ព័ត៌មានអន្ដរជាតិ
អាមេរិក បង្ហាញផែនការបទឈប់បាញ់ ៣ ដំណាក់កាលរបស់ អ៊ីស្រាអែល ឯក្រុមហាម៉ាសបើកភ្លើងខៀវទទួលយក
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញផែនការ ៣ ដំណាក់កាលថ្មីរបស់អ៊ីស្រាអែលពាក់ព័ន្ធនឹងបទឈប់បាញ់ក្នុងភ្លើងសង្គ្រាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ខណៈចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះក៏បើកភ្លើងខៀវទទួលយកផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ។

លោក Biden បាននិយាយថា “ក្នុងចំណោមដំណាក់កាលទាំងបី គឺដំណាក់កាលដំបូងនឹងមានរយៈពេលច្រើនសប្តាហ៍ ហើយក្នុងនោះរួមមាន បទឈប់បាញ់ពេញលេញ, ការដកកងកម្លាំងអ៊ីស្រាអែលចេញពីទីកន្លែងដែលមានប្រជាជនរស់នៅទាំងអស់នៃតំបន់ហ្គាហ្សា, ការប្រគល់ចំណាប់ខ្មាំងរួមមានស្ត្រី មនុស្សចាស់ និងអ្នករបួស ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន” ។
ចំណែកក្នុងដំណាក់កាលទី ២ នឹងមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ និងបញ្ឈប់ការប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍ ហើយដំណាក់កាលចុងក្រោយគឺជាផែនការកសាងតំបន់ដែលបំផ្លិចបំផ្លាញឡើងវិញ ខណៈសំណើដែលដាក់ចេញដោយអ៊ីស្រាអែលក៏ត្រូវបានបញ្ជូនទៅដល់ដៃក្រុមហាម៉ាស់តាមរយៈអន្តរការីកាតារួចរាល់ហើយផងដែរ ។

លោកប្រធានាធិបតីលើកឡើងទៀតថា ផែនការ ៣ ដំណាក់កាលនេះគឺជាដំណោះស្រាយនយោបាយដ៏ល្អប្រសើរមួយឆ្ពោះទៅរកអនាគតសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយវាក៏ដល់ពេលវេលាសម្រាប់ចាក់ទឹកពន្លត់ភ្លើងសង្គ្រាមដែលអូសបន្លាយពេលជិត ៨ ខែមកនេះផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ក្រុមហាម៉ាសក៏សម្របខ្លួនទៅនឹងខ្លឹមសារនៃសុន្ទរកថារបស់លោក Biden ផងដែរ ។ ចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងបង្ហាញសញ្ញាវិជ្ជមានលើសំណើទាំងអស់ ប្រសិនបើអ៊ីស្រាអែលពិតជាប្តេជ្ញាចិត្តយ៉ាងជាក់ច្បាស់តាមអ្វីដែលខ្លួនដាក់ចេញមកប្រាកដមែន ។

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានអនុញ្ញាតឲ្យក្រុមចរចាធ្វើតាមលក្ខខណ្ឌពីដំណាក់កាលមួយទៅដំណាក់កាលមួយរួចហើយផងដែរ ប៉ុន្តែសង្រ្គាមនឹងមិនបញ្ចប់នោះទេ ដរាបណាគោលដៅទាំងអស់មិនទាន់អាចសម្រេចបានតាមចិត្តចង់ ជាពិសេសគឺការកម្ចាត់ក្រុមហាម៉ាស និងការវិលត្រឡប់របស់ចំណាប់ខ្មាំងទាំងអស់ជាដើម ។
ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ៧ តុលា ២០២៣ មក អ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្អាកបទឈប់បាញ់តែម្ដងគត់គឺកាលពីចុងខែវិច្ឆិកាដែលមានសុពលភាពរយៈពេល ៧ ថ្ងៃ ។ ប៉ុន្តែបទឈប់បាញ់មួយនេះមិនគាប់តាមចិត្តប្រាថ្នានោះឡើយ ពោលចាប់ពីថ្ងៃទី១ ខែធ្នូមក ភាគីទាំងពីរនៅតែផ្ទុះជម្លោះដាក់គ្នា ខណៈរហូតមកដល់ពេលនេះចាយពេលជិត ៨ ខែទៅហើយ និងមានអ្នកស្លាប់បាត់ជីវិតជាង ៣៦,០០០ នាក់ ។

យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែឧសភា មនុស្សប្រមាណ ៦០ ម៉ឺននាក់ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅចេញពីទីក្រុង Rafah ដោយសារតែយុទ្ធនាការផ្ដល់ស្បៀងអាហារ ទឹក និងថ្នាំសង្កូវមិនអាចចូលទៅរួចឡើយ ស្របពេលដែលមន្ទីរពេទ្យក្នុងតំបន់ក៏ប្រកាសអស់ប្រេងឥន្ធនៈប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតផងដែរ ដោយសារតែការរារាំងពីសំណាក់កងទ័ពអ៊ីស្រាអែល ។
គួរបញ្ជាក់ថា ក្រៅពីមានអ្នកស្លាប់បាត់បង់ជីវិតក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ ការវាយប្រហាររបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលា ២០២៣ មកក៏បណ្ដាលឲ្យមនុស្សជាង ៨២,០០០ នាក់បានរងរបួស ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សប្រមាណ ១,២០០ នាក់បានស្លាប់បាត់បង់ជីវិតផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ទោះមានសង្គ្រាមនៅ អ៊ុយក្រែន និងហ្គាហ្សា តែ អាមេរិក ក៏មិនភ្លេចពង្រឹងសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?