Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ធ្វើសមយុទ្ធបាញ់អាវុធនុយក្លេអ៊ែរ គំរាមលោកខាងលិចកុំឲ្យលូកដៃចូល​ជ្រៅក្នុងសង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

ក្រសួង​ការពារជាតិ​រុស្ស៊ីបាន​ប្រកាស​ចាប់ផ្តើម​ធ្វើសមយុទ្ធត្រាប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរដើម្បីបង្ហាញពីសាច់ដុំនៃកងកម្លាំងរបស់ខ្លួន ក៏ដូចជាឆ្លើយតបទៅនឹងការសម្លុតគំរាម ឬការបង្កហេតុពីសំណាក់លោកខាងលិខ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធនេះធ្វើឡើងនៅតំបន់ព្រំដែនភូមិភាគខាងត្បូង រួមទាំងផ្នែកខ្លះនៃទឹកដីអ៊ុយក្រែនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ខណៈក្នុងសមយុទ្ធនោះទៀតសោត កងទ័ពមួយចំនួនបានហ្វឹកហាត់ប្រើប្រាស់ទាំងប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង Iskander រួម​ទាំង​មីស៊ីល Kinzhal បំពាក់ជាមួយ​ក្បាល​គ្រាប់នុយក្លេអ៊ែរផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាឲ្យធ្វើសមយុទ្ធជា ៣ ដំណាក់កាល ហើយលោកក៏បានអញ្ជើញប្រធានាធិបតីបេឡារុស Alexander Lukashenko ឲ្យមកចូលរួមក្នុងសមយុទ្ធដំណាក់កាលទី២ ដោយសារតែរុស្ស៊ីក៏បានដាក់ពង្រាយអាវុធនុយក្លេអ៊ែរមួយចំនួនរួចទៅហើយនៅលើទឹកដីបេឡារុស ។

ចំណែកអ្នកវិភាគនុយក្លេអ៊ែរបានមើលឃើញថា សមយុទ្ធនេះគឺជាសញ្ញាព្រមានរបស់លោក ពូទីន ដើម្បីរារាំងលោកខាងលិចពីការលូកដៃចូលកាន់តែជ្រៅទៅក្នុងភ្លើងសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីបណ្ដាប្រទេសលោកខាងលិចបានផ្តល់អាវុធ និងការស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលទីក្រុងកៀវ ។

ទន្ទឹមនោះ សមយុទ្ធត្រាប់ការបាញ់សាកល្បងនុយក្លេអ៊ែរនៅពេលនេះគឺដើម្បីឆ្លើយតប ក៏ដូចជាធានានូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់រដ្ឋរុស្ស៊ីដោយគ្មានលក្ខខណ្ឌ ជាពិសេសគឺដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងរបស់មន្ត្រីបស្ចិមប្រទេសទាំងអស់ដែលប្រឆាំងនឹងរុស្ស៊ី ។

ជាក់ស្ដែង ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៦ ខែឧសភាថា សមយុទ្ធនេះគឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីបារាំង Emmanuel Macron ដែលបានស្នើឲ្យបញ្ជូនទាហានអឺរ៉ុបទៅកាន់អ៊ុយក្រែន ។ ក្រសួងថែមទាំង​ចង្អុលចំ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស David Cameron បន្ទាប់ពីហារមាត់និយាយថា ទាហាន​អ៊ុយក្រែន​អាច​ប្រើ​អាវុធ​របស់​អង់គ្លេស​ដើម្បី​វាយប្រហារ​លើទឹកដី​រុស្ស៊ីបាន ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អ្នកជំនាញ ចិន បញ្ជាក់ប្រាប់ពីអត្ថន័យនៃជំនួបកំពូល ស៊ី-ពូទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម