ៊ីស្រាអែលស្តាយក្រោយ ចំពោះការសម្រេចចិត្តរបស់ខ្លួន វាយប្រហារលើការិយាល័យកុងស៊ុល នៅទីក្រុងដាម៉ាស ដែលសម្លាប់មនុស្ស១៣នាក់ ក្នុងនោះរួមមានទាំងមេទ័ពកំពូល Mohammad Reza Zahedi និងមេទ័ពរងរបស់ឆ្មាំបដិវត្តអ៊ីរ៉ង់ឈ្មោះ Mohammad Hadi Haji Rahimi ផងដែរ។
ទន្ទឹមនេះដែរ សហរដ្ឋអាមេរិក បានបង្ហាញក្តីកង្វល់អំពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ប្រាប់ទៅទូរទស្សន៍ CNN ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មានក្តីព្រួយបារម្ភជាពន់ពេកថា ស្ថានការណ៍ អាចនឹងវិវត្តទៅជាសង្រ្គាមទ្រង់ទ្រាយធំ។

ទោះបែបនេះក្តី លោក Kirby អះអាងថា គ្មាននរណាម្នាក់ ចង់ឃើញជម្លោះកាន់តែរីកធំទេ ប៉ុន្តែសហរដ្ឋអាមេរិក នឹងបន្តឈរជាមួយអ៊ីស្រាអែល ហើយផ្តល់ជំនួយយោធាថែមទៀត។
សូមបញ្ជាក់ជាថ្មី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីស្រាអែល បានបើកការវាយប្រហាររាប់រយលើក ទៅលើគោលដៅនៅតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី ហើយអ្វីដែលគេបារម្ភគឺថា ការវាយប្រហារតាមអាកាសបែបនេះ ប្រៀបបាននឹងការចាក់សាំងលើភ្លើងពីលើសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប និងការប៉ះទង្គិចគ្នារវាងយោធាអ៊ីស្រាអែលនិងក្រុមហេសបូឡា នៅព្រំដែនលីបង់-អ៊ីស្រាអែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពិភពលោក បង្វែរចក្ខុ ទៅតាមដានស្ថានការណ៍ អ៊ីស្រាអែល-អ៊ីរ៉ង់ ដែលប្រៀបដូច គ្រាប់បែករៀបនឹងផ្ទុះ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?