ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញមុខប្រកាសសងសឹក ICC បើចេញដីកាចាប់ខ្លួនលោក Netanyahu
តាមការចុះផ្សាយរបស់សារព័ត៌មាន RT កាលពីថ្ងៃអង្គារទី៣០ខែមេសា, សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ សុទ្ធតែអំពាវនាវឲ្យមានការសងសឹកប្រឆាំងនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រសិនបើតុលាការនេះចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល ជុំវិញតួនាទីរបស់ពួកគេ ក្នុងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងប៉ាឡេស្ទីន មែន។

ឆ្លើយតបនឹងព័ត៌មានក្នុងសប្តាហ៍នេះដែលថា តុលាការមានមូលដ្ឋាននៅទីក្រុងឡាអេ នឹងប្រកាសចេញដីកាចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងមន្ត្រីអ៊ីស្រាអែលផ្សេងទៀត, សមាជិកសភាអាមេរិក បានចេញសេចក្តីថ្លែងការណ៍ព្រមានអំពីផលវិបាកបើរឿងនេះកើតឡើងមែន។
លោក Brad Sherman សមាជិកសភាគណបក្សប្រជាធិបតេយ្យនៃរដ្ឋកាលីហ្វ័រញ៉ា ស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់ដែលទទូចឲ្យទីក្រុងវ៉ាស៊ីនតោន សងសឹកចំពោះការប៉ុនប៉ង ចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល ទាំងដែលសង្រ្គាមជាមួយក្រុមហាម៉ាស មិនទាន់មានសញ្ញាធូរស្រាល។

សមាជិកសភា១៤អាណត្តិរូបនេះនិយាយថា ICC កំពុងពិចារណាលើដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល។ ចំណាត់ការបែបនេះនឹងប្រែក្លាយសាលាក្តីនេះទៅជា តុលាការគ្មានបានការ ធ្វើតាមតែបញ្ជាគេ។ លោកប្រធានាធិបតី ចូ បៃដិន ត្រូវតែថ្កោលទោសរឿងនេះ ហើយច្បាស់ណាស់ សភាអាមេរិកបានមើលឃើញផលវិបាក ពាក់ព័ន្ធការសម្រេចចិត្តមិនសមហេតុផលបែបនេះ។
ដូចលោក Sherman ដែរ, អ្នកតំណាង Ritchie Torres ខាងគណបក្សប្រជាធិបតេយ្យមកពីញូវយ៉កបានព្រមានថា ទាំងសភានិងលោក បៃដិន ត្រូវតែឆ្លើយតបខ្លាំងៗ ប្រសិនបើ ICC ចេញដីកាចាប់ខ្លួនថ្នាក់ដឹកនាំអ៊ីស្រាអែលមែន។

ចំណែកខាងគណបក្សសាធារណរដ្ឋឯណោះវិញ ក៏បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ដោយអ្នកតំណាង Elise Stefanik មកពីញូវយ៉ក និយាយថា ICC កំពុងកាន់ជើងក្រុមហាម៉ាស ដោយការប៉ុនប៉ងដាក់ទណ្ឌកម្មប្រទេសលទ្ធិប្រជាធិបតេយ្យតែមួយគត់នៅមជ្ឈិមបូព៌ា ដោយគ្រាន់តែពួកគេការពារខ្លួនប្រឆាំងអំពើភេរវកម្មដ៏ព្រៃផ្សៃ។
សូមបញ្ជាក់ជាថ្មី មុននេះ យោងតាមប្រភពពីសារព័ត៌មាន NBC News បានឲ្យដឹងថា ICC អាចនឹងចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីកំពូលរបស់គាត់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនិងចេញដីកាចាប់ខ្លួនតែម្តងនៅសប្តាហ៍នេះ ពាក់ព័ន្ធអំពើហិង្សានៅប៉ាឡេស្ទីន។

ដោយលើកយកសម្តីមន្ត្រីអ៊ីស្រាអែល បណ្តាញសារព័ត៌មានរបស់សហរដ្ឋអាមេរិកខាងលើហ៊ានអះអាងថា ដីកានោះអាចចេញដើម្បីចាប់ខ្លួនលោក Netanyahu, រដ្ឋមន្ត្រីការពារជាតិ Yoav Gallant និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀតតែមិនបញ្ចេញឈ្មោះ ខណៈអ៊ីស្រាអែលកំពុងធ្វើការតាមរយៈបណ្តាញការទូត ដើម្បីព្យាយាមបញ្ឈប់រឿងនេះ។
ទន្ទឹមនោះ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល, មេទ័ព Herzl Halevi ក៏ស្ថិតក្នុងចំណោមមន្ត្រីយោធាដែលប្រឈមមុខនឹងការចោទប្រកាន់ផងដែរ។

ការស៊ើបអង្កេតរបស់ ICC ចាប់ផ្តើមឡើងក្នុងឆ្នាំ២០២១ ហើយជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តដោយយោធាអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ West Bank និង Gaza ចាប់តាំងពីឆ្នាំ២០១៤មក ពេលដែលអ៊ីស្រាអែល ធ្វើសង្គ្រាមរយៈពេលមួយខែប្រឆាំងនឹងក្រុមហាម៉ាស។
យ៉ាងណាមិញ ការស៊ើបអង្កេតនេះ គឺដាច់ដោយឡែកពីករណីប្រល័យពូជសាសន៍ស៊ើបអង្កេតដោយអាហ្រ្វិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល ដែលបច្ចុប្បន្នកំពុងបើកសវនាការដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ទីក្រុង Pretoria ចោទថា កងកម្លាំងអ៊ីស្រាអែល បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងអំឡុងប្រតិបត្តិការកម្ចាត់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

ICC និង ICJ សុទ្ធតែមានមូលដ្ឋាននៅទីក្រុងឡាអេ នៃប្រទេសហូឡង់។ នៅក្រោមលក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ២០០២, ICC មានភារកិច្ចកាត់ទោសបុគ្គលនានាចំពោះអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មនៃការឈ្លានពាន។ ម្យ៉ាងវិញទៀត ICJ គឺជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ ដែលមានភារកិច្ចដោះស្រាយវិវាទរវាងប្រទេសនានា។
ប្រសិនបើ ICC ចេញដីកាចាប់ខ្លួនលោក Netanyahu មែននោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ទំនងជាមិនត្រូវបាននាំទៅទីក្រុងឡាអេ ដើម្បីប្រឈមមុខនឹងការកាត់ក្តីទេ ព្រោះថា អ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិនដែរ គឺមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមឡើយ ហើយក៏មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះដែរ។
យ៉ាងណាក្តី ដីកាអាចដាក់លោក Netanyahu ឲ្យប្រឈមនឹងការចាប់ខ្លួន ប្រសិនបើគាត់ធ្វើដំណើរទៅកាន់ប្រទេសណាមួយក្នុងចំណោមរដ្ឋជាសមាជិកទាំង១២៤ ដែលទទួលស្គាល់តុលាការនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រភពមួយទម្លាយថា សប្តាហ៍នេះ ICC នឹងចេញដីកាចាប់ខ្លួនលោក Netanyahu

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ