ព័ត៌មានអន្ដរជាតិ
ចិន គាំទ្រពេញទំហឹងលើដំណោះស្រាយរដ្ឋ២ ចំពោះសង្គ្រាមអ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន
លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានស្នើឲ្យមានដំណោះស្រាយរដ្ឋ២ ដើម្បីពន្លត់ភ្លើងសង្គ្រាមរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន។ ប្រសាសន៍របស់មេដឹកនាំចិនរូបនេះ ធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីនៃវេទិកាសហប្រតិបត្តិការរដ្ឋចិន-អារ៉ាប់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
ទន្ទឹមនោះដែរ លោក ស៊ី ជីនពីង ក៏បានអំពាវនាវឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្គាហ្សា និងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធក្រោយសង្គ្រាម។ លោកបានកត់សម្គាល់ថា បញ្ហាសង្គ្រាមរ៉ាំរ៉ៃរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន បានទាញឲ្យប្រជាជនស្លូតត្រង់ជាច្រើនធ្លាក់ចូលក្នុងស្ថានភាពទុក្ខសោកវេទនា។ ប្រការនេះហើយទើបលោកចង់ឲ្យមានដំណោះស្រាយយុត្តិធម៌ និងបទឈប់បាញ់គ្នា។
មេដឹកនាំវ័យ៧០ឆ្នាំរូបនេះ បាននិយាយទៀតថា “សង្គ្រាមមិនគួរបន្តដោយគ្មានដែនកំណត់ទេ។ យុត្តិធម៌មិនគួរអវត្តមានជារៀងរហូតនោះដែរ។ ការប្ដេជ្ញាចិត្តឲ្យមានដំណោះស្រាយរដ្ឋ២ មិនគួរត្រូវបានរំសាយឡើយ”។
ចិន បានបង្ហាញការគាំទ្រខ្លាំងចំពោះការបង្កើតឲ្យមានរដ្ឋឯករាជ្យប៉ាឡេស្ទីន ដោយទទួលបានអធិបតេយ្យភាពពេញលេញ ផ្អែកតាមផែនទីព្រំដែនឆ្នាំ១៩៦៧ ដែលមានក្រុងយេរ៉ូសាឡឹមខាងកើតជារដ្ឋធានី។ បន្ថែមពីនេះ មហាយក្សចិន ក៏បានគាំទ្រឲ្យប៉ាឡេស្ទីនចូលជាសមាជិកពេញលេញនៅអង្គការសហប្រជាជាតិ និងគាំទ្រដល់សន្និសីទសន្ដិភាពអន្តរជាតិ ដែលមានមូលដ្ឋានទូលំទូលាយ មានសិទ្ធិអំណាច និងមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយស្ថានភាពកម្ដៅក្នុងជម្លោះរវាងភាគីទាំងសងខាង។
មេដឹកនាំចិន បានប្រកាសផ្ដល់ថវិកាចំនួនប្រហែល ៧០លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌នៅហ្គាហ្សា បន្ថែមពីលើកញ្ចប់ជំនួយលើកមុនដែលមានចំនួន ១៣,៨លានដុល្លារ។ លោកក៏បានសន្យាផ្ដល់នូវការបរិច្ចាគចំនួន ៣លានដុល្លារ សម្រាប់ភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ Near East ដើម្បីគាំទ្រជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់នៅហ្គាហ្សា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ