Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ផ្អាក​ការ​ដឹក​គ្រាប់បែក​ឲ្យ​ទៅ​អ៉ីស្រាអ៊ែល ព្រួយ​បារម្ភ​រឿង​​វាយលុក​នៅ Rafah

បានផុស

នៅ

គម្រោង​បញ្ជូន​គ្រាប់​បែក​​របស់​អាមេរិក​ឲ្យ​ទៅ​អ៉ីស្រាអ៊ែល ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ហើយ​ កាល​ពី​សប្ដាហ៍​​មុន ដោយ​អាមេរិក​ព្រួយ​បារម្ភ​ថា អ៉ីស្រាអ៊ែល​អាច​នឹង​​បើក​ការ​វាយ​ប្រហារ​​ខ្នាត​ធំ​ទៅ​លើ​ទីក្រុង Rafah នៃ​តំបន់​កាហ្សា ដែល​វា​​គឺ​ជា​ទង្វើ​ផ្ទុយ​ពី​បំណង​របស់​​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន AP នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា។

ការ​វាយ​ប្រហារ​នៅ​ទីក្រុង Rafah ភាគ​ខាង​ត្បូង​តំបន់​កាហ្សា ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៤ (រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយ​របស់​​អាមេរិក​​​​នេះ ដំបូង​ឡើយ​​គ្រោង​នឹង​​ដឹក​គ្រាប់​បែក​ប្រភេទ​ទម្ងន់ ៩០០​គីឡូក្រាម និង​ប្រភេទ​ទម្ងន់ ២២៥​គីឡូក្រាម ទៅ​អ៉ីស្រាអ៊ែល តែ​ត្រូវ​ផ្អាក​វិញ ព្រោះ​អាមេរិក បារម្ភ​ថា អ៉ីស្រាអ៊ែល​អាច​ប្រើ​គ្រាប់​បែក​ទាំង​នោះ​យក​ទៅ​បំផ្ទុះ​នៅ​​តំបន់​ប្រជុំជន ដែល​មាន​ជន​ស៊ីវិល​រស់នៅ​ច្រើន​ជាង ១​លាន​នាក់។

ការ​ផ្អាក​ជំនួយ​លើក​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ទាម​ទារ​​របស់​អាមេរិក​ ដែល​ប្រាប់​ឲ្យ​អ៉ីស្រាអ៊ែល​ត្រូវ​​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​​ការពារ​ជីវិត​ជន​ស៊ីវិល​ដែល​មិន​ដឹង​អី​នៅ​តំបន់​កាហ្សា។ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា អាមេរិក​បាន​បដិសេធ​​មិន​បញ្ជាក់​ថា ការ​ផ្អាក​ជំនួយ​ទៅ​អ៉ីស្រាអ៊ែល​ត្រូវ​ធ្វើ​ដល់​ពេល​ណា​នោះ​ទេ។

រូបភាព៖ AP

គួរ​រំឭក​ថា ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស នៅ​ភាគ​ខាង​ត្បូង​អ៉ីស្រាអ៊ែល ធ្វើ​ឡើ​ង​នៅ​ក្នុង​ថ្ងៃ​​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣ ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច ១ ២០០​នាក់ និង​ ២៥០​នាក់ ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង។ អ៉ីស្រាអ៊ែល បាន​សងសឹក​វិញ​ដោយ​បើក​​ការ​វាយ​ប្រហារ​តាម​ដែន​អាកាស ​និង​ជើង​គោក ក្នុង​នោះ​មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​បាន​ស្លាប់ ៣៤ ៥៦៨​នាក់ ខណៈ ៧៧ ៧៦៥​នាក់​ផ្សេង​ទៀត​រង​របួស។

សភា​អាមេរិក កាល​​ពី​ខែ​មេសា​កន្លង​ទៅ បាន​អនុម័ត​កញ្ចប់​ជំនួយ​​ថវិកា​​សន្តិសុខ​ជាតិ​ចំនួន ៩៥​ពាន់​លាន​ដុល្លារ​ឲ្យ​ទៅ​​បណ្ដា​សម័ន្ធមិត្ត ហើយ​ក្នុង​នោះ​អ៉ីស្រាអ៊ែល​ទទួល​បាន​ជំនួយ​យោធា​ជាង ១៤​ពាន់​លាន​ដុល្លារ៕

ដោយ​៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម