ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកំពូលត្រីភាគី ចិន ជប៉ុន កូរ៉េខាងត្បូង ចេញសេចក្ដីថ្លែងការណ៍រួម បន្តដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ
កិច្ចប្រជុំកំពូលត្រីភាគីរវាងនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio, នាយករដ្ឋមន្ត្រីចិន Li Qiang និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ដែលរៀបចំឡើងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទបានចេញសេចក្ដីថ្លែងការណ៍រួមមួយគឺការបន្តកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានពាក់ព័ន្ធការដោះស្រាយផ្នែកនយោបាយលើបញ្ហានៃឧបទ្វីបកូរ៉េ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ ។
សេចក្ដីថ្លែងការណ៍រួមនោះបានឲ្យដឹងថា មេដឹកនាំជប៉ុន ចិន និងកូរ៉េខាងត្បូងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តចំពោះគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាដើម្បីសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋ និងច្បាប់អន្តរជាតិ ហើយមេដឹកនាំទាំងបីបានឯកភាពគ្នាថា កិច្ចប្រជុំកំពូល និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគី គួរតែត្រូវបានធ្វើឡើងជាប្រចាំ ដោយមិនមានការផ្អាកណាមួយឡើយ ។
ទន្ទឹមនោះ មេដឹកនាំទាំងបីក៏បានសន្យាកំណត់ និងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៦ ដូចជា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន, ការអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមទាំងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម, សុខភាពសាធារណៈ និងសង្គមមនុស្សចាស់, កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងការផ្លាស់ប្តូរឌីជីថល ក៏ដូចជាជំនួយសង្គ្រោះ និងសុវត្ថិភាពគ្រោះមហន្តរាយ ។
សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា ប្រទេសទាំងបីនឹងកំណត់យកឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមប្រទេសទាំងបី ទន្ទឹមនឹងកិច្ចខិតខំបង្កើនចំនួននៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនត្រីភាគីឡើងដល់ ៤០ លាននាក់នៅឆ្នាំ ២០៣០ តាមរយៈវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតជាដើម ។
ស្របពេលជាមួយគ្នានេះ មេដឹកនាំទាំងបីក៏បានឯកភាពរក្សាកិច្ចពិភាក្សាដើម្បីពន្លឿនការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគី ជាមួយនឹងគោលដៅសម្រេចបាននូវសេរី យុត្តិធម៌ សមត្ថភាព ទេពកោសល្យ គុណភាពខ្ពស់ និងផលប្រយោជន៍ទៅវិញទៅមក ។
បន្ថែមពីនេះ មេដឹកនាំទាំងបីក៏បានបញ្ជាក់សារជាថ្មីលើការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅឧបទ្វីបកូរ៉េ ក៏ដូចជានៅតំបន់អាស៊ីឦសានដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងបី និងជាទំនួលខុសត្រូវរួមដែលត្រូវចែករំលែក ជាពិសេសមេដឹកនាំទាំងនោះបានរំលឹកឡើងវិញនូវគោលជំហរលើសន្តិភាព និងស្ថិរភាពក្នុងតំបន់ ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងបញ្ហាចាប់ពង្រត់ផងដែរ ។
គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងត្បូង ចិន និងជប៉ុនបានរៀបចំកិច្ចប្រជុំកំពូលត្រីភាគីនៅទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទ ទី២៧ ខែឧសភា ហើយនេះក៏ជាកិច្ចប្រជុំកំពូលលើកដំបូងផងដែរសម្រាប់ប្រទេសដែលជាប់ភូមិផងរបងជាមួយគ្នាទាំងបីនេះ បន្ទាប់ពីអាក់ខានអស់រយៈពេលជិត ៥ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៩ មក ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ រួមជាមួយនឹងជម្លោះការទូតជាដើម ៕
ដោយ ៖ សុខ ជីវ័ន្ត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ