ព័ត៌មានអន្ដរជាតិ
ថៃ ចង់រុះរើរាជធានីចេញពីបាងកក ទៅទីតាំងថ្មី
រដ្ឋាភិបាលថៃ ទំនងជាអាចពិចារណាលើគម្រោងផ្លាស់ប្ដូររាជធានីបាងកក ក៏ព្រោះតែកត្តាកើនឡើងនៃកម្រិតទឹកសមុទ្រ។ នេះបើយោងតាមលោក Pavich Kesavawong អគ្គនាយករងនៃនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថានរបស់រដ្ឋាភិបាលថៃ ថ្លែងទៅកាន់សារព័ត៌មាន AFP កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ការព្យាករ បានបង្ហាញថា បាងកកស្ថិតនៅតំបន់ទំនាបខ្លាំង ហេតុដូច្នោះហើយទើបមានហានិភ័យនៃការជន់លិចបាត់នៅក្រោមផ្ទៃសមុទ្រ នាត្រឹមចុងសតវត្សខាងមុខទៀត ខណៈដែលបច្ចុប្បន្នរាជធានីដ៏មមាញឹកនេះរមែងប្រឈមនឹងបញ្ហាគ្រោះទឹកជំនន់ រាល់ពេលខែវស្សាចូលមកដល់ម្ដងៗ។
លោក Pavich Kesavawong បានព្រមានថា បាងកកប្រហែលជាមិនអាចសម្របខ្លួនជាមួយពិភពលោក ចំពោះបញ្ហាកើនឡើងនៃកម្ដៅផែនដី។ មន្ត្រីជាន់ខ្ពស់ថៃរូបនេះ បាននិយាយថា សីតុណ្ហភាពនៅថៃ បានកើនឡើង ១,៥អង្សាសេ លើសពីលក្ខខណ្ឌកម្រិតបរិយាកាសសកល ដែលទាមទារឲ្យរដ្ឋាភិបាលត្រូវមានការពិចារណាទៅលើបម្រែបម្រួលដ៏សំខាន់នេះ។ លោក បន្តថា “ខ្ញុំស្រមៃឃើញបាងកកនឹងស្ថិតនៅក្រោមទឹករួចហើយ ប្រសិនបើយើងនៅតែស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន”។
លោក Pavich បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃបាននិងកំពុងពិចារណាអំពីការរុះរើរាជធានីចេញទៅទីតាំងផ្សេង តែការពិភាក្សាទាំងនោះស្ថិតនៅក្នុងសម្មតិកម្ម ហើយបញ្ហាត្រូវប្រឈមមានសភាពស្មុគស្មាញខ្លាំង។

យ៉ាងណាមិញ បើចំពោះគំនិតរបស់លោក Pavich វិញ លោកបានលើកឡើងថា “ខ្ញុំផ្ទាល់គិតថាវាជាជម្រើសល្អ ដូច្នេះយើងអាចបំបែករាជធានីជា២ មួយជាតំបន់រដ្ឋាភិបាល និងមួយទៀតជាតំបន់ពាណិជ្ជកម្ម។ បាងកកនឹងនៅតែជារាជធានីរដ្ឋាភិបាល ប៉ុន្តែរើចេញនូវអាជីវកម្ម”។
គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងបាងកក កន្លងមកធ្លាប់ប្រើប្រាស់វិធានការបញ្ចៀសការជន់លិចជាច្រើនមកហើយ ដូចជា ការកសាងទំនប់វារីអគ្គិសនី ជាដើម។ ទោះជាបែបនេះក្ដី វិធានការទាំងនោះ ហាក់មិនសូវអំណោយផលបានល្អសោះចំពោះរាជធានីដ៏ស៊ីវិល័យរបស់ប្រទេសថៃមួយនេះ ក៏ព្រោះតែកត្តាភូមិសាស្ត្រ និងអាកាសធាតុ។
សូមរំឭកថា ស្រដៀងគ្នានឹងប្រទេសថៃ ប្រទេសឥណ្ឌូណេស៊ីបានសម្រេចរៀបចំផ្លាស់ប្ដូររដ្ឋធានីរបស់ខ្លួន ដោយចាកចេញពីចាកាតា ទៅកាន់ទីក្រុង នូសាន់តារ៉ា (Nusantara) វិញ។ ការរើរដ្ឋធានីរបស់ឥណ្ឌូណេស៊ី ក៏ព្រោះតែកត្តាបំពុលបរិយាកាស និងការជន់លិចមិនឈប់មិនឈរដូចនៅបាងកកអ៊ីចឹងដែរ។ គម្រោងរើរដ្ឋធានីនៅឥណ្ឌូណេស៊ី នឹងចំណាយថវិកាអស់ប្រមាណ ៣២ពាន់លានដុល្លារ ដល់ ៣៥ពាន់លានដុល្លារ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា