Connect with us

ព័ត៌មានអន្ដរជាតិ

មរណភាពរបស់ប្រធានាធិបតី អ៊ីរ៉ង់ ជះឥទ្ធិពលយ៉ាងណាដល់នយោបាយផ្ទៃ​ក្នុង និងពិភពលោក?

បានផុស

នៅ

ហេតុការណ៍ដ៏សោកសង្រេងនៃការធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យ បណ្តាលឲ្យស្លាប់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត សរុបទាំងអស់ ៩ នាក់ បានធ្វើឲ្យប្រជាជនអ៊ីរ៉ង់រន្ធត់ចិត្ត និងបង្កភាពតក់ស្លុតទូទាំងពិភពលោក ។ ដូច្នេះតើមរណភាពរបស់ប្រធានាធិបតីវ័យ ៦៣ ឆ្នាំរូបនេះ ជះឥទ្ធិពលយ៉ាងណាដល់នយោបាយផ្ទៃក្នុងរបស់អ៊ីរ៉ង់ និងពិភពលោកទាំងមូល ខណៈស្ថានការនៅមជ្ឈិមបូព៌ាកំពុងវឹកវរ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. មកដល់ពេលនេះ តើមានការបញ្ជាក់ណាមួយពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ហើយឬនៅ? ហើយសម្ព័ន្ធមិត្តអ៊ីរ៉ង់ណាខ្លះហើយបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពមេដឹកនាំអ៊ីរ៉ង់រូបនេះ?

កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ប្រទេសអ៊ីរ៉ង់បានជួបហេតុការណ៍ដ៏គួរឲ្យសោកសង្រេងមួយ គឺការធ្លាក់ឧទ្ធម្ភាគចក្រដែលបណ្ដាលឲ្យស្លាប់លោកប្រធានាធិបតី Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត សរុបទាំងអស់ ៩ នាក់ ខណៈហេតុការណ៍នេះក៏ទាញឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។

ចំណែកពាក់ព័ន្ធនឹងមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រដឹកលោកប្រធានាធិបតីអ៊ីរ៉ង់នេះដែរ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយថាបណ្ដាលមកពីអ្វីនៅឡើយទេ ប៉ុន្តែយោងតាមសារព័ត៌មានអ៊ីរ៉ង់ជាច្រើនបានចុះផ្សាយដូចៗគ្នាថា ការធ្លាក់ឧទ្ធម្ភាគចក្រដឹកលោកប្រធានាធិបតីអ៊ីរ៉ង់អាចបណ្ដាលមកពីអាកាសធាតុមិនអំណោយផល ហើយជាក់ស្ដែងនៅពេលធ្លាក់ឧទ្ធម្ភាគចក្រនោះគឺមានផ្សែងអ័ព្ទក្រាស់មើលអ្វីមិនឃើញនោះទេ ។

គួរបញ្ជាក់ថា ហេតុការណ៍ធ្លាក់យន្តហោះដឹកលោប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi កើតមានឡើងនៅតំបន់ភ្នំដាច់ស្រយាលមួយកន្លែងនៅក្នុងខេត្ត East Azerbaijan នៅពេលដែលលោកប្រធានាធិបតីអ៊ីរ៉ង់អមដំណើរដោយរដ្ឋមន្ត្រីការបរទេសអញ្ជើញហោះវិលត្រឡប់មកពីត្រួតពិនិត្យការសាងសងវារីអគ្គិសនីនៅតំបន់ព្រំដែនជាប់ជាមួយប្រទេសអាស៊ែរបៃហ្សង់ភាគពាយព្យប្រទេសអ៊ីរ៉ង់ ។

ទន្ទឹមនោះ ក្រោយមរណភាពរបស់លោក Ebrahim Raisi នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះហើយ មហាមិត្តរបស់អ៊ីរ៉ង់មួយចំនួនដូចជា រុស្ស៊ី និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសក៏បានចេញសេចក្ដីថ្លែងការណ៍ចូលរួមរំលែកទុក្ខចំពោះការបាត់បង់ប្រធានាធិបតីអ៊ីរ៉ង់រូបនេះផងដែរ ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា លោក Ebrahim Raisi គឺជាអ្នកនយោបាយដ៏ឆ្នើមមួយរូប ដែល​លះបង់​ជីវិត​ទាំង​ស្រុង​សម្រាប់​​បម្រើ​ប្រទេសជាតិ ។ លោក ពូទីន បានបញ្ជាក់ទៀតថា ក្នុង​នាម​ជា​មិត្ត​ពិត​របស់​រុស្ស៊ី លោក Raisi ​បាន​ធ្វើ​ការ​បរិច្ចាគ​​មិន​​អាច​​កាត់​ថ្លៃ​បានទៅ​លើ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​អ្នក​ជិត​ខាង​ល្អ រវាង​អ៊ីរ៉ង់ និងរុស្ស៊ី ហើយ​​បាន​ប្រឹងប្រែងយ៉ាង​ខ្លាំង​ក្លា​នាំ​​​​ទំនាក់ទំនង​នេះ​ទៅ​កាន់​កម្រិត​​នៃ​ភាព​ជា​​ដៃគូ​​យុទ្ធសាស្ត្រ ។

. ដ្បិតតែអាកាសធាតុមិនអំណោយផល ប៉ុន្តែមានឧទ្ធម្ភាគចក្រដល់ ៣ គ្រឿងដែលដឹកមន្ត្រីរដ្ឋាភិបាលទៅចូលរួមពិធីសម្ពោធវារីអគ្គិសនីនៅជិតព្រំដែនប្រទេសអាស៊ែរបែហ្សង់។ ក្នុងចំណោមនោះ ឧទ្ធម្ភាគចក្រ ២ គ្រឿងបានដឹកមន្ត្រីរដ្ឋាភិបាលមកដល់គោលដៅដោយសុវត្ថិភាព អកុសលតែឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកប្រធានធិបតី រដ្ឋមន្ត្រីការបរទេស និងអ្នកមុខអ្នកការផ្សេងទៀត បែរជាត្រូវធ្លាក់នៅក្នុងតំបន់ជួរភ្នំដាច់ស្រយាល។ បញ្ហានេះអាចជាករណីធ្វើឃាតទេ?

ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដឹកលោកប្រធានាធិបតីអ៊ីរ៉ង់ គឺដោយសារតែអាកាសមិនអំណោយផលបណ្ដាលមកពីផ្សែងអ័ព្ទក្រាស់ ប៉ុន្តែវាក៏អាចស្ថិតក្នុងមន្ទិលសង្ស័យ ឬអាចចាត់ទុកថាជាករណីធ្វើឃាតនៅពីក្រោយរឿងនេះផងដែរ ។

ការចាត់ទុកករណីនេះថាអាចជាករណីធ្វើឃាតនៅត្រង់ថា ឧទ្ធម្ភាគចក្រសរុបទាំងអស់មាន ៣ គ្រឿងទាំងហោះទៅ និងហោះមកទីតាំងសម្ពោធវារិអគ្គិសនី ប៉ុន្តែជាក់ស្ដែងមានឧទ្ធម្ភាគចក្រ ២ គ្រឿងហោះដល់គោលដៅដោយសុវត្ថិភាព តែអកុសលមានតែឧទ្ធម្ភាគចក្រដឹកលោកប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេស និងអ្នកមុខអ្នកការផ្សេងទៀតប៉ុណ្ណោះបានធ្លាក់ ។

ចំណែកមូលហេតុមួយទៀតអាចចាត់ទុកថា ការធ្លាក់ឧទ្ធម្ភាគចក្រដឹកលោក Raisi អាចជាករណីធ្វើឃាត គឺអាចដោយសារតែប្រធានាធិបតីអ៊ីរ៉ង់រូបនេះគឺជាអ្នកអភិរក្សនិយមជ្រុល ជាពិសេសគឺការចេញសេចក្ដីសម្រេចគាំទ្រឲ្យបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលលើអ៊ីស្រាអែលនៅចំពោះមុខសង្គ្រាមដែលកំពុងផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។

ទោះយ៉ាងណា អ៊ីស្រាអែលបានចេញមុខបញ្ជាក់ហើយថា អ៊ីស្រាអែលមិនជាប់ពាក់ព័ន្ធនឹងរឿងនេះនោះទេ ហើយរហូតមកដល់ពេលនេះ អ៊ីរ៉ង់ក៏មិនទាន់និយាយអ្វីពាក់ព័ន្ធនឹងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះផងដែរ ប៉ុន្តែប្រសិនបើករណីនេះជាករណីធ្វើឃាតមែននោះ ច្បាស់ណាស់ថា ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ានឹងកាន់តែក្ដៅថែមមួយកម្រិតទៀត ហើយសង្គ្រាមក៏នឹងអាចកាន់តែរីកធំផងដែរ ស្របពេលបច្ចុប្បន្នភាពវឹកវរនៅតំបន់មួយនេះក៏ដើរដល់មាត់ជ្រោះមហន្តរាយរួចទៅហើយ ។

. លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi គឺជាបុគ្គលអភិរក្សនិយមជ្រុល ហើយលោកក៏គាំទ្រសេចក្តីសម្រេចឲ្យបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលលើអ៊ីស្រាអែល ចំពេលមានសង្រ្គាមជាមួយក្រុមហាម៉ាស។ តើការស្លាប់ប្រធានាធិបតីរូបនេះនឹងធ្វើឲ្យមានការផ្លាស់ប្តូរនយោបាយផ្ទៃក្នុងរបស់អ៊ីរ៉ង់ឬយ៉ាងណា? តើនរណានឹងជំនួសតំណែងលោក Ebrahim Raisi?

ច្បាស់ណាស់ថា ការស្លាប់របស់លោក Raisi ក៏អាចនឹងនាំឲ្យមានការផ្លាស់ប្ដូរនយោបាយផ្ទៃក្នុងរបស់អ៊ីរ៉ង់ ។ ការស្លាប់របស់ប្រធានាធិបតីរូបនេះអាចនឹងបង្កផលវិបាកដល់ទំនាក់ទំនងរបស់អ៊ីរ៉ងជាមួយបណ្ដាប្រទេសដទៃក្នុងតំបន់ផងដែរ ស្របពេលដែកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កំពុងប្រឹងប្រែងយ៉ាងសស្រាក់សស្រាំដើម្បីពង្រឹងសមត្ថភាពក្នុងន័យមិនឲ្យមានសត្រូវណាមួយអាចមកឆ្លៀតឱកាសបង្កភាពវឹកវរនៅក្នុងប្រទេសអ៊ីរ៉ង់បាន ។

ការផ្លាស់ប្ដូររបត់នយោបាយផ្ទៃក្នុងនៅក្រោយការស្លាប់របស់លោក Raisi ទៀតនោះ គឺដោយសារតែមេដឹកនាំអ៊ីរ៉ង់រូបនេះជាមនុស្សម្នាក់ដែលដឹកនាំឲ្យមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសអារ៉ាប់ដូចជា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ដូច្នេះមេដឹកនាំថ្មីដែលចូលកាន់កាប់អ៊ីរ៉ង់អាចនឹងដើរផ្ទុយពីគោលនយោបាយលោក Raisi ក៏ថាបាន ។

ទោះយ៉ាងណា គណៈរដ្ឋមន្រ្តីរបស់អ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ហើយថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងបន្តកិច្ចការដោយគ្មានការំខាន និងធានាចំពោះប្រជាជាតិថា នឹងបន្តបម្រើសេចក្តីត្រូវការទាំងអស់ដោយមិនប៉ះពាល់ទៅដល់នយោបាយផ្ទៃក្នុងរបស់អ៊ីរ៉ង់នោះទេ ។

លោក Mohammad Mokhber

ចំណែកសំណួរសួរថាតើនរណានឹងជំនួសតំណែងលោក Ebrahim Raisi ក្រោយហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនោះ គឺលោកអនុប្រធានាធិបតី Mohammad Mokhber ។ លោក Mohammad Mokhber នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសអ៊ីរ៉ង់ ក្រោយការស្លាប់របស់លោក Raisi ។ តួ​នាទី​របស់​លោក Mokhber នឹង​​ត្រូវ​ចូលរួម​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​អ៊ីរ៉ង់​ចំនួន ​២ ​​​ទៀត​គឺ ប្រធាន​សភា និងស្ថាប័ន​តុលាការ ដើម្បី​​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី​ថ្មី​​នៅ​ក្នុង​រយៈពេល​ ៥០ ​ថ្ងៃ ក្រោយការស្លាប់របស់ប្រធានាធិបតី ។

ដូច​គ្នា​ទៅ​លោក Raisi ​ដែរ លោក Mokhber ក៏​​មាន​ទំនាក់​ទំនង​​យ៉ាង​ជិត​ស្និទ្ធ​​​​ជាមួយ​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់​គឺ​លោក Ali Khamenei ។ អ្នក​នយោបាយ​វ័យ​ ៦៩ ​ឆ្នាំ​រូប​នេះ បាន​ឡើង​កាន់​​តំណែង​ជា​អនុប្រធានាធិបតី​ទី​១​ នៅ​ក្នុង​ឆ្នាំ​២០២១ នៅ​ពេល​ដែល​លោក Raisi ​ជាប់​ឆ្នោត ។ លោក Mokhber គឺ​ជា​​អ្នក​ជំនាញ​​ឈាន​មុខ​មួយ​រូប​​របស់​រដ្ឋាភិបាលទី​ក្រុង​តេហេរ៉ង់ ដែល​ជួយ​​ពង្រឹង និង​រក្សា​លំនឹង​​សេដ្ឋកិច្ច​អ៊ីរ៉ង់​​ឲ្យ​​​ងើប​ឡើង​វិញ​បាន បើ​ទោះ​ជា​ទទួល​រង​ទណ្ឌកម្ម​សកល​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ ។

៤. ងាកទៅបរិបទពិភពលោកវិញ តើមរណភាពរបស់ប្រធានាធិបតីរូបនេះនឹងជះឥទ្ធិពលបែបណាដល់ពិភពលោកទាំងមូល?

មរណភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi មិនត្រឹមតែបង្កផលប៉ះពាល់ដល់ប្រទេសអ៊ីរ៉ង់តែឯងប៉ុណ្ណោះនោះទេ គឺជះឥទ្ធិពលទៅដល់ពិភពលោកតែម្ដង ជាពិសេសពាក់ព័ន្ធនឹងតម្លៃប្រេជាសកលអាចនឹងឡើងថ្លៃ ហើយជម្លោះក្នុងតំបន់មជ្ឈិមបូព៌ាអាចនឹងកាន់តែធ្ងន់ធ្ងរទៅៗក៏ថាបាន ។

អ៊ីរ៉ង់ក៏ជាប្រទេសផលិត និងនាំចេញប្រេងដ៏កំពូលមួយរូបនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ ដូច្នេះច្បាស់ណាស់ថា មរណភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់នឹងអាចទាញឲ្យតម្លៃប្រេងជាសកលឡើងថ្លៃក្នុងកម្រិតណាមួយ ។

ក្រៅពីបញ្ហាប្រេងហើយ ជម្លោះនៅតំបន់មជ្ឈិមបូព៌ាក៏អាចនឹងឡើងកម្ដៅថែមមួយកម្រិតទៀតផងដែរ ប្រសិនបើអ៊ីរ៉ង់រកឃើញតម្រុយថា ករណីធ្លាក់ឧទ្ធម្ភាគចក្ររបស់លោក Raisi គឺជាករណីធ្វើឃាតមែននោះ ។ ជាក់ស្ដែងជម្លោះក្នុងតំបន់មជ្ឈិមបូព៌ាមិនត្រឹមតែកើតមានឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ុណ្ណោះទេ ជម្លោះមួយនេះក៏កំពុងរាលដាលទៅក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ដូចជា ក្រុមហេសបូឡា និងក្រុមហ៊ូទីផងដែរ ។

អ្វីដែលកាន់តែក្ដៅទៀតគឺ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរី ដោយបានសម្លាប់មន្ត្រីជាន់ខ្ពស់នៃកងឆ្មាំបដិវត្តអ៊ីរ៉ងចំនួន ៧ រូបកាលពីខែមុន ហើយជាក់ស្ដែងយើងឃើញហើយថា អ៊ីរ៉ង់ក៏បានបើកការសងសឹងដោយប្រើយន្តហោះដ្រូន និងមីស៊ីលជាច្រើនគ្រាប់តបតទៅអ៊ីស្រាអែលវិញផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មកស្គាល់មេដឹកនាំលើពិភពលោកដែលធ្លាក់យន្តហោះស្លាប់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម