ព័ត៌មានអន្ដរជាតិ
តើលោក ពូទីន ធ្លាប់អញ្ជើញទៅ ចិន ប៉ុន្មានលើកហើយ ពេលណាដែលពិភពលោកចងចាំមិនភ្លេច?
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញទៅដល់ទីក្រុងប៉េកាំងហើយដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា ហើយនេះក៏ជាដំណើរហោះហើរចេញក្រៅប្រទេសលើកដំបូងរបស់បុរសខ្លាឃ្មុំទឹកកកវ័យ ៧២ ឆ្នាំរូបនេះផងដែរ ចាប់តាំងពីស្បថចូលកាន់តំណែងក្នុងអាណត្តិថ្មីបន្តកាច់ចង្កូតនាវារុស្ស៊ីរយៈពេល ៦ ឆ្នាំទៀត ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/Putin-in-China.jpg)
ទន្ទឹមនោះ ដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់ប្រទេសចិននាពេលនេះក៏ជាលើកទី ២ ផងដែរក្នុងរយៈពេលត្រឹមតែជាង ៦ ខែប៉ុណ្ណោះ ពោលបន្ទាប់ពីបស្ចិមប្រទេសបញ្ចេញកណ្ដាប់ដៃដែកដាក់ទណ្ឌកម្មមកលើទីក្រុងមូស្គូចំពោះភ្លើងសង្គ្រាមលុកលុយនៅអ៊ុយក្រែនដែលអូសបន្លាយពេលជាង ២ ឆ្នាំមកនេះ ។
ទោះយ៉ាងណា នេះមិនមែនជាលើកទី ២ ឬលើកទី ៣ នោះទេសម្រាប់លោក ពូទីន ដែលហោះមកកាន់ទឹកដីនៃប្រទេសចិននោះ ។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post (SCMP) បានឲ្យដឹងថា លោក ពូទីន បានអញ្ជើញហោះមកទីក្រុងប៉េកាំងចំនួន ១៩ ដងហើយគិតទាំងពេលនេះ ខណៈលើកដំបូងកើតមានឡើងកាលពីខែកក្កដា ឆ្នាំ ២០០០ ហើយក៏ជាពេលដែលបុរសខ្លាឃ្មុំទឹកកករូបនេះឡើងកាន់ការជាប្រធានាធិបតីរុស្ស៊ីលើកដំបូងផងដែរ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/Putin-and-Zemin.jpg)
បើតាមការចុះផ្សាយដោយកាសែតអាមេរិក New York Times បានឲ្យដឹងថា ក្នុងអំឡុងពេលនោះ លោក ពូទីន បានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន Jiang Zemin ជាមេដឹកនាំមួយរូបដែលហ៊ានថ្កោលទោសចំពោះសំណើរបស់អាមេរិកពាក់ព័ន្ធនឹងការដាក់ពង្រាយប្រព័ន្ធខែលការពារដែនអាកាសនៅអាមេរិកខាងជើង និងនៅតំបន់អាស៊ី ។
ប៉ុន្តែក្នុងចំណោមដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់ប្រទេសចិនទាំងប៉ុន្មានជើងនោះគឺមាន ១ លើកដែលទាញឲ្យពិភពលោកចងចាំមិនភ្លេចគឺកាលពីឆ្នាំ ២០២២ ។ ទីភ្នាក់ងាព័ត៌មាន Reuters បានរាយការណ៍ថា ក្រោពីបំពេញដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងរួចហើយ ជាពិសេសក្រោយពេល ចិន-រុស្ស៊ី ប្រកាសពីភាពជាដៃគូគ្មានដែនកំណត់មិនទាន់បានប៉ុន្មានស្រួលបួលផង ស្រាប់តែលោក ពូទីន លើកកម្លាំងទ័ពរាប់ម៉ឺននាក់ចូលទៅវាយលុកប្រទេសអ៊ុយក្រែនតែម្តង ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/Xi-and-Putin-10.jpg)
ងាកមកកាន់ការបំពេញទស្សនកិច្ចនាពេលនេះវិញ ក្រៅពីការបង្ហាញសាមគ្គីភាព និងរឹតចំណងទំនាក់ទំនងរវាងមហាមិត្តទាំងពីរ, ដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់ចិនលើកទី ១៩ ក៏នឹងពិភាក្សាលើបញ្ហាក្តៅជាសកលចំនួន ២ ផងដែរ ហើយនោះគឺរឿងរ៉ាវសេដ្ឋកិច្ច និងសង្គ្រាម ជាពិសេសភ្នក់ភ្លើងសង្គ្រាមអ៊ុយក្រែនតែម្តង ។
ស្របពេលជាមួយគ្នានេះ សារព័ត៌មាន Sputnik ក៏បានរាយការណ៍ដែរថា បន្ទាប់ពីជំនួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ហើយ, លោក ពូទីន ក៏នឹងអញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាង ផងដែរដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយចិន និងរុស្ស៊ី អាចនឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយរបស់ប្រមុខដឹកនាំទាំងពីរ និងលើឯកសារទ្វេភាគីមួយចំនួនទៀត ។ មិនត្រឹមប៉ុណ្ណឹង មេដឹកនាំទាំងពីរនឹងកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗបំផុត ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/Putin-and-Xi-4.jpg)
ដោយឡែក បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin វិញបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី និងលោក ពូទីន នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក៏ដូចជាលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាផលប្រយោជន៍រួម ក្នុងបរិបទនៃខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងរុស្ស៊ីផងដែរ ។
គួរបញ្ជាក់ថា លោក ស៊ី ជីនពីង ក៏ធ្លាប់បានហោះទៅកាន់ប្រទេសរុស្ស៊ីផងដែរ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ កាលពីខែមីនាឆ្នាំមុន ពោលភ្លាមៗបន្ទាប់ពីចាប់ផ្តើមអាណត្តិទី ៣ ជាប្រធានាធិបតីចិន ហើយបើនិយាយពីការជួបគ្នា មេដឹកនាំទាំងពីរបានជួបចរចាជាង ៤០ ដងមកហើយ ខណៈដែលជំនួបចាប់ដៃលើកចុងក្រោយគឺធ្វើឡើងនៅក្នុងខែតុលា ឆ្នាំ២០២៣ នៅពេលដែលលោក ពូទីន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិននៅទីក្រុងប៉េកាំង ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/05/Xi-and-Putin-13.jpg)
ដោយ ៖ សុខ ជីវ័ន្ត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?