ព័ត៌មានអន្ដរជាតិ
សមាជិកសភាបក្សប្រឆាំងថៃ ជាប់គុក២ឆ្នាំពីបទប្រមាថស្ដេច
តុលាការខេត្ត Thanyaburi បានសម្រេចកាត់ទោសឲ្យសមាជិកសភាគណបក្សឆ្ពោះទៅមុខមួយរូបគឺអ្នកស្រី Chonthicha Jangrew ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទបរិហារកេរ្តិ៍ខ្សែរាជវង្ស តាមមាត្រ១១២នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃចន្ទនេះ តុលាការដំបូងឡើយកាត់ទោសអ្នកស្រី Chonthicha ជាប់ទោស៣ឆ្នាំ តែត្រូវបន្ថយមកត្រឹម២ឆ្នាំ ព្រោះតែការសហការល្អរបស់អ្នកស្រីនៅក្នុងតុលាការ។ យ៉ាងណាមិញ ទោសនេះមិនអាចព្យួរបាននោះទេ។ ចំពោះបណ្ដឹងចោទប្រកាន់មួយទៀត ដែលពាក់ព័ន្ធនឹងការប្រមូលផ្ដុំសាធារណៈដោយខុសច្បាប់របស់សមាជិកគណបក្សប្រឆាំងរូបនេះ ត្រូវបានលើកលែងទោស។
ដើមចមនៃទោសទណ្ឌរបស់អ្នកស្រី Chonthicha កើតចេញពីសន្ទរកថាមួយកាលពីឆ្នាំ២០២១កន្លងទៅ ដែលទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់។ ផ្នែកមួយក្នុងសន្ទរកថារបស់អ្នកស្រី បានលើកឡើងពីក្ដីព្រួយបារម្ភអំពីរបបយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលអាចនឹងកែប្រែច្បាប់ផ្ដល់អំណាចកាន់តែខ្លាំងឲ្យព្រះមហាក្សត្រថៃ Vajiralongkorn គ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់នៃរាជវាំង។
តុលាការថៃ បានបញ្ជាក់ថា សម្ដីរបស់អ្នកស្រី Chonthicha អាចធ្វើឲ្យមហាជនភាន់ច្រឡំ ដោយយល់ថា ស្ដេច Vajiralongkorn អាចចំណាយលុយរដ្ឋដែលប្រជារាស្ត្រខំបង់ពន្ធ យកទៅប្រើលើរឿងបុគ្គល ក៏ដូចជាប្រើប្រាស់នូវអំណាចទ្រង់ជ្រៀតជ្រែកនៅក្នុងឆាកនយោបាយ។ ប្រការនេះអាចបំផ្លាញនូវព្រះកត្តិយសរបស់ព្រះមហាក្សត្រ។

ការធានាខ្លួនអ្នកស្រី Chonthicha មិនត្រូវបានអនុញ្ញាតឡើយ ហើយអ្នកស្រីត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារតែម្ដងបន្ទាប់ពីក្ដីទោសរួច។ ចំណែកឯតំណែងក្នុងនាមជាសមាជិកសភារបស់អ្នកស្រីក៏ត្រូវបានដកចេញភ្លាមៗនោះដែរ។
សូមបញ្ជាក់ថា អ្នកស្រី Chonthicha គឺជាបុគ្គលម្នាក់ក្នុងចំណោមសមាជិកសភាបក្សប្រឆាំងចំនួន៣រូប ដែលត្រូវបានតុលាការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។ បណ្ដឹង២មុន មានដូចជា អ្នកស្រី Rukchanok Srinork និងលោក Piyarat “Toto” Jongthep។

អ្នកស្រី Rukchanok ត្រូវបានកាត់ទោសកាលពីខែធ្នូ ឆ្នាំ២០២៣ ឲ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ និងឧក្រិដ្ឋកម្មកុំព្យូទ័រនៅលើបណ្ដាញសង្គមចំពោះការបញ្ចេញមតិរបស់អ្នកស្រីនៅចន្លោះថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។ យ៉ាងណាមិញ បច្ចុប្បន្ន អ្នកស្រីត្រូវធានាឲ្យនៅក្រៅឃុំ ខណៈអ្នកស្រីបានធ្វើបណ្ដឹងឧទ្ធរណ៍។
ដោយឡែកចំពោះលោក Piyarat គឺបានជាប់បណ្ដឹងចំនួន៣ ក្រោមមាត្រា១១២ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់លោកធ្វើជាមេដឹកនាំចលនាក្រុម WeVo ប្រឆាំងរដ្ឋាភិបាលក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?