ព័ត៌មានអន្ដរជាតិ
អាកាសធាតុក្តៅសឹងឆេះ ផ្តាច់ជីវិតមនុស្ស ៣០នាក់ នៅថៃ
នាយកដ្ឋានគ្រប់គ្រងជំងឺថៃ ហៅកាត់ DDC បានចេញរបាយការណ៍ថា កម្តៅយ៉ាងក្តៅគគុក បានសម្លាប់មនុស្សចំនួន៣០នាក់ហើយ គិតត្រឹមខែមេសានេះ។

តាមការបញ្ជាក់ពីអ្នកនាំពាក្យ DDC គឺលោកវេជ្ជបណ្ឌិត Wirarat Manosutthi ប្រាប់ទៅ The Nation, ឆ្នាំនេះ ជំងឺដាច់សរសៃឈាមខួរក្បាល កំពុងឆក់យកជីវិតមនុស្សច្រើនជាងឆ្នាំមុនទៅទៀត។
ត្បិតឆ្នាំមុន មានមនុស្សស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាលដល់ទៅ៣៧នាក់ក៏ពិតមែន ប៉ុន្តែតួលេខកាលនោះគឺរាប់ចាប់ពីខែមីនាដល់មិថុនា ខណៈតួលេខឆ្នាំនេះទើបគិតត្រឹមខែមីនាដល់មេសាប៉ុណ្ណោះ ដែលនេះជាហេតុនាំឲ្យមានការសន្និដ្ឋានថា បើគិតរយៈពេលដូចគ្នា តួលេខអាចឡើងលើស។

ស្របពេលជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត បានណែនាំឲ្យមនុស្សផឹកទឹកយ៉ាងតិចពីរកែវរៀងរាល់ម៉ោង ហើយគួរតែនៅក្នុងផ្ទះ និងស្លៀកសម្លៀកបំពាក់ស្តើងៗ។ លោកក៏ណែនាំឲ្យប្រជាពលរដ្ឋប្រញាប់ទៅជួបគ្រូពេទ្យផងដែរ ប្រសិនបើពួកគេមានអារម្មណ៍ថប់ដង្ហើម ឬវិលមុខ។
របាយការណ៍របស់ DDC ត្រូវបញ្ចេញ ចំពេលនាយកដ្ឋានឧតុនិយមថៃ ព្រមានអំពីអាកាសធាតុក្តៅខ្លាំងអាចឈានដល់កម្រិតបំបែកកំណត់ត្រានារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Somkuan Tonjan ប្រធានផ្នែកអង្កេតនៃនាយកដ្ឋានឧតុនិយមថៃ បាននិយាយកាលពីថ្ងៃពុធទី២៤ខែមេសាថា សីតុណ្ហភាពនឹងហក់ឡើងខ្ពស់ ដល់សប្តាហ៍ក្រោយ ហើយម្យ៉ាងវិញទៀត រដូវវស្សាឆ្នាំនេះ នឹងមានភាពយឺតយ៉ាវជាងរាល់ឆ្នាំ។
លោកគូសបញ្ជាក់ថា ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ខ្យល់បក់បោកពីទិសខាងលិចនិងខាងជើង នឹងមកដល់ភាគឦសាន វាលទំនាបកណ្តាល និងខាងកើត ដោយនាំមកជាមួយនូវសីតុណ្ហភាពខ្ពស់ អាចឈានដល់កម្រិតបំបែកកំណត់ត្រាកំណត់ឆ្នាំ២០១៦ និង ២០២៣ទៅទៀត។

តាមការកត់ត្រា នៅថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ ខេត្ត Mae Hong Son បានជួបប្រទះសីតុណ្ហភាពខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ៤៤.៦អង្សាសេ ចំណែកខេត្ត Tak ក៏ជួបអាកាសធាតុក្តៅដូចគ្នានេះដែរ នៅថ្ងៃទី១៥ខែមេសាឆ្នាំ២០២៣។
ដោយឡែក សីតុណ្ហភាពខ្ពស់បំផុតក្នុងឆ្នាំនេះគឺ ៤៤.២អង្សាសេ ត្រូវបានកត់ត្រានៅខេត្តភាគខាងជើង Lampang កាលពីថ្ងៃចន្ទទី២២ខែមេសាថ្មីៗនេះឯង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ព្រមានប្រជាជនកុំចេញទៅណា ខណៈអាកាសធាតុ នឹងក្តៅបំផុតក្នុងប្រវត្តិសាស្រ្ត

-
KPT+១២ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់