ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ចេញមុខនិយាយជំនួសកូនស្រី ក្រោយមានពាក្យសម្ដីល្អិចល្អៀងថា ភឿថៃ ជាបក្សអភិរក្សនិយម
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចេញមុខមកនិយាយការពារជំនួសកូនស្រីពាក់ព័ន្ធទៅនឹងព័ត៌មានល្អិចល្អៀង ក៏ដូចជាមានការចោទប្រកាន់ថា គណបក្សភឿថៃគឺជាបក្សអភិរក្សនិយម ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃទី៥ ខែមេសាកន្លងទៅ ។

លោក ថាក់ស៊ីន បានបញ្ជាក់ថា គណបក្សភឿថៃមិនមែនជាបក្សអភិរក្សនិយមដូចមាត់អ្នកដទៃនិយាយនោះឡើយ ប៉ុន្តែជាគណបក្សកំណែទម្រង់ ដែលមានអាយុកាលចាប់តាំងតែពីការកកើតគណបក្សថៃស្រឡាញ់ថៃដែលត្រូវបានតុលាធម្មនុញ្ញរំលាយមកម្ល៉េះ ។
ថ្លែងទៅកាន់សមាជិកសមាជិកាបក្សក្នុងសន្និសីទតាមវីដេអូមួយនៅឯកិច្ចប្រជុំទូទៅនៃគណបក្សភឿថៃកាលពីថ្ងៃសុក្រ លោក ថាក់ស៊ីន បានអះអាងថា គណបក្សថៃស្រឡាញ់ថៃដែលត្រូវបានរំលាយចោលទៅហើយនោះ គឺជាគណបក្សដែលណែនាំឲ្យមានការផ្លាស់ប្តូរជាច្រើនដល់សង្គមជាតិថៃ រាប់ចាប់ពីប្រព័ន្ធគោលនយោបាយសន្តិសុខសុខភាពសកលចំនួន ៣០ បាត ផ្ដល់ទៅកាន់មូលនិធិតាមភូមិស្រុក និងការធានាតម្លៃផលិតផលកសិកម្មជាដើម ។
អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះលើកឡើងថា គណបក្សភឿថៃបាននិងកំពុងបន្តអនុវត្តគោលនយោបាយកំណែទម្រង់របស់អ្នកកាន់តំណែងមុនរបស់ខ្លួន ជាពិសេសឥឡូវនេះគណបក្សក៏កំពុងចាប់ផ្តើមគម្រោង “កាបូបលុយឌីជីថល” ដែលលោកចាត់ទុកថាជា “គោលគំនិតថ្មីដ៏អស្ចារ្យ” ។

ឪពុករបស់ប្រធានគណបក្សភឿថៃរូបនេះបញ្ជាក់បន្ថែមថា លោកមានទំនុកចិត្តលើលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នឹងអាចកាច់ចង្កូតនាវានាំប្រទេសថៃឲ្យឆ្ពោះទៅរកការអភិវឌ្ឍន៍បាន ដោយសារលោកជានាយកប្រតិបត្តិអាជីវកម្មដ៏មានបទពិសោធន៍ និងមានទំនាក់ទំនងយ៉ាងគាប់ប្រសើរជាមួយដៃគូវិនិយោគិនបរទេស ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីអនុវត្តទោសទណ្ឌបានរយៈពេល ៦ ខែ ដោយសារតែស្ថានភាពរបស់លោកស៊ីទៅនឹងលក្ខខណ្ឌនៃការលើកលែងទោសដូចជា លោកស្ថិតក្នុងចំណោមទណ្ឌិត ៩៣០ ដែលចាត់ទុកជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំ បូករួមទាំងស្នាដៃបម្រើប្រទេសជាតិនៅពេលកន្លងមកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?