Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់​យន្តហោះ​ចម្បាំង​នៅ​សិង្ហបុរី តែ​​អ្នក​បើក​គ្មាន​រង​របួស​បន្តិច​សោះ

បានផុស

នៅ

នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា នេះ មាន​ការ​ធ្លាក់​យន្តហោះ​យោធា​មួយ​គ្រឿង​នៅ​​មូលដ្ឋាន​ទ័ព​អាកាស Tengah ក្នុង​ប្រទេស​សិង្ហបុរី តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​បាត់បង់​ជីវិត​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

យន្តហោះ F-16 (រូប​តំណាង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់​​​ធ្លាក់​យន្តហោះ​​ F-16 របស់​កង​កម្លាំង​អាកាស​នៃ​សាធារណរដ្ឋ​សិង្ហបុរី បាន​កើត​ឡើង​​មិន​​បាន​ប៉ុន្មាន​នាទី​​ក្រោយ​ពេល​ហោះ​ចេញ​នៅ​អំឡុង​ម៉ោង ១២ និង ៣៥​នាទី​ថ្ងៃ​ត្រង់។ អ្នក​បើក​​ F-16 នេះ បាន​រួច​ផុត​ពី​គ្រោះថ្នាក់ ដោយ​​អាច​​លោត​ចេញ​ពី​យន្តហោះ​​យ៉ាង​មាន​បច្ចេកទេស​។

លោក Ng Eng Hen រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សិង្ហបុរី បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​​មិន​បាន​បាត់​បង់​ស្មារតី និង​អាច​ដើរ​បាន​ដូច​ធម្មតា ប៉ុន្តែ​​ត្រូវ​ស្ថិត​​នៅ​ក្រោម​ការយក​ចិត្ត​ទុក​ដាក់​ផ្នែក​វេជ្ជសាស្ត្រ។ លោក​​​​បន្ត​ថា “ការ​ប្រុង​ប្រយ័ត្ន និង​ការ​អនុលោម​តាម​​នីតិវិធី​សុវត្ថិភាព​របស់​គាត់​ក្នុង​ការ​លោត​ចេញ​ពី​យន្តហោះ បាន​ជួយ​សង្គ្រោះ​ជីវិត​របស់​គាត់”។ បន្ថែម​ពី​នេះ លោក​ថា ការ​ស៊ើប​អង្កេត​កំពុង​ស្ថិត​នៅក្នុង​ដំណើរការ។

គួរ​រំឭកថា សិង្ហបុរី បាន​​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ប្រភេទ F-16 អស់​រយៈពេល​ជិត ៣០​ឆ្នាំ​​មក​ហើយ។ ករណី​ធ្លាក់​យន្តហោះ​ដំបូង បាន​កើត​ឡើង​កាល​ពី​២០​ឆ្នាំ​មុន នា​ខែ​ឧសភា ឆ្នាំ​២០០៤ ខណៈ​ដែល​កំពុង​ធ្វើ​បេសកកម្ម​ហ្វឹកហាត់​​នៅ​រដ្ឋ Arizona លើ​ទឹក​ដី​សហរដ្ឋ​​អាមេរិក។ ហេតុការណ៍​នោះ​ បាន​​ឆក់​យក​ជីវិត​អ្នក​បើកបរ​ម្នាក់​វ័យ​២៥​ឆ្នាំ៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម