ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានចិន កុំយកការឡើងកាន់តំណែងមេដឹកនាំតៃវ៉ាន់ថ្មី ជាលេសបង្ករឿង
សហរដ្ឋអាមេរិក បានជំរុញយ៉ាងខ្លាំងឲ្យប្រទេសចិនបង្ហាញពីភាពអត់ធ្មត់ បន្ទាប់ពីមហាយក្សនៅអាស៊ីមួយនេះបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ក្រោយការឡើងកាន់តំណែងប្រធានាធិបតីថ្មី។ អាមេរិកបានចាត់ទុកទង្វើក្រុងប៉េកាំងគឺជា សកម្មភាពយ៉ាង “ព្រហើន”។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AFP កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

មន្ត្រីរដ្ឋបាលលោក ចូ បៃឌិន បាននិយាយថា ក្រុងវ៉ាស៊ីនតោន បានកត់សម្គាល់ដោយក្ដីបារម្ភ ហើយកំពុងតាមដានយ៉ាងដិតដល់ចំពោះសមយុទ្ធ ដែលចិនបាននិយាយថាជា ការដាក់ទណ្ឌកម្មចំពោះសុន្ទរកថារបស់លោក Lai Ching-te ប្រធានាធិបតីថ្មីនៅតៃវ៉ាន់។ បន្ថែមពីនេះ សហរដ្ឋអាមេរិកបានព្រមានចំៗដាក់ចិនថា កុំប្រើការផ្លាស់ប្ដូរនយោបាយរបស់តៃវ៉ាន់ ធ្វើជាលេសដើម្បីបង្ករឿង ឬការបង្ខិតបង្ខំ។
អាមេរិក បានបន្ថែមថា សកម្មភាពចិន មានភាពព្រហើន បង្កជាហានិភ័យ និងធ្វើឲ្យខូចបទដ្ឋានរក្សាសន្តិភាព និងស្ថិរភាពដែលមានតាំងពីយូរអង្វែងអស់រយៈពេលជាច្រើនទសវត្សមកហើយ។
ឧត្តមសេនីយឯក Stephen Sklenka មេបញ្ជាការរងនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានប្រាប់ថា សមយុទ្ធរបស់ចិនត្រូវគេរំពឹងដឹងទុកមុនរួចមកហើយ ប៉ុន្តែវានៅតែជារឿងគួរឲ្យព្រួយបារម្ភ។ លោកបន្តថា ទោះជាអាមេរិកដឹងមុនក៏ដោយ ក៏មិនមែនបានន័យថា អាមេរិកមិនគួរថ្កោលទោសចិននោះទេ គឺអាមេរិកត្រូវតែថ្កោលទោសចិនជាសាធារណៈតែម្ដង។ លោក Sklenka ក៏បាននិយាយទៀតដែរថា ប្រទេសផ្សេងៗក្រៅពីអាមេរិក ក៏គួរតែនិយាយប្រឆាំងនឹងសមយុទ្ធរបស់ចិននេះដែរ។

ចិនធ្វើសមយុទ្ធ ក្រោយលោក Lai បានថ្លែងក្នុងសុន្ទរកថាទទួលតំណែងថ្មីកាលពីថ្ងៃទី២០ឧសភា ថា តៃវ៉ានត្រូវតែស្វែងរកដំណោះស្រាយ ដើម្បីការពារជាតិរបស់ខ្លួន។ រដ្ឋាភិបាលក្រុងប៉េកាំង ដែលទាមទារតៃវ៉ាន់មកគ្រប់គ្រង បានចាត់ទុកសុន្ទរកថារបស់លោក Lai គឺជា “ការសារភាពចង់បានឯករាជ្យភាព”។
ទាំងចិន ទាំងអាមេរិក បានកំពុងនិងព្យាយាមស្ដារនូវទំនាក់ទំនងជាមួយគ្នាឡើងវិញ កាលពីពេលថ្មីៗកន្លងទៅ។ តួយ៉ាងដូចជា ការបង្កើតឲ្យមានជំនួបរវាងលោកប្រធានាធិបតី ចូ បៃឌិន និងលោក ស៊ី ជីនពីង នៅរដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំ២០២៣។ ទោះជាបែបនេះក្ដី តៃវ៉ាន់នៅតែជាប្រភពបញ្ហានៃភាពតានតឹងដោះស្រាយមិនចេញដដែលរវាងប្រទេសទាំង២។

សូមរំឭកថា យោធាចិន បានចាប់ផ្ដើមសមយុទ្ធរយៈពេល២ថ្ងៃ នៅជុំវិញតៃវ៉ាន់ ក្រោយដែនកោះនេះទើបរៀបចំប្រារព្ធពិធីស្បថឡើងកាន់តំណែងប្រធានាធិបតីថ្មី កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ។ ចិនបានហៅសមយុទ្ធនេះថាជា “សមយុទ្ធដាក់ទណ្ឌកម្ម” ហើយចាត់ទុកលោក Lai Ching-te មេដឹកនាំតៃវ៉ាន់ គឺជាជនផ្ដាច់ខ្លួននិយម ដែលតែងតែជំទាស់នឹងសកម្មភាពរបស់ចិន។
សមយុទ្ធរបស់ចិន ធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឧសភានេះ នៅកន្លែងជាច្រើនជុំវិញតៃវ៉ាន់ ដូចជានៅច្រកសមុទ្រតៃវ៉ាន់, ភាគខាងត្បូង និងភាគខាងកើតកោះតៃវ៉ាន់ ព្រមទាំងតំបន់ឡោមព័ទ្ធកោះ Kinmen, កោះ Matsu, កោះ Wuqiu និង កោះ Dongyin ដែលគ្រប់គ្រងដោយតៃវ៉ាន។ កងទ័ពរំដោះប្រជាជនចិន បាននិយាយថា សមយុទ្ធនេះមានទាំងកងទ័ព កងកម្លាំងអាកាស និងកងកម្លាំងរ៉ុក្កែត ហើយផ្ដោតសំខាន់លើការត្បាតត្រៀមប្រយុទ្ធតាមផ្លូវអាកាស ការវាយប្រហារឲ្យចំគោលដៅសំខាន់ៗ ក៏ដូចជាការធ្វើប្រតិបត្តិការទាំងក្នុងនិងក្រៅកោះតៃវ៉ាន់ ដើម្បីសាកល្បង “សមត្ថភាពប្រយុទ្ធពិតៗរួមគ្នា” នៃកងកម្លាំងទាំងអស់របស់ចិន។

ជាការឆ្លើយតប តៃវ៉ាន់ បានប្រកាសធ្វើការថ្កោលទោសសមយុទ្ធយោធារបស់ក្រុងប៉េកាំង ហើយចាត់ទុកទង្វើនេះថាជា “ការបង្កហេតុមិនសមទំនង” ទាល់តែសោះ។ តៃវ៉ាន់បានបញ្ជូនកងកម្លាំងទៅតំបន់ជុំវិញដែនកោះរបស់ខ្លួន ព្រមទាំងអះអាងថា ខ្លួនមានទំនុកចិត្តអាចការពារអធិបតេយ្យភាពខ្លួនឯងបាន ព្រោះសមយុទ្ធរបស់ចិនគឺស្ថិតនៅក្នុងសេណារីយ៉ូ ដែលតៃវ៉ាន់ធ្លាប់គិតទុកមុនរួចមកហើយ ដូច្នេះរដ្ឋាភិបាលដែនកោះមួយនេះអាចដឹងច្បាស់ពីរាល់សកម្មភាពរបស់យោធាចិន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ