ព័ត៌មានអន្ដរជាតិ
៦ ខែនៃភ្លើងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស នៅតែមិនទាន់មានទឹកត្រជាក់មកពន្លត់
គិតរហូតមកដល់ពេលនេះ ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សាបានចាយពេល ៦ ខែហើយ ចាប់តាំងពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដ៏មិននឹកស្មានដល់មួយចូលមកក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ខណៈភ្នក់ភ្លើងសង្គ្រាមមួយនេះក៏មិនទាន់មានទឹកត្រជាក់ណាមួយយកមកពន្លត់នោះដែរ ពោលមានតែចាប់ទាញដៃឲ្យជនស៊ីវិលប៉ាឡេស្ទីនស្លាប់ច្រើនឡើងៗ និងផ្ទុះការតវ៉ាជាហូរហែ ។

យោងតាមការផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK បានឲ្យដឹងថា មនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ានៅក្នុងទីក្រុង Tel Aviv នៅក្នុងខួប ៦ ខែពោលកាលពីថ្ងៃទី៧ ខែមេសា ក្នុងមុខព្រួញចង់ឲ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ចុះចេញពីតំណែង ដោយសារនៅតែគ្មានដំណោះស្រាយបញ្ចប់សង្គ្រាម ជាពិសេសគឺការបរាជ័យក្នុងការដោះលែងឈ្លើយសឹកជាង ១៣០ នាក់ដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ។
បុរសម្នាក់ដែលឪពុកម្តាយរបស់ខ្លួនត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសជឿជាក់ថា អ៊ីស្រាអែលគួរតែសម្រេចបានសន្តិភាពជាមួយប៉ាឡេស្ទីនជាជាងបន្តអូសបន្លាយជម្លោះ ហើយការសងសឹក ក៏ដូចជាការបង្ហូរឈាមគ្នាមិនមែនជាចម្លើយសន្តិភាពនោះទេ ម្យ៉ាងទៀតដោយសារតែជំហររឹងទទឹងនេះហើយទើបអ៊ីស្រាអែលមិនអាចសម្រេចការណ៍ធំបាន ។

ការបាញ់បោះដាក់គ្នាបានផ្ទុះមានឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ គ្រាដែលក្រុមហាម៉ាសបានបើកប្រតិបត្តិការវាយឆ្មក់ដោយមិនបានលួចប្រាប់ឲ្យដឹងមុនចូលមកដល់ក្នុងផ្ទះនៃប្រទេសអ៊ីស្រាអែល ខណៈរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលបាត់បង់រូបកាយលើសពី ៣៣,០០០ នាក់ទៅហើយ ស្របពេលដែលស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបក៏កាន់តែយ៉ាប់យ៉ឺន ឯកិច្ចចរចាបទឈប់បាញ់រវាងភាគីទាំងពីរក៏ស្ទើរតែហៅលែងឮទៅទៀត ។
សហរដ្ឋអាមេរិកកាលពីដើមខែមីនាបានបើកប្រតិបត្តិការទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាសទៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីការផ្ដល់ជំនួយមនុស្សធម៌តាមផ្លូវគោកត្រូវបានរាំងខ្ទប់ដោយកងកម្លាំងអ៊ីស្រាអែល មិនត្រឹមតែប៉ុណ្ណោះ កម្លាំងទ័ពរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ថែមទាំងបើកការបាញ់បោះទៅលើជនស៊ីវិលប៉ាឡេស្ទីនដែលកំពុងរង់ចាំបើកជំនួយទាំងនោះទៅទៀត ដោយនាំឲ្យ UN ក្ដៅស្លឹកត្រចៀក និងរិះគន់យ៉ាងចាស់ដៃទៅលើអ៊ីស្រាអែល ។

ទោះយ៉ាងណា ក្រុមអ្នកវិភាគនយោបាយរបស់អ៊ីស្រាអែលមើលឃើញថា ស្ថានភាពជម្លោះមួយនេះអាចនឹងមានការប្រែប្រួល បន្ទាប់ពីសហរដ្ឋអាមេរិកដែលជាបងធំនៅពីក្រោយអ៊ីស្រាអែលបានបញ្ជាក់ច្បាស់ៗអំពីការផ្លាស់ប្តូរជំហររបស់ខ្លួន ក្រោយពេលដែលអ៊ីស្រាអែលបិទត្រចៀកលែងស្ដាប់ការព្រមានជាហូរហែពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។
លោកប្រធានាធិបតីអាមេរិក Joe Biden បានព្រមានលោក Netanyahu ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ បន្ទាប់ពីការស្លាប់បាត់បង់ជីវិតរបស់បុគ្គលិកជំនួយមនុស្សធម៌ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាថា គោលនយោបាយរបស់សហរដ្ឋអាមេរិកនឹងអាស្រ័យលើការអនុវត្តជំហានថ្មីនៃការការពារជនស៊ីវិល និងបុគ្គលិកជំនួយមនុស្សធម៌របស់អ៊ីស្រាអែល ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ប្រមុខអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានអំពាវនាវឲ្យមានកិច្ចការស៊ើបអង្កេតដោយឯករាជ្យលើការស្លាប់បាត់បង់ជីវិតរបស់បុគ្គលិកជំនួយមនុស្សធម៌របស់អង្គការអាហារសប្បុរសធម៌ World Central Kitchen ប្រមាណ ១៩៦ នាក់ដែលត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងពេលភ្លើងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយលោកថែមទាំងឲ្យរដ្ឋាភិបាលរបស់លោក Netanyahu ឆ្លើយប្រាប់មកថា “ហេតុអ្វីបានជាបុគ្គលិកទាំងនោះត្រូវសម្លាប់ជាប្រព័ន្ធយ៉ាងដូច្នេះ?” ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងនោះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៣,២០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយប្រមាណ ៧៥,៩០០ នាក់ផ្សេងទៀតរងរបួស ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ៕
ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ