ព័ត៌មានអន្ដរជាតិ
ថៃ រឹតបន្តឹងការគ្រប់គ្រងតាមព្រំដែន ចំពេលមានជម្លោះនៅ មីយ៉ាន់ម៉ា
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានលើកឡើងថា ប្រទេសថៃកំពុងរៀបចំការការពារសន្តិសុខជាតិយ៉ាងសស្រាក់សស្រាំ ជាពិសេសការបង្កើនសមត្ថភាពគ្រប់គ្រងតាមព្រំដែន ក៏ដូចជាការជួយទៅដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ចំពេលមានជម្លោះដែលកំពុងឆេះរោលរាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ ។

ថ្លែងចេញពីបន្ទាយកងពលធំថ្មើរជើងទី ៩ ក្នុងខេត្ត Kanchanaburi, លោក សេដ្ឋា បានលើកឡើងថា ខណៈមីយ៉ាន់ម៉ានៅតែស្ថិតក្នុងភាពចលាចល ដូច្នេះយើងក៏គិតដល់សារៈសំខាន់នៃការបិទព្រំដែនផងដែរ បើទោះបីជាបច្ចុប្បន្នប្រទេសថៃមានសមត្ថភាពទទួលជនភៀសខ្លួនបានដល់ទៅ ៥,០០០ នាក់ក៏ដោយ ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា លោកបានទទួលរបាយការណ៍ពីមេបញ្ជាការកងទ័ពភូមិភាគជាមួយនឹងសំណើសម្រាប់ការបិទប៉ុស្តិ៍ត្រួតពិនិត្យ និងវិធានការដែលមានស្រាប់សម្រាប់ការការពារតំបន់ព្រំដែន ហើយក្រៅតែពីការបិទព្រំដែនលែងទទួលយកជនភៀសខ្លួនហើយ ការបិទព្រំដែនទាំងនោះក៏ការពារទាំងការនាំចូលទំនិញក្លែងក្លាយ និងការជួញដូរគ្រឿងញៀនជាដើម ។

លោក សេដ្ឋា បន្ថែមថា “យើងត្រូវដោះស្រាយរឿងជាច្រើន រួមទាំងការបង្កើនបុគ្គលិកជំនួយមនុស្សធម៌ និងរៀបចំប៉ុស្តិ៍ត្រូតពិនិត្យប្រមាណជា ២០ កន្លែងជាមួយនឹងសមត្ថភាពអាចផ្ទុកមនុស្សបានប្រហែល ៥០០ ទៅ ១,៥០០ នាក់ ហើយយើងក៏នឹងប្រើបច្ចេកវិទ្យាដូចជា យន្តហោះគ្មានមនុស្សបើក និងម៉ាស៊ីនថតកាំរស្មីអ៊ិចផងដែរ ដើម្បីស្វែងរកទំនិញខុសច្បាប់” ។
ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីកើតមានឡើង បន្ទាប់ពីថ្មីៗនេះមានការប្រយុទ្ធគ្នា និងការបំផ្ទុះគ្រាប់បែកពីសំណាក់កងកម្លាំងមិនស្គាល់មុខរបស់មីយ៉ាន់ម៉ានៅជិតតំបន់ព្រំដែនជាមួយស្រុក Sangkhla Buri នៃខេត្ត Kanchanaburi ដោយបង្ខំឲ្យជនស៊ីវិលជាង ១០០ នាក់រត់ភៀសខ្លួនចូលមកក្នុងប្រទេសថៃ ។

ប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងរណ្ដៅនៃវិបត្តិសង្គ្រាមស៊ីវិល ចាប់តាំងពីកងទ័ពធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់ពីឡើងកាន់អំណាចមក រដ្ឋាភិបាលយោធាបាននិងកំពុងប្រឈមបញ្ហាដ៏ធំបំផុត ពោលគឺកំពុងព្យាយាមតស៊ូប្រយុទ្ធនៅសមរភូមិជួរមុខជាច្រើនដើម្បីទប់ទល់នឹងការបះបោរពីសំណាក់សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងប្រទេស ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ពីក្រុមសិទ្ធិមនុស្សមីយ៉ាន់ម៉ា មនុស្សជាង ៥,០០០ នាក់ស្លាប់បាត់បង់ជីវិត ចាប់តាំងពីរដ្ឋប្រហារយោធា និងការបង្ក្រាបដោយហិង្សាលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេល ៣ ឆ្នាំមកនេះ ។ ក្នុងនោះមនុស្សជិត ២៦,000 នាក់ត្រូវបានចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំឃាំង ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កងកម្លាំងមិនស្គាល់មុខ មីយ៉ាន់ម៉ា ផ្ទុះការប្រយុទ្ធគ្នា និងបោកគ្រាប់បែកជិតព្រំដែន ថៃ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ