ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល នៅតែផ្គើនអាមេរិក ចេញបញ្ជាឲ្យជនស៊ីវិល ឆាប់ជម្លៀសចេញពី Rafah ខណៈខ្លួន វាយសន្ធាប់
តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃអាទិត្យទី១២ខែឧសភា, អ៊ីស្រាអែល បានប្រាប់ឲ្យប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ទៀត ឆាប់រួសរាន់ចាកចេញពីក្រុង Rafah ខណៈខ្លួនបង្កើនប្រតិបត្តិការយោធានៅភាគខាងត្បូងតំបន់ ហ្គាហ្សា។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-611-1024x576.png)
ចំពោះសេចក្តីជូនដំណឹងនេះ អ៊ីស្រាអែល បានទម្លាក់ខិត្តប័ណ្ណពីលើអាកាស និងបង្ហោះសារតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រាប់ទៅពលរដ្ឋនៅក្នុងសង្កាត់ភាគខាងកើតក្រុង ឲ្យជម្លៀសខ្លួនទៅ al-Mawasi ស្ថិតនៅលើឆ្នេរសមុទ្រដ៏តូចចង្អៀត ដែលអ៊ីស្រាអែលហៅថាជា “តំបន់មនុស្សធម៌”។
កាលពីប៉ុន្មានថ្ងៃមុន ផ្នែកផ្សេងទៀតនៃទីក្រុង Rafah ក៏បានជម្លៀសមនុស្សចេញផងដែរ ហើយបូករួមនឹងការជម្លៀសថ្មីនេះទៀត វាធ្វើឲ្យ Rafah ស្ងាត់ជ្រងំប្រៀបបានទីក្រុងខ្មោច។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-612-1024x683.png)
ការជម្លៀសនេះ គឺតាមបញ្ជារបស់អ៊ីស្រាអែល ព្រោះថា ខ្លួននឹងបើកប្រតិបត្តិការកាន់តែធំតាមផែនការនៅទីក្រុង Rafah ផ្គើនសម្តីបងធំអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតដែលព្រមានថា ការវាយលុកជើងគោក អាចបណ្តាលឲ្យមានជនស៊ីវិលស្លូតត្រង់យ៉ាងច្រើនបាត់បង់ជីវិត និងបង្កជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។
ងាកទៅលោក ចូ បៃដិន វិញ, ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះប្រកាសថា បទឈប់បាញ់នៅហ្គាហ្សា អាចកើតឡើងបានភ្លាមៗ ប្រសិនបើក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-615.png)
លោកប្រាប់ព្រឹត្តិការណ៍មួយក្នុងទីក្រុង Seattle ថា “អ៊ីស្រាអែលបញ្ជាក់ហើយថា វាគឺអាស្រ័យលើក្រុមហាម៉ាស ប្រសិនបើពួកគេចង់បានបទឈប់បាញ់ពិតមែន យើងអាចសម្រេចបានត្រឹមពេលមួយថ្ងៃ”។
ដោយឡែក តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែឧសភា, ទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើទីក្រុង Rafah ដោយបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ជាច្រើនស្លាប់និងរបួស។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-613-1024x682.png)
ការវាយប្រហារអាកាសនៅសង្កាត់ Sabra បានសម្លាប់មនុស្សចំនួន១២នាក់ រួមមានទាំងស្រ្តីនិងកុមារផងដែរ។ យ៉ាងណា ក្នុងចំណោមនោះ គេដឹងថា មានមេបញ្ជាការជាន់ខ្ពស់នៃកងពលតូចសកម្មប្រយុទ្ធ Al-Mujahedeen និងក្រុមគ្រួសាររបស់គាត់ ព្រមទាំងក្រុមគ្រួសាររបស់មេដឹកនាំក្រុមមួយផ្សេងទៀត។
ពាក់ព័ន្ធការសម្រេចចិត្តបើកប្រតិបត្តិការវាយលុកនៅ Rafah នេះដែរ ត្រូវបានអ៊ីស្រាអែលអះអាងថា គឺដោយសារសកម្មប្រយុទ្ធហាម៉ាស កំពុងសំងំលាក់ខ្លួននៅក្នុងទីក្រុងនេះ ទោះទីនោះក៏មានជនភៀសសឹកហ្គាហ្សារាប់ម៉ឺននាក់ កំពុងស្នាក់អាស្រ័យក៏ដោយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-614-1024x683.png)
សូមជម្រាបថា តាមការបញ្ជាក់ពីក្រសួងសុខាភិបាលហ្គាហ្សា, គិតត្រឹមពេលនេះ ប្រតិបត្តិការរបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៣៥ ០០០ នាក់ និងរបួសជិត ៨ ម៉ឺននាក់ ភាគច្រើនជាជនស៊ីវិលស្លូតត្រង់។
នេះគឺដើម្បីសងសឹកទៅនឹងការវាយប្រហារឆ្លងដែនរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស លើប្រទេសអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលា ដែលពេលនោះបានផ្តាច់ជីវិតមនុស្សប្រហែល ១ ២០០ នាក់ និងចាប់ពង្រត់ ២៥២នាក់ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកចាស់ដៃ លើទីក្រុង Rafah មិនខ្វល់សម្តីអាមេរិក
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?