ព័ត៌មានអន្ដរជាតិ
Breaking News! ប្រធានាធិបតី អ៊ីរ៉ង់ ស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ
ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ចំនួន ២ ដូចជា IRINN និង Mehr News បានរាយការណ៍ដូចៗគ្នានៅថ្ងៃទី២០ ខែឧសភានេះថា លោកប្រធានាធិបតី Ebrahim Raisi រួមជាមួយមន្ត្រីអ្នកមុខអ្នកការផ្សេងទៀតដែលរួមដំណើរជាមួយលោកគឺបានទទួលមរណភាពហើយ ក្រោយហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យ ។

ចំណែកសារព័ត៌មាន CNN បានបញ្ជាក់ថា លោក Raisi ត្រូវបានអមដំណើរដោយលោករដ្ឋមន្ត្រីការបរទេស Hossein Amirabdollahian, អភិបាលខេត្ត East Azerbaijan លោក Malek Rahmati, តំណាងរបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Mohammad Ali Ale-Hashem អំឡុងពេលចុះទៅតំបន់ព្រំដែន ។
ហេតុការណ៍ដ៏សោកសង្រេងនេះកើតមានឡើង នៅពេលដែលលោក Raisi អញ្ជើញហោះវិលត្រឡប់ពីដំណើរចុះទៅពិនិត្យមើលតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ នៅភាគពាយព្យប្រទេសអ៊ីរ៉ង់ ខណៈឧទ្ធម្ភាគចក្រដែលមេដឹកនាំអ៊ីរ៉ង់រូបនេះជិះគឺជាប្រភេទ Bell 212 ផលិតដោយសហរដ្ឋអាមេរិក ហើយដោយសារតែបញ្ហាអាកាសធាតុ ទើបបណ្តាលឲ្យក្រុមជួយសង្គ្រោះពិបាកធ្វើការ ដើម្បីទៅឲ្យដល់ទីតាំងធ្លាក់ ។

ទោះយ៉ាងណា យោងតាមប្រធានអឌ្ឍចន្ទក្រហមអ៊ីរ៉ង់លោក Pir-Hossein Kolivand បានប្រាប់សារព័ត៌មាន Tasnim ថា យ៉ាងហោចណាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ៧៣ នាក់កំពុងស្ថិតនៅក្នុងតំបន់នៃការធ្លាក់ឧទ្ធម្ភាគចក្រនៅជិតភូមិ Tavil ក្នុងខេត្ត East Azerbaijan របស់ប្រទេសអ៊ីរ៉ង់ ហើយពេលនេះពួកគេបានរកឃើញឧទ្ធម្ភាគចក្ររបស់លោក Raisi ហើយ និងបានបញ្ជាក់ទៀតថា អ្នកដំណើរនៅលើយន្តហោះគឺស្លាប់បាត់បង់ជីវិតទាំងអស់ ។
គួរបញ្ជាក់ថា លោក Raisi វ័យ ៦៣ ឆ្នាំបានជាប់ឆ្នោតជាប្រធានាធិបតីអ៊ីរ៉ង់ក្នុងឆ្នាំ ២០២១ ហើយចាប់តាំងពីឡើងកាន់តំណែងមក លោកបានបញ្ជាឲ្យរឹតបន្តឹងច្បាប់សីលធម៌ បើកការបង្រ្កាបបង្ហូរឈាមលើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងថែមទាំងជំរុញឲ្យមានកិច្ចចរចានុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោកថែមទៀតផង ៕

ដោយ ៖ សុខ ជីវ័ន្ត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង