ព័ត៌មានអន្ដរជាតិ
Microsoft រើសយកប្រទេសអាស៊ានចំនួន៣ ដាក់ទុនវិនិយោគខ្ទង់៥ពាន់លានដុល្លារ
ប្រទេសអាស៊ានចំនួន៣ មានដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ នឹងក្លាយជាគោលដៅបោះទុនវិនិយោគតម្លៃរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft។ ទុនវិនិយោគសរុបទៅលើប្រទេសទាំង៣ មានជាង ៤,៩ពាន់លានដុល្លារ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP កាលពីថ្ងៃទី១ ខែឧសភា ក្រុមហ៊ុន Microsoft បានសម្រេចដាក់ទុននៅឥណ្ឌូណេស៊ីចំនួន ១,៧ពាន់លានដុល្លារ នៅក្នុងរយៈពេល៤ឆ្នាំខាងមុខ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាក់ទិននឹងបច្ចេកវិទ្យា Ai និងបច្ចេកវិទ្យាខ្លោដ (Cloud Computing)។ ទំហំទឹកប្រាក់នេះ គឺជាតួលេខវិនិយោគទោលដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ី របស់ក្រុមហ៊ុន Microsoft ក្នុងរយៈពេល២៩ឆ្នាំកន្លងមកនេះ។
លោក Satya Nadella នាយកប្រតិបត្តិ Microsoft បាននិយាយថា ជំនាន់ថ្មីនៃបច្ចេកវិទ្យា Ai កំពុងកែប្រែទម្លាប់មនុស្សរស់នៅ និងធ្វើការនៅគ្រប់កន្លែងទាំងអស់ជុំវិញពិភពលោក មិនថាតែនៅឥណ្ឌូណេស៊ីនោះទេ។ លោកបន្តថា ការវិនិយោគនៅឥណ្ឌូណេស៊ី នឹងជួយពង្រីកវិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជំនាញ ព្រមទាំងការគាំទ្រដល់អ្នកអភិវឌ្ឍបច្ចេកវិទ្យានៅឥណ្ឌូណេស៊ីឲ្យឈានដល់សករាជថ្មីមួយ។

បន្ថែមពីការវិនិយោគនៅឥណ្ឌូណេស៊ី ក្រុមហ៊ុន Microsoft ក៏បានបោះទុនចំនួន ២,២ពាន់លានដុល្លារផងដែរនៅក្នុងប្រទេសម៉ាឡេស៊ី ទៅលើគម្រោងដូចគ្នា។ លោក Nadella បានប្រាប់ថា គម្រោងនេះនៅម៉ាឡេស៊ី នឹងជួយបង្កើនការអប់រំផ្នែកបច្ចេកវិទ្យាដល់មនុស្សចំនួន ២០ម៉ឺននាក់។ “ការបណ្ដាក់ទុនរបស់ពួកយើងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធនិងជំនាញឌីជីថល នឹងជួយឲ្យពាណិជ្ជកម្ម សហគមន៍ និងក្រុមអ្នកអភិវឌ្ឍបច្ចេកវិទ្យានៅម៉ាឡេស៊ី តាមទាន់បច្ចេកវិទ្យាចុងក្រោយ ដើម្បីជំរុញភាពច្នៃប្រឌិត និងកំណើនសេដ្ឋកិច្ចនៅពាសពេញផ្ទៃប្រទេស” នេះជាការលើកឡើងរបស់ Microsoft។
ដោយឡែកនៅថៃឯណោះវិញ ក៏មានការប្រកាសពីក្រុមហ៊ុន Microsoft ដែរ ពាក់ព័ន្ធនឹងគម្រោងមជ្ឈមណ្ឌលទិន្នន័យជាលើកដំបូងនៅក្នុងប្រទេស។ Microsoft នឹងសង់មជ្ឈមណ្ឌលទិន្នន័យសម្រាប់កម្មវិធី Azure ដែលជាបច្ចេកវិទ្យាខ្លោដរបស់ខ្លួន។ ទំហំវិនិយោគនេះ មិនទាន់មានការបង្ហាញតួលេខច្បាស់លាស់ទេ តែបើតាមប្រភពពី Microsoft ហើយចុះផ្សាយដោយសារព័ត៌មាន Bangkok Post បានឲ្យដឹងថា Microsoft គ្រោងនឹងដាក់លុយ ១ពាន់លានដុល្លារនៅក្នុងប្រទេសថៃ ដែលវាជាគម្រោង១ក្នុងចំណោមមជ្ឈមណ្ឌលទិន្នន័យទាំង៣០០របស់ Microsoft នៅពាសពេញពិភពលោក។

សូមបញ្ជាក់ថា Microsoft បានសម្លឹងឃើញអាស៊ីអាគ្នេយ៍គឺជាទីផ្សារកំពុងលូតលាស់ និងជាទីតាំងដែលមានសក្ដានុពលសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា Ai។ វត្តមាន Ai នៅក្នុងអាស៊ីអាគ្នេយ៍ នឹងជួយរុញច្រានឲ្យកំណើនសេដ្ឋកិច្ចមានភាពល្អប្រសើរខ្លាំង។ បើយោងតាមក្រុមហ៊ុនប្រឹក្សាសកល Kearney បានស្រាវជ្រាវថា បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត Ai អាចបង្កើតចំណូលបាន ១ទ្រីលានដុល្លារឲ្យទៅ GDP អាស៊ីអាគ្នេយ៍ ត្រឹមឆ្នាំ២០៣០ខាងមុខ។ ក្នុងនោះ ឥណ្ឌូណេស៊ី នឹងទទួលផលបាន ៣៦៦ពាន់លានដុល្លារ, ម៉ាឡេស៊ី បាន ១១៥ពាន់លានដុល្លារ និងថៃ បាន ១១៧ពាន់លានដុល្លារ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ