Connect with us

ព័ត៌មានអន្ដរជាតិ

មហាសេដ្ឋី ឥណ្ឌា គ្រោងរៀបចំពិធី Pre-Wedding លើកទីពីរឲ្យកូនពៅ Anant នៅលើនាវាប្រណិត

បានផុស

នៅ

សារព័ត៌មាន India Herald បានរាយការណ៍ថា បុរសមានជាងគេបំផុតនៅអាស៊ីមហាសេដ្ឋីឥណ្ឌា Mukesh Ambani គ្រោងនឹងរៀបចំពិធីជប់លៀង​ឬ Pre-Wedding ឲ្យកូនប្រុសពៅជាលើកទីពីរ នៅលើនាវាប្រណិត​ ខណៈដែលអាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំនឹងប្រារព្ធនៅថ្ងៃទី ១២ខែកក្កដា។

យោងតាមរបាយការណ៍ ព្រឹត្តិការណ៍ Pre-Wedding លើកទីពីរ គ្រោងនឹងធ្វើឡើងនៅលើកប៉ាល់ទេសចរណ៍ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា។ របាយការណ៍បានបង្ហាញថា នាវាទេសចរណ៍នេះនឹងចាកចេញពីប្រទេសអ៊ីតាលី ហើយបញ្ចប់ការធ្វើដំណើររបស់ខ្លួននៅភាគខាងត្បូងប្រទេសបារាំង វានឹងគ្របដណ្តប់ចម្ងាយ ៤,៣៨០គីឡូម៉ែត្រសម្រាប់រយៈពេលបីថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ ភ្ញៀវសរុបចំនួន ៨០០ នាក់ នឹងត្រូវបានអញ្ជើញ ហើយបុគ្គលិកផ្នែកបដិសណ្ឋារកិច្ចចំនួន ៦០០នាក់នៃនាវាទេសចរណ៍នឹងមានវត្តមានដើម្បីជួយសម្រួលដល់ពិធីទាំងមូល។ មានរបាយការណ៍ផងដែរថា តារាសម្តែងភាពយន្តឥណ្ឌា Salman Khan, Shah Rukh Khan និង Aamir Khan នឹងចូលរួមពិធីជប់លៀងមុនអាពាហ៍ពិពាហ៍លើកទីពីររួមជាមួយ Ranbir Kapoor និង Alia Bhatt ដែលជាមិត្តជិតស្និទ្ធនឹងកូនប្រុសច្បងរបស់ Mukesh Akash និងប្រពន្ធ Shloka Mehta ថែមទៀត។

ថ្វីបើយ៉ាងណាក៏ដោយ កូនប្រុសពៅ Anant និង Radhika ធ្លាប់បានប្រារព្ធពិធី Pre-Wedding លើកទីមួយ កាលពីពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែមីនា នៅទីក្រុង Jamnagar ប្រទេសឥណ្ឌា។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការសំដែងរបស់សិល្បករ Barbadian pop និង R&B Rihanna ដែលគ្រួសារ Ambani បានចំណាយប្រាក់ចំនួន ៥លានផោន (៦.៣ លានដុល្លារអាមេរិក) ។ ការចំណាយសរុបសម្រាប់ការប្រារព្ធពិធីដ៏ខ្ជះខ្ជាយត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១២០ លានផោន (ប្រហែល ១៥១.៩ លានដុល្លារអាមេរិក) សម្រាប់កូនប្រុសសំណព្វចិត្ត។

ទន្ទឹមនោះដែរ ក្នុងពិធី Pre-Wedding​ កាលលើកទីមួយ មានភ្ញៀវកិត្តិយសនៅក្នុងព្រឹត្តិការណ៍នេះរួមមានប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates និងកូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump គឺ Ivanka ។

យ៉ាងណាមិញ មិនមែនជារឿងចម្លែកនោះទេ មហាសេដ្ឋី Mukesh Ambani ហ៊ានចាយប្រាក់ច្រើនសន្ធឹកនិងស្វែងរកទីតាំងពិសេសៗសម្រាប់ប្រារព្ធពិធីមង្គលការឲ្យកូនប្រុសពៅប្រចាំគ្រួសារ។ យោងតាមទស្សនាវដ្តី Forbes កាលពីថ្ងៃទី ០៦ ខែឧសភា ទ្រព្យសម្បត្តិរបស់លោកត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១១៣ពាន់លានដុល្លារ ដែលធ្វើឲ្យគាត់ក្លាយជាបុគ្គលដែលមានបំផុតនៅអាស៊ី និងជាអ្នកមានបំផុតទី១១ នៅលើពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋី Ambani គ្រោងប្រារព្ធមង្គលការកូនពៅនៅវិមាន អង់គ្លេស ដែលទិញក្នុងតម្លៃ ៧៩ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម