ព័ត៌មានអន្ដរជាតិ
ប្រភពមួយទម្លាយថា សប្តាហ៍នេះ ICC នឹងចេញដីកាចាប់ខ្លួនលោក Netanyahu
យោងតាមប្រភពពីសារព័ត៌មាន NBC News កាលពីថ្ងៃចន្ទទី២៩ខែមេសា, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) អាចនឹងចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីកំពូលរបស់គាត់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនិងចេញដីកាចាប់ខ្លួនតែម្តងនៅសប្តាហ៍នេះ ពាក់ព័ន្ធអំពើហិង្សានៅប៉ាឡេស្ទីន។

ដោយលើកយកសម្តីមន្ត្រីអ៊ីស្រាអែល បណ្តាញសារព័ត៌មានរបស់សហរដ្ឋអាមេរិកខាងលើហ៊ានអះអាងថា ដីកានោះអាចចេញដើម្បីចាប់ខ្លួនលោក Netanyahu, រដ្ឋមន្ត្រីការពារជាតិ Yoav Gallant និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀតតែមិនបញ្ចេញឈ្មោះ ខណៈអ៊ីស្រាអែលកំពុងធ្វើការតាមរយៈបណ្តាញការទូត ដើម្បីព្យាយាមបញ្ឈប់រឿងនេះ។
ទន្ទឹមនោះ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល, មេទ័ព Herzl Halevi ក៏ស្ថិតក្នុងចំណោមមន្ត្រីយោធាដែលប្រឈមមុខនឹងការចោទប្រកាន់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ICC មិនបញ្ជាក់ ឬបដិសេធចំពោះរបាយការណ៍នេះទេ ដោយគ្រាន់តែប្រាប់ NBC ថា ខ្លួនកំពុងបើកការស៊ើបអង្កេតឯករាជ្យ ទាក់ទងនឹងស្ថានភាពក្នុងរដ្ឋប៉ាឡេស្ទីន។
សូមបញ្ជាក់ ការស៊ើបអង្កេតរបស់ ICC ចាប់ផ្តើមឡើងក្នុងឆ្នាំ២០២១ ហើយជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តដោយយោធាអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ West Bank និង Gaza ចាប់តាំងពីឆ្នាំ២០១៤មក ពេលដែលអ៊ីស្រាអែល ធ្វើសង្គ្រាមរយៈពេលមួយខែប្រឆាំងនឹងក្រុមហាម៉ាស។

យ៉ាងណាមិញ ការស៊ើបអង្កេតនេះ គឺដាច់ដោយឡែកពីករណីប្រល័យពូជសាសន៍ស៊ើបអង្កេតដោយអាហ្រ្វិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល ដែលបច្ចុប្បន្នកំពុងបើកសវនាការដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ទីក្រុង Pretoria ចោទថា កងកម្លាំងអ៊ីស្រាអែល បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងអំឡុងប្រតិបត្តិការកម្ចាត់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។
ICC និង ICJ សុទ្ធតែមានមូលដ្ឋាននៅទីក្រុងឡាអេ នៃប្រទេសហូឡង់។ នៅក្រោមលក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ២០០២, ICC មានភារកិច្ចកាត់ទោសបុគ្គលនានាចំពោះអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មនៃការឈ្លានពាន។ ម្យ៉ាងវិញទៀត ICJ គឺជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ ដែលមានភារកិច្ចដោះស្រាយវិវាទរវាងប្រទេសនានា។

ប្រសិនបើ ICC ចេញដីកាចាប់ខ្លួនលោក Netanyahu មែននោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ទំនងជាមិនត្រូវបាននាំទៅទីក្រុងឡាអេ ដើម្បីប្រឈមមុខនឹងការកាត់ក្តីទេ ព្រោះថា អ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិនដែរ គឺមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមឡើយ ហើយក៏មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះដែរ។
យ៉ាងណាក្តី ដីកាអាចដាក់លោក Netanyahu ឲ្យប្រឈមនឹងការចាប់ខ្លួន ប្រសិនបើគាត់ធ្វើដំណើរទៅកាន់ប្រទេសណាមួយក្នុងចំណោមរដ្ឋជាសមាជិកទាំង១២៤ ដែលទទួលស្គាល់តុលាការនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តួកគី៖ ថ្ងៃណាមួយ ICC នឹងចោទប្រកាន់លោក Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាម

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?